Ad Code

សាលា​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត​សិស្ស​គ្រប់​កម្រិត​មាន​លទ្ធផល​សិក្សា​ល្អ

ក្រុង​ប៉ោយប៉ែត ៖ បើ​យោង​តាម​លទ្ធផល​បូកសរុប​ការងារ​របស់​សាលា​ឯកជន ពន្លក​ខ្មែរ ក្រុង​ប៉ោយប៉ែត ឃើញថា សិស្សានុសិស្ស​ដែល​បាន​ចូលរៀន​ក្នុង​សាលា​ឯកជន​មួយ​នេះ ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា បឋមសិក្សា រហូតដល់​មធ្យមសិក្សា គឺ​មាន​លទ្ធផល​សិក្សា​ល្អ​គួរ​ឲ្យ​កត់សម្គាល់។


កិច្ចប្រជុំ​បូកសរុប​លទ្ធផល​របស់​សាលា​ពន្លក​ខ្មែរ​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃទី​២០ សីហា ២០១៥ ក្នុង​បរិវេណ​សាលា ស្ថិត​ក្នុង​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត លោក ចែម សំបូរ ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​ប៉ោយប៉ែត លោក យូ សុខ​ខេង នាយក​សាលា​ពន្លក​ខ្មែរ និង​លោកគ្រូ​-​អ្នកគ្រូ អាណាព្យាបាល​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ទៀត។


លោក យូ សុខ​ខេង នាយក​សាលា​ពន្លក​ខ្មែរ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​ដែល​បាន​ចូលរៀន​នៅ​សាលា​ឯកជន​ពន្លក​ខ្មែរ ក្នុង​ក​ម្រឹត​មត្តេយ្យ​សិក្សា​មាន ១១​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន​២៨៣​នាក់ ស្រី​១៥៣​នាក់ បាន​ឡើង​ថ្នាក់​ទី​១ ចំនួន​១៩៥​នាក់ ស្មើ​នឹង ៩៦%។ កម្រិត​បឋមសិក្សា​មាន ៤៥​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន​១២១០​នាក់ ស្រី​៥៦៨​នាក់ បាន​ឡើង​ថ្នាក់​ចំនួន​១១៤៩​នាក់ ស្មើ​នឹង ៩៥%។ កម្រិត​មធ្យមសិក្សា​មាន ២៩​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន​៨២០​នាក់ សិស្ស​ថ្នាក់​ទី​៩ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំនួន​១៦២​នាក់ ស្រី​៧២​នាក់ ប្រឡង​ជាប់​១៤៨​នាក់  ស្រី​៧១​នាក់​ស្មើនឹង​៩២%។ ដោយឡែក​សម្រាប់​ថ្នាក់​ទី​១២ ដែល​នឹង​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី​២៤-២៤ សីហា នា​ពេល​ខាង​មុខ​មាន​ចំនួន​៦៣​នាក់ ស្រី​២៦​នាក់។


ជាមួយ​កិច្ចប្រជុំ​នេះ​ដែរ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍ថា លោក​សូម​ធ្វើការ​កោត​សរសើរ​ខ្ពស់​ចំពោះ​លោកនាយក​សាលា​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​វិស័យ​អប់រំ នៅ​ក្រុង​ប៉ោយប៉ែត​ដែលជា​ក្រុង​មួយ​សំបូរ​ទៅ​ដោយ​ប្រជាជន​រស់នៅ​យ៉ាងច្រើន ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែម ជា​ប្រមុខ​ដឹកនាំ ហើយ​ជាក់ស្តែង​ចំពោះ​សិស្ស​ដែល​បាន​មក​ចូលរួម​សិក្សា​នៅ​ជាទី​នេះ​ទៀតសោត​គឺ​សុទ្ធតែ​ទទួល​បាន​លទ្ធផល​សិក្សា​ល្អ។ ហើយ​លោក​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​យក​ចំណេះដឹង និង​ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន៕


T-08-20-15-oo-full



សាលា​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត​សិស្ស​គ្រប់​កម្រិត​មាន​លទ្ធផល​សិក្សា​ល្អ

Post a Comment

0 Comments

Close Menu