Ad Code

កញ្ញា​សា​សា​កំពុង​បដិសេធ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង​មិនមែន​ជា​ការពិត

បាត់ដំបង​ ៖ ​នៅ​ល្ងាច​ថ្ងៃ​ទី៣ ​ខែ​សីហា ​ឆ្នាំ​២០១៥​ កញ្ញា​ឯក សុជាតា ហៅ​សា​សា​ ដែល​ជា​អតីត​ពិធី​ការិនី​ទូរទស្សន៍ ​ស៊ី​ធី​អិន បាន​ធ្វើ​ការប្រកាស​តាមរយៈ​ហ្វេសប៊ុក​របស់​នាង​ថា​ការដែល​សារព័ត៌មាន​បាន​ចុះផ្សាយ​ថា​រូប​នាង​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្ត​បាត់ដំបង​កាល​ពី​យប់​ថ្ងៃ​ទី​២ ​ខែ​សីហា ​ឆ្នាំ​២០១៥​​នោះ​គឺ​មិន​មែន​ជា​ការពិត​ឡើយ​ ដែល​ការ​ចេញផ្សាយ​របស់​កាសែត​ក្នុងស្រុក​នេះ​គឺ​ហាក់​ដូចជា​ចង់​ឲ្យ​នាង​ល្បី​កាន់តែ​ខ្លាំង​ឡើង។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​១១និង៥០​នាទី​យប់ នៅត្រង់​ចំណុច​ផ្លូវបំបែក​ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ម៉ាក​Porsche ​ពណ៌​ស ហើយ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ដោះ​ស្លាក​លេខ​ចេញ ​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​2AD-7888 បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយក៏​បាន​បុក​ទៅលើ​ម៉ូតូ​មួយ​គ្រឿង​ ដែល​មាន​សណ្តោង​រ៉ឺម៉ក​ដឹក​ទឹកកក របស់​ឈ្មោះ​ទុយ មោង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​យ៉ាង​ដំណំ​នៅ​ក្នុង​ ខណៈ​នោះ​ដែរ​គេ​សង្កេត​​​ឃើញ​ថា​រថយន្ត​ចង់​មាន​បំណង​ព្យាយាម​បើក​រត់គេច​បន្ត​ទៅ​ទៀត ប៉ុន្តែ​សំណាងល្អ​ដោយសារតែ​ការ​ប៉ះទង្គិច​នោះ​ត្រូវ​បាន​ក្បាល​រថយន្ត​កៀប​កង់​ជាប់​ ដោយ​មិន​អាច​បើកបរ​បាន​ទើប​គេ​ឃើញ​មាន​មនុស្ស​ស្រី​ចំនួន​ពីរ​នាក់​បាន​ចេញ​ពី​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ម៉ូតូ។ នៅពេលនោះ​គឺ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​គឺជា​កញ្ញា សា​សា ដែល​ទើបនឹង​មានរឿង​ក្ដីក្ដាំ​ថ្មីៗ​នៅឯ​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​លោក​ឧកញ៉ា​សុខ ប៊ុន ហើយក៏​ទើបតែ​មានការ​បើកបរ​បុក​ទៅលើ​ជនជាតិ​បារាំង​ម្នាក់​ផង​ដែរ ដែល​ការ​ប៉ះទង្គិច​នោះ​ស្ថិតនៅ​ក្រុងភ្នំពេញ​ ចំណែក​រថយន្ត​បង្ក​ដែល​នាង​បើកបរ​នោះ​គឺជា​រថយន្ត​តែមួយ​ជាមួយ​នឹង​ការ​បង្ក​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ នៅ​ទីបំផុត​ការ​ចរចា​គ្នា​ដើម្បី​សម្របសម្រួល​គឺ​ភាគី​រថយន្ត​បាន​បង់​ទៅ​ឲ្យ​ជនរងគ្រោះ​ចំនួន​៣​លាន​រៀល ដែល​ភ្លាមៗ​នោះ​ដែរ​ ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​វិសាល​សុខ​នាំចូល​ទៅ​ពិនិត្យ ​និង​ព្យាបាល​ទាំង​យប់។

យោង​តាម​ប្រភព​ច្បាស់​ការ​ជាច្រើន​បាន​និយាយ​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ​គឺ​កញ្ញា​សា​សា រួមទាំង​នារី​ប្រមាណ​៥​នាក់​ទៀត​ដោយ​ក្នុងចំណោម​នោះ​ដែរ​ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ តូ ដែល​គេ​តែងតែ​ហៅ​លែង​ថា ឡូតូ ជា​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​យីហោ ស្តារ​វីឡា ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ​ព្រោះ​គេ​គឺជា​មិត្ត​ស្និទ្ធស្នាល​ជាមួយនឹង​កញ្ញា​សា​សា ដោយ​គេ​បាន​នាំគ្នា​ចូលទៅ​ផឹក​ស៊ី​នៅក្នុង​អាហារដ្ឋាន​មួយ​កន្លែង​យីហោ​តោ​ពីរ ស្ថិត​ក្នុង​ភូមិ​កំពង់​ក្របី។

ប្រភព​ច្បាស់​ការ​ដដែល​បាន​បន្ត​ថា នៅ​ពេល​ដែល​ការ​ផឹក​ស៊ី​នេះ​ម្នាក់ៗ​កាន់តែ​ទោរទន់​ទៅ​ហើយ​នោះ​ ពួកគេ​បាន​ទូរស័ព្ទ​ទៅ​កក់​កៅអី​សា​ឡុង​ដើម្បី​បន្ត​ការ​រាំរែក​នៅ​ក្នុង​ក្លិប​កម្សាន្ត​ស្តារ​ឡាយ​ជា​បន្តទៀត។ បន្ទាប់មក​ពួកគេ​ក៏បាន​បែក​គ្នា​ជា​ពីរ​ក្រុម​ដោយសារតែ​គេ​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង ដោយ​ក្រុម​ទីមួយ​គេ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ក្លិប​កម្សាន្ត​ហើយ ដោយឡែក​កញ្ញា​សា​សា បាន​ធ្វើ​ដំណើរ​ជាមួយនឹង​នារី​ម្នាក់ទៀត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​ទៅដល់​ចំណុច​កើតហេតុ​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ទើប​ការ​កក់​សា​ឡុង​ត្រូវ​បាន​រំសាយ​ចោល​វិញ។

ប្រភព​មួយ​ផ្សេងទៀត​ដែល​ជា​ថៅកែ​ហាង​នៅ​ម្ដុំ​ជ្រៃ​កោង​បាន​និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​របស់​កញ្ញា​សា​សា​ គឺ​រូបគេ​ក៏​បាន​មក​ទាន់​ដែរ​ ព្រមទាំង​បាន​ថតរូប​ថែមទៀត ប៉ុន្តែ​ភ្លាមៗ​នោះ​គេ​ឃើញ​មនុស្ស​ម្នាក់​​ ដែល​មាន​ឈ្មោះ​តូ ​បាន​ដើរមក​ខ្សឹប​ថា ​កុំ​ថត​អី​គឺជា​កញ្ញា​សា​សា សុទ្ធតែ​គ្នា​យើង​ទេ​លុបចោល​ទៅ។ ដូច្នេះ​ហើយ​បានជា​ការ​ធ្វើ​កំណត់ហេតុ​របស់​សមត្ថកិច្ច​ចរាចរណ៍​បាន​ដាក់​ឈ្មោះ​ តូ ​នេះ​ជា​ម្ចាស់​រថយន្ត តែ​ធាតុ​ពិត​គេ​ពុំ​មាន​រថយន្ត​ប្រភេទ​នេះ​ឡើយ ហើយ​ការ​អះអាង​ថា​គេ​ជា​ម្ចាស់​រថយន្ត​គួរ​ណាស់​តែ​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ ហើយក៏​ត្រូវតែ​នាំខ្លួន​ទៅកាន់​ការិយាល័យ​ដើម្បី​វាស់​កម្រិត​ជាតិ​អាល់កុល​ឲ្យ​សមស្រប​តាម​នីតិ​វិធី ដោយ​មិន​គួរ​ណា​លោក ឈាង រ៉ុង អនុញ្ញាត​ឲ្យ​ភាគី​បង្ក​ ដែល​សុទ្ធតែ​ស្រវឹង​ធ្វើការ​ស្ទូច​យក​រថយន្ត​ចេញពី​កន្លែង​កើតហេតុ​បែបនេះ​សោះ ដោយ​បាន​ធ្វើ​កំណត់ហេតុ​ដាក់​ឈ្មោះ តូ ជា​ម្ចាស់​រថយន្ត​ទៅវិញ​ ហើយ​នៅ​យប់​នោះ​ទំនងជា​រវល់​ខ្លាំង​បានជា​ឈ្មោះ​តូ ចូល​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ ចំណែក​កញ្ញា សា​សា គឺ​ស្នាក់​នៅក្នុង​សណ្ឋាគារ ភ្លាស់​ស៊ី ដែលជា​សណ្ឋាគារ​ដ៏​ទំនើប​នៅក្នុង​ខេត្តបាត់ដំបង​។​

នៅ​ព្រឹក​ថ្ងៃទី៤ ​ខែ​សីហា ​ឆ្នាំ​២០១៥​ កម្ពុ​ជាថ្មី​បាន​ទទួល​ព័ត៌មាន​ពិស្តារ​មួយ​បន្ថែម​ទៀត​គឺ​នៅ​យប់​ក្រោយពេល​កើតហេតុ​គឺមាន​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​យីហោ ហេង ហ៊ុយ ជា​អ្នក​ចេញមុខ​ជួល​រថយន្តស្ទូច​របស់​លោក អាន​ឲ្យ​ស្ទូច​ចេញពី​ចំណុច​កើតហេតុ​ទៅ​លាក់​ទុក​នៅផ្ទះ​លោក អាន ក្នុង​តំលៃ​១០០​ដុល្លារ។ លុះ​នៅ​ល្ងាច​ថ្ងៃទី៣ ​ខែ​សីហា ​ឆ្នាំ​២០១៥ ​ទើប​មាន​ការជួល​ដឹក​បន្ត​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ក្នុង​តម្លៃ​៣៥០​ដុល្លារ​បន្ថែម​ទៀត​ដោយ​រថយន្ត​នេះ​មិនមាន​ការជួសជុល​ឡើយ។

រាល់​ការបំភ្លឺ​របស់​ប្រភព​នានា​ជាច្រើន​នេះ​គួរ​ណាស់​តែ​គ្រប់គ្រាន់​ហើយ​សម្រាប់​កញ្ញា​សា​សា ដែល​កំពុងតែ​ឆេះដុំ​ខ្ញាល់​នឹង​អ្នកកាសែត ដោយបាន​ចោទប្រកាន់ថា​ជាការ​ចុះផ្សាយ​មិន​ពិត ហើយ​ចង់​ធ្វើដំណើរ​ទៅដល់​ខាងមុខ​ស្នាក់ការ​កាសែត​កម្ពុ​ជាថ្មី​ទៀត នេះ​បើ​យោងតាម​ការសរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ល្ងាច​ថ្ងៃទី​៣ ​ខែសីហា ​ឆ្នាំ​២០១៥។

លោក​នួន សាន ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​សមត្ថកិច្ច​ចរាចរណ៍ ​ដែល​តែងតែ​ព្យាយាម​លាក់​រឿង​ហេតុ​ដែល​បាន​កើត​ឡើងជា​ញឹកញាប់ ដោយ​មិនបាន​រាយការណ៍ ឬក៏​ត្រូវ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ទៅតាម​នីតិ​វិធី​ច្បាប់ ព្រោះ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ដោយ​ភាគី​ម្ខាង​សេព​គ្រឿង​ស្រវឹង​នោះ មិនត្រូវ​ធ្វើការ​ដោះលែង ឬ​សម្របសម្រួល​គ្នា​នៅត្រង់​ចំណុច​កើតហេតុ​នោះឡើយ​ ព្រោះ​បើ​តាម​លោក​ដឹង​មាន​ច្រើន​ករណី​ណាស់​ដែល​គេ​ធ្វើការ​លាក់លៀម​ដោះស្រាយ​នៅក្រៅ​ការិយាល័យ​គឺជា​ការខុសច្បាប់​ទាំងស្រុង សម្រាប់​អ្នកអនុវត្ត​ច្បាប់​ហើយ​បំពាន​លើផ្លូវ​ច្បាប់៕
M04-08-15-b


កញ្ញា​សា​សា​កំពុង​បដិសេធ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង​មិនមែន​ជា​ការពិត

Post a Comment

0 Comments

Close Menu