ប្រទេសអង់គ្លេស និងបារាំង បានប្រកាសពីវិធានការថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ជនចំណាកស្រុកគ្មានឯកសារចូលទៅក្នុងស្ថានីយក្រោមដី ខណៈពេលប្រទេសទាំងនេះបានបង្កើនប្រតិបត្ដិការប៉ូលិសរួមគ្នាប្រឆាំងនឹងអ្នករត់ពន្ធមនុស្សដែលរកប្រាក់ចំណេញបានមកពីពួកគេដើម្បីចូលចក្រភពអង់គ្លេស។
ការិយាល័យលំនៅដ្ឋានរបស់អង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងពីរនឹងចូលរួមផ្តល់ធនធានប៉ូលិសដើម្បីចែករំលែកមជ្ឈមណ្ឌល “បញ្ជាការនិងត្រួតពិនិត្យ” នៅភាគខាងជើងទីក្រុងកំពង់ផែ Calais របស់ប្រទេសបារាំង។
ការិយាល័យនេះបាននិយាយថា បញ្ជាការរួមគ្នាថ្មីនេះនឹង “រកឃើញនិងរំខានដល់ឧក្រិដ្ឋជន ដែលព្យាយាមរត់ពន្ធជនចំណាកស្រុកចូលទៅក្នុងភាគខាងជើងប្រទេសបារាំង និងឆ្លងកាត់ស្ថានីយក្រោមដី”។
សម្រាប់ប្រទេសអង់គ្លេសនិងបារាំង កំពង់ផែ Calais គឺជាការផ្តោតអារម្មណ៍នៃវិបត្តិចំណាកស្រុកកាន់តែធំដោយសារតែជម្លោះ ការធ្វើទុក្ខបុកម្នេញនិងភាពក្រីក្រ ដែលបានធ្វើឲ្យមនុស្សរាប់រយរាប់ពាន់នាក់ចាកចេញពីប្រទេសស៊ីរី លីប៊ី និងរដ្ឋនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកផ្សេងទៀត។
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់បានមកដល់នៅក្នុងប្រទេសអ៊ីតាលី និងក្រិក ជារៀងរាល់សប្តាហ៍ខណៈពេលដែលប្រទេសអាល្លឺម៉ង់ បានរំពឹងថាចំនួនអ្នកសុំសិទ្ធិជ្រកកោននឹងកើនឡើងគុណនឹងបួនរហូតដល់ចំនួនកំណត់ត្រា ៨០០,០០០ នាក់នៅឆ្នាំនេះ។
ជនភៀសខ្លួនរាប់ពាន់នាក់បានស្ថិតក្នុងជំរំបណ្តោះអាសន្នក្នុងកំពង់ផែ Calais ដោយជារៀងរាល់យប់មានជនអន្តោប្រវេសន៍ជាច្រើនបានលោតឡើងលើរថយន្ត ឬរថភ្លើង ឬក៏ដើរតាមផ្លូវរូងក្រោមដីចម្ងាយ៥០គីឡូម៉ែត្រទៅកាន់ចក្រភពអង់គ្លេស។ ជនអន្តោប្រវេសន៍មួយចំនួនបានសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើបែបនេះ។
ដោយមានការដឹកនាំពីសំណាក់មេបញ្ជាការប៉ូលិសជាន់ខ្ពស់របស់បារាំង និងអង់គ្លេស មជ្ឈមណ្ឌលថ្មីនេះនឹងធ្វើសេចក្តីរាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទាំងពីរ។ រដ្ឋលេខាធិការក្រសួងលំនៅដ្ឋាន Theresa May និងសមភាគីបារាំងរបស់លោកស្រី គឺលោក Bernard Cazeneuve នឹងបង្ហាញពីផែនការនេះនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងកំពង់ផែ Calais។
ការិយាល័យលំនៅដ្ឋានបាននិយាយថា វិធានការថ្មីនេះគឺរួមមានទាំងការបង្កើនចំនួនប៉ូលិសរបស់បារាំង និងរបងដែលផ្តល់មូលនិធិដោយអង់គ្លេស ព្រមទាំងកាមេរ៉ាសុវត្ថិភាពនិងឧបករណ៍សន្តិសុខដទៃទៀតដើម្បីការពារច្រកចូលផ្លូវរូងក្រោមដីនៅក្នុងកំពង់ផែ Calais។
ប្រតិបត្តិករនៅស្ថានីយ Eurotunnel ក៏នឹងទទួលបាន “ការឧបត្ថម្ភ” ដើម្បីដាក់ពង្រាយកងសន្តិសុខបន្ថែមទៀតនៅក្នុងតំបន់នោះផងដែរ។
គួរបញ្ជាក់ថា ការកើនឡើងនៃវិបត្តិជនភៀសខ្លួនក៏នឹងមានផងដែរនៅក្នុងការពិភាក្សារវាងលោកប្រធានាធិបតីបារាំង Francois Hollande ជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃចន្ទ ខណៈដែលបណ្តារដ្ឋនៅអឺរ៉ុបភាគខាងត្បូង បានរងផលប៉ះពាល់នៃលំហូរជនអន្តោប្រវេសន៍។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះគឺជាសោកនាដកម្មមួយដែលមនុស្សបានស្លាប់ និងមនុស្សស្ថិតនៅក្នុងស្ថានភាពគួរឲ្យខ្លាច៕
Reuters
បារាំង និងអង់គ្លេស មានគោលដៅលើអ្នករត់ពន្ធមនុស្ស ក្នុងការជំរុញគោលការណ៍អន្តោប្រវេសន៍
0 Comments