សៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងត្រូវបានដួលរាបដល់ដី និងប៉ើងដំបូលផ្ទះអស់៦ខ្នងទៀតនៅស្រុកវ៉ារិន បន្ទាប់ពីមានខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងកាលពីវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ស្ថិតនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានដឹកនាំកម្លាំង នគរបាលស្រុកចំនួន១៥នាក់ ចុះទៅជួយជួសជុល និងជួយរៀបចំឥវ៉ាន់ ដែលរងការខូចខាត និងជួយចងតង់ជូនពួកគាត់ ព្រោះរដូវនេះជារដូវវស្សា ពួកគាត់មានការលំបាក។ លោកបន្តថា នៅល្ងាចថ្ងៃទី១៩ ម្សិលមិញមានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងភូមិស្វាយស ធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១ខ្នងដួលរាបដល់ដី និងប៉ើងដំបូលផ្ទះអស់៦ខ្នង ប៉ុន្តែនៅក្នុងហេតុការណ៍នោះមិនមានអ្នករងរបួសនោះទេ។ លោកបន្តថា នៅព្រឹកថ្ងៃទី២០ ខែសីហានេះកម្លាំងនគរបាលស្រុកវ៉ានរិនបានបន្តចុះជួយជួសជុលទៀត ដើម្បីឲ្យពលរដ្ឋទទួលបានភាពកក់ក្តៅ។ លោកបន្ថែមថា ផ្ទះពលរដ្ឋ ដែលដួលរលំនោះ មានឈ្មោះហាប់ វន់អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះដាស ឈីអាយុ៣៨ឆ្នាំ។ លោកបន្ថែមថា ផ្ទះប៉ើងដំបូលទាំង៦ខ្នងនោះមានទី១. ឈ្មោះឡឹក ឆុលអាយុ៤១ឆ្នាំ ទី២.ហ៊ឹម ណុលអាយុ៤៤ ឆ្នាំទី៣. ឈ្មោះឡាយ ទុំ អាយុ៣៧ឆ្នាំទី៤. ឈ្មោះរី ផរ អាយុ៥៥ឆ្នាំ ទី៥. ឡែម ឡើម អាយុ៤០ឆ្នាំ ទី៦. ធន់ សំបឿន អាយុ៣៧។ អ្នកទាំងនោះជាពលរដ្ឋរស់នៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន។
បច្ចុប្បន្ននេះពលរដ្ឋកំពុងនាំជួសជុលផ្ទះឡើងវិញ ហើយពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរដែនដីជួយដល់គ្រួសាររបស់ពួកគាត់ផង ព្រោះពេលនេះពួកគាត់ត្រូវការជំនួយ និងមានអ្នកលើកទឹកចិត្ត៕
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋអស់៧ខ្នងនៅស្រុកវ៉ារិន
0 Comments