Ad Code

ប្រជាពលរដ្ឋ ស្នើ​ឱ្យ​រដ្ឋបាល​សាលាខេត្ត ​និង​អង្គភាព​អគ្គិសនី​ជួយ​មើល​ភ្លើង​ពេលយប់​ក្នុង​ក្រុង​ផង​

មណ្ឌលគិរី ៖​វិស័យ​នានា​នៅ​ក្រុង​សែន​មនោ​រម្យ​នា​ពេល​បច្ចុប្បន្ននេះ ​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​​នៅ​លើ​ទឹកដី​មួយ​នេះ​គួរ​ឱ្យ​កត់​សម្គាល់ និង​ជា​តំបន់​មួយ​សម្រាប់​ការ​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ។ តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​នោះ​ គឺ​នៅ​ពេលយប់​ ក្នុង​ក្រុង​សែន​មនោរម្យ​ តាម​សួន​កម្សាន្ត​នានា​ ក្នុង​ក្រុង​មួយ​នេះ​ចំណុច​មួយ​ចំនួន​ងងឹត​គ្មាន​ភ្លើង​សម្រាប់​បំភ្លឺ​ពេលយប់ ដើម្បី​សោភ័ណភាព​ក្រុង។ បញ្ហា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋបាល​សាលាខេត្ត​ និង​អង្គភាព​អគ្គិសនី​ដែល​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​លើ​បញ្ហា​នេះ​បែរជា​មើល​រំលង​ទៅវិញ។

ប្រជាពលរដ្ឋ​ក្នុង​សែន​មនោ​រម្យ រួម​ទាំង​មន្ត្រីរាជការ​នៅ​ក្នុង​តំបន់​នេះ​ដែរ​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកទទួលខុសត្រូវ​លើ​បញ្ហា​ភ្លើង​ក្នុង​ក្រុង​នេះ ​គឺ​សាលាខេត្ត​ជា​អ្នកផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ និង​ថវិកា ​រីឯ​ខាង​អង្គភាព​អគ្គិសនី​ជា​អ្នកផ្គត់ផ្គង់​ខាង​ចរន្ត​ភ្លើង។ ចម្ងល់​របស់​មតិ​សាធារណជន​បាន​ចោទ​សួរ​ថា បញ្ហា​គ្មាន​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ក្រុង​មួយ​នេះ​ តើ​បណ្ដាល​មក​ពី​កត្តា​អ្វីខ្លះ​? ឬមួយ​សាលាខេត្ត​ និង​អង្គភាព​អគ្គិសនី​ខេត្ត​នេះ​រួមគ្នា​ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ​ថវិកា បានជា​ទុក​ឱ្យ​ក្រុង​មួយ​នេះ​ងងឹត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត។​ ដោយឡែក​ជា​រៀងរាល់ថ្ងៃ ​ភ្លើង​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​នៅ​ខេត្ត​មណ្ឌលគិរី ជា​ញឹកញាប់​ឧស្សាហ៍​ដាច់​ភ្លើង​ណាស់ រំខាន​ដល់​ការ​រកស៊ី​របស់​បងប្អូន​អាជីវករ ម្យ៉ាងវិញទៀត​រាល់​សម្ភារៈ​ដែល​ប្រើប្រាស់​ដោយ​ចរន្ត​អគ្គិសនី​ក៏​មាន​ការខូចខាត​យ៉ាង​ច្រើន​ទៀត​ផង។​ ដោយ​មានការ​ខ្សឹបខ្សៀវ​គ្នា​ពី​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​នេះ​បាន​នាំ​និយាយ​ថា លោក ផាន់ កុសល ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី​ចូល​មក​កាន់​ដំណែង​ថ្មី​នៅ​មណ្ឌលគិរី​នេះ​ គឺ​ប្រហែលជា​គាត់​មាន​ខ្សែ​ធំៗ​ណាស់​នៅ​ក្រោយ​ខ្នង​ ព្រោះ​ប្រធាន​អង្គភាព​រូបនេះ​កន្លងមក​ បើ​ទោះ​បី​មានការ​ចុះផ្សាយ​របស់​កាសែត​ និង​ទូរទស្សន៍​ជាច្រើន​នៅ​ភាព​អសកម្ម​របស់​រូបគាត់ គាត់​មិន​ខ្ចី​ឈឺក្បាល​វិលមុខ​ឡើយ​ ចង់​ផ្សាយ​អី​ផ្សាយ​ទៅ ​ស្រេច​តែ​នឹង​ចិត្ត​ទៅ។

ទាក់ទង​នឹង​បញ្ហា​នេះ ​លោក​ ឡុង វិបុល អភិបាលក្រុង​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥​វេលា​ម៉ោង​១៥​និង​៥៤​នាទី​នេះ​ថា​ បញ្ហា​រឿង​ចរន្ត​អគ្គិសនី​នេះ​វា​ហួស​ដែន​សមត្ថកិច្ច​របស់​គាត់​ហើយ។​

លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រឿង​បញ្ហា​ភ្លើង​អគ្គិសនី​សម្រាប់​បំភ្លឺ​នៅ​បង្គោល​ភ្លើង​តាម​សួន​ភ្លឺ​តែ​ចំនួន​០៣​បង្គោល​នេះ ​លោក​កំពុង​ចាត់​ចែង​ឱ្យ​ខាង​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ហើយ៕
Pisey-2015-08-06-full-Z50

Pisey-2015-08-06-full-Z51

Pisey-2015-08-06-full-Z55

Pisey-2015-08-06-full-Z57
ប្រជាពលរដ្ឋ ស្នើ​ឱ្យ​រដ្ឋបាល​សាលាខេត្ត ​និង​អង្គភាព​អគ្គិសនី​ជួយ​មើល​ភ្លើង​ពេលយប់​ក្នុង​ក្រុង​ផង​

Post a Comment

0 Comments

Close Menu