ទីក្រុងប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា យោធារបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅភាគខាងលិចរបស់ប្រទេសកាលពីថ្ងៃអង្គារ។ វាគឺជាផ្នែកមួយនៃស៊េរីនៃការធ្វើសមយុទ្ធយោធាដែលរួមមានកងទ័ពប្រមាណជាង ១៤០,០០០នាក់។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បាននិយាយថា លំហាត់ដែលមានឈ្មោះថា “Joint Action-2015D” នៅក្នុងតំបន់យោធា Chengdu នេះគឺជាលំហាត់ដំបូងគេនៃការធ្វើសមយុទ្ធយោធាចំនួនប្រាំ ដែលចូលរួមពីសំណាក់កងទ័ព កងទ័ពជើងទឹក កងទ័ពអាកាស, កងមីស៊ីល និងសាខាផ្សេងទៀតនៃកងកម្លាំងប្រដាប់អាវុធ។
ស៊ីនហួបាននិយាយថា សមយុទ្ធនេះគឺជាលើកចុងក្រោយនៅក្នុងការធ្វើសមយុទ្ធរួមគ្នាប្រមាណ១០០លើកដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ។ ពួកគេបានចាប់ផ្តើមកាលពីខែមុន ប៉ុន្តែទើបតែបានឈានចូលក្នុងដំណាក់បាញ់គ្រាប់ពិតកាលពីថ្ងៃចន្ទ។
កងទ័ពរំដោះប្រជាជនដែលមានសមាជិក២.៣លាននាក់ បានបង្កើនទាំងការយកចិត្តទុកដាក់ខ្ពស់ និងភាពញឹកញាប់នៃការបណ្តុះបណ្តាល នៅពេលដែលខ្លួនបានសង្កត់ធ្ងន់លើសេណារីយ៉ូសម្រាប់ការវាយប្រយុទ្ធគ្នា និងឈ្នះការប្រយុទ្ធនៅជុំវិញប្រទេសចិន។
សមយុទ្ធនោះក៏រួមបញ្ចូលទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនាពេលថ្មីៗនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ដែលជាទីប្រទេសចិនកំពុងមានជម្លោះទឹកដីជាមួយប្រទេសប្រាំទៀត និងបានផ្តោតលើកម្មវិធីធំមួយនៃការបង្កើតកោះចេញពីតំបន់ថ្មប៉ប្រះទឹកដែលអាចប្រតិបត្តិការជាបន្ទាយយោធាបាន។
ការធ្វើលំហាត់មួយកាលពីខែមុនក៏រួមបញ្ចូលទាំងការវាយប្រហារសាកល្បងនៃអគារប្រធានាធិបតីក្នុងកោះតៃវ៉ាន់ផងដែរ ដែលជាសាធារណរដ្ឋកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលប្រទេសចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន និងបានប្តេជ្ញាថា នឹងប្រើកងកម្លាំងយោធាប្រសិនបើចាំបាច់។
ជាមួយគ្នានោះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានតវ៉ាចំពោះសមយុទ្ធហ្វឹកហ្វឺននេះដែលជំរុញឲ្យអ្នកនាំពាក្យយោធារបស់ចិន បដិសេធថា សមយុទ្ធនេះមិនបានកំណត់គោលដៅលើភាគីជាក់លាក់ណាមួយនោះទេ៕
AP
យោធាចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត
0 Comments