សៀមរាប ៖ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (ក្រុងសៀមរាប) ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង៨យប់ ថ្ងៃទី១៥ ខែសីហា ចុងសប្តាហ៍កន្លងមកនេះ ការប្រកួតកីឡាកាយវប្បកម្ម-អង្គរ លើកទី៥ ត្រូវបានដំណើការវគ្គផ្ដាច់ព្រ័ត្ររបស់ខ្លួន ក្នុងប្រភេទទម្ងន់ ក្រោម៦០គក្រ ប្រភេទទម្ងន់ចាប់ពី ៦០ ទៅ ៦៥ គក្រ , ទម្ងន់ ៦៥ ទៅ ៧០គក្រ , ទម្ងន់លើសពី ៧០គក្រ , ប្រកួតប្រភេទកីឡាករសាច់ដុំចាប់ពីអាយុលើសពី៤០ឆ្នាំ និងមានការប្រកួត បេក្ខជនរាងស្អាតក្រោមកម្ពស់១ម៉ែត្រ៧០ បេក្ខជនចាប់ពីកម្ពស់១ម៉ែត្រ៧០ ដល់ ១ម៉ែត្រ៧៥ និងបេក្ខជនរាងស្អាត ចាប់ពីកម្ពស់ ១ម៉ែត្រ៧៥ឡើងទៅ។
ការប្រកួតកីឡាកាយវប្បកម្ម-អង្គរលើកទី៥ ឆ្នាំ២០១៥នេះ សមាគមកាយវប្បកម្ម-អង្គរ ( ABBA ) ដែលមានទីតាំងកំណើតនៅក្រុងសៀមរាប ត្រូវបានការគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហការផងដែរ ពីមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ( AHF ) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានបេសកកម្មផ្តល់ការថែទាំសុខភាព ការការពារអ្នកជំងឺអេដស៍ និងស្វែងរកការគាំទ្រ ដោយមិនគិតអំពីលទ្ធភាព នៃការបង់ថ្លៃ។ គោលបំណងនៃការរៀបចំប្រកួតនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាកាយវប្បកម្មនៅកម្ពុជា ផ្សារភ្ជាប់ជាមួយការអំពាវនាវ ប្រមែប្រមូលមូលនិធិសប្បុរស ដើម្បីចូលរួមបម្រើការងារសង្គម ជួយកុមារនិងគ្រួសារក្រីក្រនៅទីជនបទ និងដើម្បីលើកទឹកចិត្ត ជំរុញសកម្មភាពធ្វើលំហាត់ប្រាណ ដើម្បីសុខភាពប្រជាជន។
កីឡាករដែលបានចូលរួមប្រកួតនេះ មានចំនួនសរុប ៧៥នាក់ មកពីទូទាំងប្រទេស។ ការប្រកួតផ្តាច់ព្រ័តនេះ គឺត្រូវបានជម្រើសយកពីលេខ១ ដល់លេខ៥ ។ ប្រភេទទម្ងន់ក្រោម៦០គក្រ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៥ បានទៅលើកីឡាករ ដុំ សារ៉ុន ពាក់ស្លាកលេខ ៤០ ចំណែកឯកីឡាករ មុត មេសា ពាក់ស្លាកលេខ ៤២ ដែលធ្លាប់បានទទួលចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០១៤ ត្រូវធ្លាក់មកទទួលចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៥។
លទ្ធផលនៃការប្រកួតសាច់ដុំ( កីឡាកាយវប្បកម្ម ) ប្រភេទទម្ងន់ ៦០ ទៅ ៦៥គក្រ ចំណាត់ថ្នាក់លេខ១ ត្រូវបានទៅលើកីឡាករ សុខ សុភ័ក្រ ពាក់ស្លាកលេខ ២៩។ ចំណែកឯកីឡាករ គឹម ស្រ៊ុន ពាក់ស្លាកលេខ ០៧ បានទទួលចំណាត់ថ្នាក់លេខ២ ។ កីឡាករ ចាប វណ្ណនី ពាក់ស្លាកលេខ ១៦ ត្រូវបានទទួលតំណែងក្នុងចំណាត់ថ្នាក់លេខ១ លើការប្រកួតសាច់ដុំទម្ងន់ ៦៥-៧០គក្រ រយៈពេល២ឆ្នាំជាប់ៗគ្នា ( ឆ្នាំ២០១៤ និង ឆ្នាំ ២០១៥ )។ ជាមួយនេះ ការប្រកួតសាច់ដុំ ប្រភេទ៧០គក្រ ឡើងទៅ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករសំបូរ នួន ពាក់ស្លាកលេខ ៣៥ ហើយកីឡាករ តឹក រ៉ាវី ពាក់ស្លាកលេខ៤៧ ទទួលបានចំណាត់ថ្នាក់លេខ១ លើការប្រកួតសាច់ដុំ ប្រភេទចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ។
កីឡាករដែលជាប់ចំណាត់លេខ១ទាំង៥ប្រភេទខាងលើ ត្រូវបានធ្វើដំណើរឈានឆ្ពោះទៅរកការប្រកួតបន្តទៀត ដើម្បីដណ្តើមយកតំណែងប្រធានបទចុងក្រោយគឺ តំណែង Mr.Angkor 2015 ។ កីឡាករ តឹក រ៉ាវី បាក់ស្លាកលេខ ៤៧ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតសាច់ដុំប្រភេទអាយុ៤០ឡើង ត្រូវបានទទួលជ័យលាភី ក្នុងតំណែង Mr. Angkor 2015 ។
រង្វាន់សម្រាប់ជ័យលាភី គ្រប់ប្រភេទនៃការប្រកួតទាំងអស់ខាងលើ គឺស្មើនឹង ២៦លានរៀល ប្រហែលស្មើនឹង ៦ ៥០០ ដុល្លារអាមេរិក ។ លោក សុខ សួរ ប្រធានសមាគមកាយវប្បកម្មអង្គរ បានឲ្យដឹងថា សមាគមកាយវប្បកម្ម-អង្គរ គ្រោងនឹងរៀបចំ ការប្រកួតកីឡាកាយវប្បកម្ម-អង្គរ លើកទី៦ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។ មូលនិធិសប្បុរស ដែលបានមកពីការប្រកួតលើកទី៥ ឆ្នាំ២០១៥នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពសង្គម នៅតាមបណ្តាមូលដ្ឋានជនបទ ក្នុងខេត្តសៀមរាប ៕
គឿនវ៉េត
កីឡាករតឹក រ៉ាវី គ្រងតំណែងMr. Angkor 2015
0 Comments