Ad Code

បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ដល់​ជន​ពិការ​

ភ្នំពេញ ៖ សិក្ខាសាលា​ថ្នាក់ជាតិ ស្តី​ពី​ក្រុម​ជួយ​ខ្លួនឯង​របស់​ជនពិការ​ខ្សោយសតិ​បញ្ញា និង​អូទី​ស្សឹម បាន​បើក​ធ្វើ​នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២។

លោក គង់ វិ​ចិ​ត្រា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​ឲ្យ​ដឹង​ដែរ​ថា សិក្ខាសាលា ដែល​ធ្វើ​ក្នុង​រយៈពេល​២​ថ្ងៃនេះ​ចាប់ពី​ថ្ងៃទី​៦-៧ ខែ សីហា «​គឺ​ដើម្បី​កសាង​សមត្ថភាព និង​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នក​ពិការភាព​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម រួមទាំង​អាណាព្យាបាល ឪពុកម្តាយ និង​អ្នកគាំទ្រ​របស់​ពួកគាត់ ជួយ​លើកកម្ពស់​ការ​ចូល​ក្នុង​ឆាកនយោបាយ សម្រាប់​ជន​ពិការ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម​»​។ លោក​បន្ត​ថា កុមារ​ពិការ និង​ជនពិការ​រាងកាយ  បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​កង្វះ​ការ​ចងចាំ​, មិនអាច​រស់នៅ​បាន​ដោយ​ខ្លួនឯង មិនអាច​រៀនសូត្រ តាម​សាលា​បាន​ស្រួល និង​បញ្ហា​មួយ​ចំនួន​ទៀត។ លោក​ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជួយ​គាំទ្រ​លើកកម្ពស់​សិទ្ធិ​របស់​ជន​ពិការ​ឲ្យ​កាន់តែ​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​ពួកគាត់​រស់នៅ​ប្រកប​ដោយមាន​ទំនុកចិត្ត និង​គ្មាន​ការរើសអើង​ក្នុង​សង្គម។

លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បាន​ទទួល​ស្គាល់​ថា បងប្អូន​ជនពិការ​ពិតជា​ជួប​បញ្ហា​ប្រឈម​ច្រើនណាស់ ហើយ​បើ​យោង​តាម​ប្រសាសន៍​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច  ក្រសួង​កំពុង​មាន​ការ​គិតគូរ ដើម្បី​ប្រមូល​បងប្អូន​ជនពិការ ដែល​គ្មាន​ទីពឹង ក្រីក្រ​លំបាក គ្មាន​ផ្ទះសំបែង ហើយ​ស្ម័គ្រចិត្ត​ចង់​រស់​នៅ​ក្នុង​មណ្ឌល​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​នោះ ក្រសួង​នឹង​ផ្តល់​នូវ​អាហារ​ហូបចុក​ចំនួន  ៥.០០០​រៀល ក្នុង​១​ថ្ងៃ​។ ដូចដែល​កន្លងមក​ក្រសួង​បាន​ជួយ​ក្រុម​តន្ត្រី​ជន​ពិការ​មាន​គ្នា ១០​នាក់ អីចឹង​គាត់​អាច​ទទួល​បាន​ថវិកា ៥​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ  អាច​ជួយ​កាត់បន្ថយ​នូវ​ការ​លំបាក​របស់​បងប្អូន​ជន​ពិការ​របស់​យើង​ផង​ដែរ​។ សិក្ខាសាលា​រយៈពេល​២​ថ្ងៃនេះ​ចាប់ពី​ថ្ងៃទី​៦-៧ ខែ សីហា “គឺ​ដើម្បី​កសាង​សមត្ថភាព និង​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នក​ពិការភាព​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម រួមទាំង​អាណាព្យាបាល ឪពុក​ម្តាយ និង​អ្នកគាំទ្រ​របស់​ពួកគាត់ ជួយ​លើកកម្ពស់​ការ​ចូល​ក្នុង​ឆាកនយោបាយ សម្រាប់​ជន​ពិការ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម” សូម​ឱ្យ​អង្គសិក្ខា​សាលា​ទាំងអស់​ចូលរួម​ពិភាក្សា​ឲ្យ​បាន​ផុលផុស ដើម្បី​ទទួល​បាន​ចំណេះដឹង​ល្អៗ​ពី​សិក្ខាសាលា​នេះ។

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្ថិតិ​កាលពី​ឆ្នាំ​២០១៣ ជន​ពិការ​នៅ​កម្ពុជា​មាន​ជាង ៣០​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​អាច​កើន​ឡើង​ដល់​ចំនួន ៥០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៥​នេះ៕
បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ដល់​ជន​ពិការ​

Post a Comment

0 Comments

Close Menu