ថ្ងៃនេះកម្ពុជាថ្មីសូមនាំអារម្មណ៍ទស្សនិកជនក្រឡេកទៅមើល និងបានស្គាល់តារាប្រុស-ស្រីដែលលេចធ្លោខ្លាំងលើកិច្ចការងារជួយសង្គមនោះរួមមាន ៖
១-តារាចម្រៀង មាស សុខសោភា នាងមិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះជួរមុខប្រចាំថោននោះទេ នាងថែមទាំងជាតារាចម្រៀងដែលអាចនៅតែរក្សាបានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងពីមហាជនអ្នកគាំទ្រ។ ក្រៅពីអាជីពជាអ្នកចម្រៀង មាស សុខសោភា ត្រូវមហាជនដឹងថានាងក៏លេចធ្លោខ្លាំងដែរក្នុងកិច្ចការងារជួយសង្គម តាមរយៈការស្វែងរកជំនួញឧបត្ថម្ភដល់អ្នកក្រីក្រ។
២-លោក សាវិន ហ្វីលីប ជាតារាសម្ដែងជើងចាស់ធ្លាប់មានឈ្មោះល្បីផងដែរ។ ក្រៅពីអាជីពសិល្បៈលោក សាវិន ហ្វីលីប ក៏មានការងារខាងក្រៅផ្សេងមួយទៀតផងដែរ គឺជាប្រធានមូលនិធិដែលបានបង្កើតឡើងក្នុងគោលដៅដើម្បីស្វែងរកជំនួយពីសប្បុរសជន ទាំងក្នុងស្រុក និងក្រៅស្រុកយកទៅជួយឧបត្ថម្ភដល់ជនចាស់ជរាគ្មានទីពឹង។
៣-កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រីកូនកាត់ប្រចាំផលិតកម្មថោន ហើយកន្លងមកនាងធ្លាប់ទទួលបានការគាំទ្រខ្លាំងផងដែរពីសំណាក់មហាជនតាមរយៈសមត្ថភាព និងទេពកោសល្យ ព្រមទាំងបទចម្រៀងលេចធ្លោលើទីផ្សារសិល្បៈ។ កញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្នមិនត្រឹមតែលេចធ្លោលើបទចម្រៀងនោះទេ នាងក៏ជាតារាស្រីមួយដួងដែលទទួលបានការកោតសរសើរ និងជាប់ឈ្មោះជាតារាទឹកចិត្តមនុស្សធម៌ផងដែរ។
៤-លោក សាយ សៀរ៉ា ជាតារាសម្ដែង និង ម៉ូដែលល្បីឈ្មោះគួរសមចាប់តាំងពីលោកចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោក សាយ សៀរ៉ា ក៏មិនខុសអ្វីពីតារាសម្ដែង៣-៤ដួងនោះដែរ លោកគឺបានរួមចំណែកជួយដល់ជនក្រីក្រ និងចាស់ជរាច្រើនក្នុងកិច្ចការអំពើសប្បុរសធម៌នៅក្នុងសង្គម។
៥-កញ្ញា សូរ្យ អេណា តារាសម្ដែងស្រីវ័យក្មេងមានសម្រស់ស្រស់សោភាកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ បច្ចុប្បន្ន ឆ្លៀតពេលទំនេរពីការងារសិល្បៈ នាងក៏យកឱកាសចូលរួមការងារមនុស្សធម៌ ដោយបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីយកទៅឧបត្ថម្ភជូនដល់អ្នកដែលមានជីវភាពទីទាល់ក្រគ្មានទីពឹងផងដែរ៕
ចង់ដឹងតារាខ្មែរ៥ដួងណាខ្លះលេចធ្លោខ្លាំងក្នុងការងារមនុស្សធម៌?
0 Comments