កំពង់ធំ ៖ រថយន្តមួយគ្រឿងដឹកឈើពេញ ហើយចតចោល គ្មានសណ្ដាប់ធ្នាប់ គ្មានភ្លើង គ្មានស្លាកសញ្ញា សម្គាល់ ធ្វើឲ្យបុរសម្នាក់ ជិះម៉ូតូមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩និង២០នាទីត្រង់ចំណុចភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ លើកំណាត់ផ្លូវជាតិលេខ៦២ ព្រះវិហារ កំពង់ធំ ត្រង់គឺឡូម៉ែត្រលេខ ១០ និង១១ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣A៣១០១ បានឈប់ និងចតរថយន្តក្បែរ ចិញ្ចើមផ្លូវ ដោយពុំបានបើកភ្លើងសញ្ញាសម្គាល់ ស្ថិតនៅក្នុងស្ថានភាពងងឹតសូន្យសុង ខណៈពេលដែលជនរងគ្រោះ ដែលត្រូវបានគេស្គាល់ឈ្មោះ ហ៊ុន ខេងទាត់ ភេទប្រុស រស់នៅភូមិ ឆ្មាស់ថ្មី ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំបានបើកម៉ូតូម៉ាក សានយ៉ាន់សេ១៥០ យ៉ាងលឿនដោយសារតែនៅទីតាំងបរិវេណកើតហេតុ នេះមានសភាពស្ងាត់ហើយ ពុំមានផ្ទះរបស់ប្រជាពលរដ្ឋ ហើយក៏ធ្លាប់មានករណីគ្រោះថ្នាក់ស្លាប់មនុស្សជាច្រើននាក់ផងដែរ ទើបជនរង គ្រោះគិតថាគ្មានអ្វីនៅតាមផ្លូវ ក៏បានបើកពួយម៉ាអស់លេខ ក៏បុករថយន្តដឹកឈើពីក្រោយបណ្តាលឲ្យស្លាប់ ភ្លាមៗតែម្តង។
ចំណែកអ្នកបើកបររថយន្ដដឹកឈើ ឈ្មោះគ្រឿន គ្រីន ភេទប្រុស អាយុ ៣៥ឆ្នាំ ក្រោយពីដឹងថា មានមនុស្សបុករថយន្តរបស់ខ្លួនស្លាប់ ក៏បានដាក់មេប្រូចតាមទម្លាប់។ តែត្រូវបានគេស្គាល់ថា តៃកុងឡានបង្កគ្រោះថ្នាក់ រស់នៅភូមិអាតស៊ូថ្មី ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានច្បាស់ការ ពីកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្ដFUSO មួយគ្រឿង ដឹកដើមអាកាសស្យា ពេញ១រថយន្ដបានធ្វើដំណើរពីជើងទៅត្បូង លុះពេលទៅចំណុចកើតហេតុរថយន្តនេះចតចោលនៅក្បែរផ្លូវថ្នល ទើបជនរងគ្រោះជិះមកបុក។ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចអូសយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មហាជនបានសំណូមពរឲ្យសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខេត្តកំពង់ធំ រឹតបន្តឹងច្បាប់ចរាចរណ៍ និងសុំឲ្យដាក់ពិន័យឲ្យខ្លាំងចំពោះ តៃកុងឡានយីឌុប រថយន្តកូរ៉េ និងរថយន្តសណ្តោង ដែលតែងតែចតទទឹងទទែង គ្មានសណ្ដាប់ធ្នាប់ ពុំមានសញ្ញាសម្គាល់ ជាពិសេសពេលរថយន្តខូចម្តងៗគាត់តែងតែយកមែកឈើមក ដាក់ជាសញ្ញា លុះពេលគាត់ធ្វើរួចគាត់មិនបានយកមែកឈើទាំងនេះ ទៅចោលវិញទេ ជាហេតុធ្វើឲ្យមានគ្រោះ ថ្នាក់ជាច្រើនលើកមកហើយ ដើម្បីចៀសវាងសុំឲ្យលោក សមត្ថកិច្ចកុំសម្លឹងឃើញលុយធំជាសុវត្ថិភាពអាយុជីវិតរបស់ ប្រជាពលរដ្ឋ៕
ជិះម៉ូតូមិនប្រយ័ត្នបុករថយន្តពីក្រោយស្លាប់ភ្លាមៗអាណោចអាធ័ម
0 Comments