ក្នុងឆ្នាំសិក្សានីមួយៗ គឺជារង្វាស់ រង្វាល់នៃពេលវេលា សម្រាប់ការសិក្សា របស់សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់។ ចំណុះនៃពេលវេលានេះហើយដែលជាមូលដ្ឋាននៃការបង្កើននូវគុណភាពសិក្សា ស្របទៅតាមកម្មវិធីនៃការបង្រៀនរបស់គ្រូ តាមរយៈផែនការប្រចាំឆ្នាំ ដែលមានការបូកសរុប នៃផែនការប្រចាំខែនីមួយៗ ផង។ ក្នុងការនិយាយអំពីផែនការនោះ គឺមានការប្រើប្រាស់ពេលវេលា ទាំងគ្រូជាអ្នកបង្រៀនផង និងទាំងសិស្សជាអ្នករៀនផង។ ប៉ុន្តែក្នុងខណៈនេះខ្ញុំលើកបង្ហាញតែអំពីអត្ថន័យនៃពេលវេលា សម្រាប់សិស្ស ប៉ុណ្ណោះ ដែលមានការយល់ឃើញផ្ទុយគ្នាលើ ចំណុះពេលស្មើគ្នា។
ជារឿងប្រាកដនិយមមួយ គឺសិស្សរៀនសូត្រតែងមានរយៈពេលស្មើគ្នា ទាំងអស់។ មិនថា តែសិស្សរៀនពូកែ ឬសិស្សរៀនមិនពូកែនោះទេគឺ មានពេលវេលា ស្មើគ្នាក្នុងការរៀន។ ឧទាហរណ៍បើយើងធ្វើការវិភាគតែត្រឹមម៉ោងរៀននៃមុខវិជ្ជាមួយក្រោមការគ្រប់គ្រងនៃការបង្រៀនពីគ្រូនោះ គេដឹងថា លទ្ធផលនៃការរៀនរបស់សិស្សនៃថ្នាក់រៀននោះក៏មានកម្រិតខុសគ្នាដែរ។ ដូចជាសិស្សខ្លះមានការចេះចាំច្រើន និងមានសិស្សខ្លះចេះតិច ព្រមទាំងមានសិស្សខ្លះចេះចាំ ល្មមៗ តាមកម្រិតធម្យម។ តើមកពីអ្វី? ម្យ៉ាងទៀតក៏មានសិស្សខ្លះយល់ថា ម៉ោងរៀននោះ ហាក់ដូចជាយូរពេកណាស់។ ទន្ទឹមនេះដែរក៏មានសិស្សខ្លះទៀតយល់ថា ម៉ោងនេះឆាប់អ្វីម៉្លេះ? ឬគេថា ម៉ាភ្លែតសោះដល់ម៉ោងទៅហើយ។ ចំពោះយោបល់ខុសគ្នានៃការគិតពីពេលវេលា នេះហើយដែលវាពិតជាមានមូលដ្ឋាននៃចំណង់ចំណូលចិត្តរបស់សិស្សក្នុងការរៀនទៅវិញ។
មុននឹងឆ្លើយ ឬដោះស្រាយអំពីអត្ថន័យនៃពេលវេលា ក្នុងការរៀនរបស់សិ្សស បើយើងធ្វើការរំលឹកអំពី ពេលវេលា នៃការរស់នៅសម័យរបបប្រល័យពូជសាសន៍ដោយធ្វើការប្រៀបធៀបអំពីការរស់នៅសម័យនេះ ក៏យើងកាន់តែយល់ច្បាស់អំពីពេលវេលា នោះបានច្បាស់ពិតប្រាកដ។ យើងរស់នៅដោយការលំបាកវេទនា ឈឺចាប់ខ្លោចផ្សានៅ សម័យប៉ុល.ពត ត្រឹមតែជិត៤ឆ្នាំសោះ ហាក់ដូចជា យូរខ្លាំងណាស់។ ប៉ុន្តែផ្ទុយទៅវិញយើងរស់នៅក្នុង សម័យអភិវឌ្ឍន៍ជាតិដែលយើងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងនេះមានរយៈពេល៣៦ឆ្នាំ កន្លងទៅហើយហាក់ដូចជា ឆាប់រហ័សបំផុត។ តើពេលយូរ និងពេលឆាប់នេះវាបណ្តាលមកពីអ្វី? ជាចម្លើយបន្ទាន់នោះ គឺពេលណាដែលយើងរង់ចាំគឺ ជាពេលយូរបំផុតដែលយើងបានគិត។ ប៉ុន្តែនៅពេលដែលយើងកំពុងចាប់ចិត្ត និងជក់ចិត្តក្នុងការងារណាមួយនោះ គឺជាពេលវេលាដែលកន្លងទៅយ៉ាងឆាប់រហ័សមែនទែន។
ចម្លើយនេះក៏ ជាមូលដ្ឋានបង្អែកសម្រាប់គិតពីការសិក្សារបស់សិស្សដែរ។ ឧទាហរណ៍ក្នុងម៉ោងរៀនដែលមានកម្រិតស្មើគ្នានៃសិស្សតាមរយៈការបង្រៀនពីគ្រូនៃមុខវិជ្ជាណាមួយនោះក៏សិស្សក្នុងថ្នាក់បានផ្តល់អត្ថន័យនៃពេលវេលាមានលក្ខណៈ ២យ៉ាងដូចបានរៀបរាប់ខាងលើនេះដែរ។ បានសេចក្តីថា សិស្សដែលមិនមានចិត្តចង់រៀន ឬរៀនមិនជក់ស្លុងតាមរយៈសកម្មភាពមេរៀនទេនោះ គឺតែងបណ្តាលឲ្យសិស្សនោះនៅរង់ចាំតែម៉ោងចេញលេង ឬម៉ោងចេញទៅផ្ទះប៉ុណ្ណោះ។ ការទន្ទឹងរង់ចាំម៉ោងចេញនេះហើយដែលសិស្សនោះ តែងគិតថា ម៉ោងនោះហាក់ដូចជាយូរខ្លាំងណាស់។ ដោយឡែកសម្រាប់់សិស្សដែលកំពុងជក់ចិត្តស៊ប់ស្លុងក្នុងការរៀនប្រកបដោយការតាមដានហៅថា ឆ្ងាញ់ហើយឆ្ងាញ់ទៀតយ៉ាងត្រេកត្រអាលនោះប្រាកដជាយល់ថា ម៉ោងអីក៏ឆាប់ម៉្លេះ ឬពេលវេលាកន្លងទៅយ៉ាងឆាប់រហ័សហាក់ដូចជាម៉ាភ្លែតសោត ក៏អស់ពេលរៀនទៅហើយ។ អី៊ចឹងបើគេធ្វើការផ្ទៀងផ្ទាត់ឲ្យបានជាក់ច្បាស់ទៅឃើញមានចម្លើយត្រឹមតែ សិស្សមានចិត្តចង់រៀន និងសិស្សមិនមានចិត្តចង់រៀនប៉ុណ្ណោះ។ មានន័យថា ក្នុងការកំណត់តាមរយៈម៉ោងពេលតែមួយក្នុងការប្រើប្រាស់ដូចគ្នា តែចំពោះអ្នកប្រើប្រាស់ពេលវេលាឯណោះ វិញទេដែលមានចម្លើយខុសគ្នា គឺខ្លះថា ឆាប់ និងខ្លះទៀតថាយូរនោះ។
ទន្ទឹមនេះដែរ ចំពោះពេលវេលា នៃការប្រឡងនៅពេលខាងមុខនេះក៏មានលក្ខណៈអី៊ចឹងដែរសម្រាប់ចិត្តសិស្សជា បេក្ខជន។ អ្នកខ្លះដែលគិតតែពីទន្ទឹងរង់ចាំពេលប្រឡងមកដល់ដោយមិនមានការខំប្រឹងប្រែងរៀននោះ តែងយល់ថា ពេលនោះយូរអ្វីម៉្លេះទេ។ ប៉ុន្តែសម្រាប់សិស្សដែលមានការងប់ងុលជក់ចិត្តក្នុងការរៀនតែងគិតថា ភ្លែតៗ អស់មួយថ្ងៃ និងភ្លែតៗ អស់មួយសប្តាហ៍ទៅហើយ គឺស្ទើរតែរំលឹកមេរៀន មិនចង់ទាន់ផង ព្រោះពេលកន្លងទៅឆាប់ណាស់៕
អត្ថន័យ នៃពេលវេលាសម្រាប់សិស្ស
0 Comments