ភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ រួមទាំងវត្ថុតាងសារធាតុញៀនប្រភេទម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន០២កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំខណ្ឌដូនពេញធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យរូបនេះកំពុងតែដើរបម្រុងធ្វើសកម្មភាពចែកចាយថ្នាំញៀនបន្តទៀត ក៏ប្រទះជួបនឹងកម្លាំងល្បាត ក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃើញជាក់ស្ដែងតែម្ដង។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង២០នាទីឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បរិវេណវត្តភ្នំចំហៀងខាងជើង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុំ វិចិត្ត ភេទប្រុសអាយុ៣២ឆ្នាំ ពុំមានមុខរបរនិងទីលំនៅពិតប្រាកដ ត្រូវបានដកហូតវត្ថតាងថ្នាំញៀនម៉ាទឹកកក២កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំខណ្ឌបានទទួលការបញ្ជាពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដាក់បញ្ជាឲ្យមន្ត្រីនគរបាលមូលដ្ឋានក្នុងខណ្ឌដូនពេញ សហការជាមួយនគរបាល មន្ត្រីនគរបាលព្រហ្មទណ្ឌ ធ្វើការល្បាតដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងដូចជា ករណីលួច ឆក់ ប្លន់ លុះជិះមកដល់ចំណុចកើតហេតុខាងលើបានប្រទះជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការ
សង្ស័យ ក៏ឃាត់ខ្លួនសាកសួរ និងឆែកឆេរ ស្រាប់តែឃើញ មានសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច រួចបញ្ជូនមកសួរនាំនៅប៉ុស្តិ៍តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតម៉ាទឹកកក២កញ្ចប់
0 Comments