សៀមរាប ៖ នគរបាលប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងដកហូតវត្ថុតាងមួយចំនួននៅ២សង្កាត់ផ្សេងគ្នា ខណៈពួកគេកំពុងចែកចាយនៅក្នុងផ្ទះ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។
ហេតុការណ៍ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅកន្លែងផ្សេងគ្នានេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ស្ថិតនៅចំណុចក្នុងផ្ទះ ក្នុងសង្កាត់ស្វាយដង្គំនិងសង្កាត់សំបួរ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់នៅកន្លែងផ្សេងគ្នាក្នុងនោះមានទី១/ឈ្មោះ ទេស ប៉ូរ៉ាត ហៅប៉ោង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មាន(ឃាត់ខ្លួនក្នុងផ្ទះថ្ងៃទី១៤ខែសីហា) (ជួញដូរ) និង ទី២/ឈ្មោះ ទេស ប៉ុនណាក់ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរគ្មាន(ឃាត់ខ្លួននៅក្នុងផ្ទះថ្ងៃទី១៤ ខែសីហា)(ចាត់ចែងឲ្យប្រើប្រាស់)។ អ្នកទាំង២នាក់បងប្អូននេះរស់នៅក្នុងក្រុមទី៧ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី៣/ឈ្មោះ ទូច ក្រឹម ភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មករសំណង់(ឃាត់ខ្លួននៅផ្ទះថ្ងៃទី១៤ខែសីហា)ស្នាក់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប(ជួញដូរ) និងទី៤/ឈ្មោះ ពៅ ហង្ស ហៅញ៉ាញ់ ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិត(ឃាត់ខ្លួននៅផ្ទះថ្ងៃទី១៤ខែសីហា)ស្នាក់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់)។
លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមានៈទូរស័ព្ទដៃ២គ្រឿង,ថ្នាំមេតំហ្វេតាមីនចំនួន១៥កញ្ចប់ស្មើនឹងទម្ងន់៦,០ក្រាម ,ដាវដែកចំនួន១ដើមប្រវែង៦០សង់ទីម៉ែត្រ,ព្រមទាំងឧបករណ៍ច្នៃជក់មួយចំនួនធំ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់និងគ្រឿងញៀន១៥កញ្ចប់ទៅកាន់តុលាការ
0 Comments