ភ្លើងឆេះព្រៃដ៏ធំ និងខ្លាំងក្លាបំផុតប្រចាំឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា បានរីករាលដាលកាន់តែធំឡើងហើយ កាលពីថ្ងៃចន្ទម្សិលមិញ ខណៈដែលវាឆេះរាលឆ្លងកាត់តំបន់ព្រៃស្ងួត ស្ថិតនៅភាគខាងជើងនៃស្រុកចម្ការតំពាំងបាយជូ Napa Valley។
ភ្លើងឆេះព្រៃដែលគេឲ្យឈ្មោះថា Jerusalem Fire នេះដែរ បានឆាបឆេះលើផ្ទៃដីជាង២០គ.មក្រឡា រយៈពេលត្រឹម២៤ម៉ោងចុងក្រោយនេះ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ ចាប់តាំងពីអគ្គីភ័យបានឆាបឆេះឡើងកាលពីសប្តាហ៍មុន នៅតាមតំបន់ជ្រលងភ្នំ និងតាមជើងភ្នំ។
ស្ថានីយទូរទស្សន៍ NBC បានរាយការណ៍ថា មាននូវកង្វល់ជាច្រើនថា ភ្លើងឆេះព្រៃនេះ អាចនឹងរីករាលដាលដល់តំបន់ Rocky Fire ដែលតំបន់មួយនេះ ត្រូវភ្លើងឆេះព្រៃអស់រាប់សិបហិតាផងដែរ។
យោងតាមសេចក្តីរាយការណ៍ពីមន្ទីររុក្ខាប្រម៉ាញ់ និងការពារភ្លើងឆេះព្រៃរដ្ឋកាលីហ្វ័រនីយ៉ា បានឲ្យដឹងថា បច្ចុប្បន្នក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយទូទាំងរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដ៏ឆាប់រហ័សរបស់ភ្លើងឆេះព្រៃលើកនេះ៕
ភ្លើងឆេះព្រៃកំពុងរីករាលដាលធំឡើង នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក
0 Comments