អគារនៃសាកលវិទ្យាល័យលំដាប់អន្តរជាតិដែលមានទំហំធំជាងគេនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់នៅចុងខែនេះហើយ ដោយមានវត្តមានចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ ហង្ស ជួន ណារុន និង ប្រធានសាកលវិទ្យាល័យមកពីរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកដែលជាដៃគូ។
លោក បណ្ឌិត James West សាកលវិទ្យាធិការស្តីទី របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននិយាយនៅពេលថ្មីៗនេះថា AUPP នឹងបើកការដ្ឋានសាងសង់អគារសាកលវិទ្យាល័យរបស់ខ្លួននៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៥ខាងមុខនេះ ដើម្បីត្រៀមទទួលនិស្សិតដែលកំពុងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។
អគារសាកលវិទ្យាល័យ AUPP ដែលមានទំហំ២ម៉ឺនម៉ែត្រការ៉េ មានកំពស់ប្រាំជាន់ នឹងសង់លើផ្ទៃដីជិតប្រាំពីរហិតា នឹងបំពាក់ដោយសំភារៈទំនើបៗតាមស្តង់ដារអន្តរជាតិ ជាពិសេសតាមនិយាម(ស្តង់ដារ)របស់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
អគារថ្មីស្រឡាងរបស់ AUPP ដែលនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំក្រោយ នឹងក្លាយជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់អន្តរជាតិទីមួយនៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សនៅនឹងកន្លែង ដោយពុំចាំបាច់ធ្វើដំណើរទៅរៀននៅសហរដ្ឋអាមេរិកទៀតឡើយ ពីព្រោះសាកលវិទ្យាល័យអាមេរិកមួយនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។
លោកស្រីបណ្ឌិត Jane Close Conoley សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក (California States University, Long Beach) ជាមួយសាកលវិទ្យាធិការរង និងប្រតិភូ នឹងមានវត្តមានរួមគ្នាជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ ហង្ស ជួន ណារុន និងសាស្ត្រាចារល្បីៗមកពីសហរដ្ឋអាមេរិក ក៏ដូចជាអង្គទូត និងអង្គការរអន្តរជាតិជាច្រើនទៀត៕
អគារនៃសាកលវិទ្យាល័យលំដាប់អន្តរជាតិ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅចុងខែនេះហើយ
0 Comments