ភ្នំពេញ ៖ សាក្សីបានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅក្នុងសវនាការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៥ នេះថា លោកបានឃើញសាកសពពលករជាច្រើននៅពេលលោកលើកដីនៅការដ្ឋានធ្វើទំនប់ត្រពាំងថ្ម។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីវេលាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
លោក តក់ ប៊ុយ អតីតជាប្រធានកងតូចនៃពលករកងចល័តនៅការដ្ឋាននេះបានថ្លែងថា សាកសពមានច្រើននៅ លើខ្នងទំនប់ និងខាងក្រោមទំនប់ និងនៅតំបន់ផ្សេងៗទៀត។ បើតាមសាក្សី ក្រុមខ្មែរក្រហមបានសម្លាប់ពលករនៅពេលយប់ ហើយអ្នកដែលកាចសាហាវជាងគេគឺអ្នកគ្រប់គ្រងការដ្ឋាននេះឈ្មោះវ៉ាល់ ដែលក្រោយមកកម្មាភិបាលខ្មែរក្រហមភូមិភាគពាយព្យរូបនេះត្រូវបានកម្មាភិបាលមកពីភូមិភាគនិរតីចាប់ខ្លួន និងក្រោយមកសម្លាប់ចោល។ ប៉ុន្តែលោកបានថ្លែងថា លោកមិនដែលបានឃើញក្រុមខ្មែរ ក្រហមសម្លាប់មនុស្សដោយផ្ទាល់ទេ។
លោក តក់ ប៊ុយ បានថ្លែងថា មនុស្សខ្លះក្រៅកងរបស់លោកបានបាត់ខ្លួនរហូត បន្ទាប់ពីគេដកពីអង្គភាពមួយទៅអង្គភាពមួយ ឬពីកន្លែងធ្វើការមួយទៅកន្លែងមួយទៀត។ សាក្សីរូបនេះក៏បានបញ្ជាក់ដែរថា មានការចាប់ខ្លួនទៅលើប្រជាជនចិន និងវៀតណាម ហើយបានផ្លាស់ទីពីកន្លែងមួយទៅ កន្លែងមួយទៀត ហើយបានបាត់ខ្លួន។
បន្ទាប់ពីបញ្ចប់ការស្តាប់សក្តីកម្មរបស់លោកតក់ ប៊ុយ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្តីកម្មរបស់សាក្សីមួយរូបទៀតគឺអ្នកស្រី យីង ឡៃសូវ ដែលជាសមាជិកនៃក្រុមកងចល័តស្ត្រីនៅ ការដ្ឋានការងារទំនប់ត្រពាំងថ្ម។ អ្នកស្រីបានថ្លែងប្រាប់អង្គជំនុំជម្រះអំពីលក្ខខណ្ឌការងារដ៏លំបាក ការធ្វើការងារដោយបង្ខំ គ្មានអាហារហូបគ្រប់គ្រាន់ និងគ្មានអនាម័យ ដែលពលករនៅ ក្នុងការដ្ឋាននេះទទួល។
លោកនេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងដែរថា ចាប់តាំងពីបើកសវនាការសួរដេញដោលលើអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្មនៅ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៥រហូតមកទល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះ សាលដំបូងបានស្តាប់ការផ្តល់សក្ខីកម្មដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីចំនួន ៨ រូបហើយ។
តាមការគ្រោងទុក អង្គជំនុំជម្រះសាលាដំបូងនឹងស្តាប់ការផ្តល់សក្ខីកម្មសាក្សី ដើមបណ្តឹងរដ្ឋ ប្បវេណីចំនួន ១១ រូបទាក់ទងនឹងអង្គហេតុការដ្ឋានទំនប់ត្រពាំងថ្ម ដែលជាការដ្ឋានការងារទី៣ និងចុងក្រោយដែលត្រូវបានលើកមកសួរដេញដោលពាក់ព័ន្ធនឹងការដ្ឋានការងារក្នុងការជំនុំ ជម្រះក្តីលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន៕
សាក្សីរៀបរាប់ពីការសម្លាប់មនុស្ស និងលក្ខខណ្ឌការងារដ៏លំបាកនៅការដ្ឋានការងារទំនប់ត្រពាំងថ្ម
0 Comments