បាត់ដំបង ៖ រថយន្តកាម៉ាស់មួយគ្រឿងដែលជាប្រភេទរថយន្តសណ្ដោងដឹកគ្រឿងសំណង់ បានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ និងដេកនៅទទឹងថ្នល់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៣និង០៤នាទីទៀបភ្លឺ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលការរេចង្កូតនេះសង្ស័យបណ្ដាលមកពីអ្នកបើកបរមានការងងុយដេកខ្លាំង។
លោក ឌឿន សម្បត្តិ អធិការរងស្រុកមោងឬស្សីបានបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឲ្យមានការកកស្ទះមិនអាចធ្វើចរាចរណ៍បាន ទើបលោកបានចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យ គឺសង្កេតឃើញថា មានរថយន្តមួយគ្រឿងធុនកាម៉ាស់សណ្ដោង ពាក់ស្លាកលេខ ក.2554.ភព3 ដែលបានបើកបរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង ដោយមានដឹកគ្រឿងសំណង់ពេញទាំងមុខទាំងក្រោយផង។
លោកអធិការរងបានបន្តថា លុះទៅដល់ត្រង់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរមានការងងុយដេក ព្រោះដោយសារតែការបើកបរពីភ្នំពេញមកសឹងតែមួយយប់ទល់ភ្លឺទៅហើយ ក៏បានរេចង្កូតធ្លាក់ទៅខាងស្តាំ ប៉ុន្តែប្រហែលជាអ្នកបើកបរដឹងខ្លួនក៏បានបួងចង្កូតឡើងមកវិញ ទើបធ្វើឲ្យតួរថយន្តទាំងមូលបានក្រឡាប់នៅកណ្ដាលទ្រូងផ្លូវតែម្ដង ដោយឡែកកន្ទុយរ៉ឺម៉កដែលសណ្ដោងក៏បានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកខាងស្ដាំដែរ។
លោកបានសង្កត់ធ្ងន់ថា នេះគឺជាការបើកបរខ្វះការប្រុងប្រយ័ត្ន តែជាសំណាងល្អដែលមិនមានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ ចំណែកអ្នកបើកបរ និងព្រូ ក៏មិនមានរងគ្រោះអ្វីដែរ ដោយបច្ចុប្បន្នសមត្ថកិច្ចបានឲ្យក្រុមហ៊ុនធ្វើការស្ទូចយករថយន្តចេញពីទ្រូងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ចំណែកឈ្មោះអ្នកបើកបរគេមិនបានស្គាល់ឡើយ៕
សង្ស័យងងុយគេង បើករថយន្តសណ្ដោងរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ
0 Comments