ក្រុមមនុស្សប្រមាណជា៥០នាក់បានចូលលួចក្នុងហាងកែសម្ផស្សមួយកន្លែងនៅជាយក្រុង St. Louis ហើយក្រុមអ្នកតវ៉ាបានប្រឈមមុខដាក់គ្នានៅពេលល្ងាច។ ភ្លាមៗនោះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការចាប់ខ្លួននៅឡើយទេ។
បាតុករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Ferguson ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការស្លាប់របស់លោក Michael Brown ដែលមានវ័យ១៨ឆ្នាំ នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៤ ជាមួយនឹងមន្ត្រីលោក Darren Wilson។
ការបាញ់ប្រហារនេះនាំឲ្យមានភាពចលាចលអំពើហិង្សា និងបាតុកម្មនៅទូទាំងប្រទេស។ ថ្ងៃរំលឹកកាលពីថ្ងៃអាទិត្យ គឺដំណើរការដោយសន្តិវិធីរហូតដល់ក្រុមអ្នកតវ៉ាមួយក្តាប់តូចបានឆោឡោនៅពេលល្ងាច។ ហ្វូងមនុស្សប្រមាណជា៣០០នាក់ បានប្រមូលផ្តុំដើម្បីប្រារព្ធខួបនេះខណៈដែលពួកគេបានរក្សាភាពស្ងប់ស្ងាត់កន្លះនាទីព្រលែងសត្វព្រាបពណ៌សចំនួនពីរក្បាល។
ក្រុមមនុស្សទាំងអស់បានដើរដង្ហែក្បួនដោយភាពស្ងប់ស្ងាត់តាមទីក្រុង Ferguson ទៅកាន់ព្រះវិហារ Greater St. Mark ដែលត្រូវបានធ្វើជាទីសក្ការៈក្នុងអំឡុងពេលតវ៉ា បន្ទាប់ពីការស្លាប់របស់ Brown។
ឪពុករបស់ Brown គឺលោក Michael ក៏បាននិយាយផងដែរថា លោកមានអំណរគុណចំពោះមនុស្សជាច្រើនដែលបានដើរដង្ហែក្បួននេះ។
នៅក្នុងទីក្រុងញូវយ៉ក មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីលាន Union Square ដើម្បីធ្វើពិធីអុជទៀនបួងសួងដល់លោក Brown ហើយអំពាវនាវឲ្យមានការធ្វើបាតុកម្មបន្តទៀតប្រឆាំងនឹងប៉ូលិសដែលសម្លាប់ជនជាតិភាគតិច។
ប្រជាជនប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅ Brooklyn ដោយធ្វើជានិមិត្តសញ្ញា “ការស្លាប់” ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហាររបស់ Brown។ ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើននាក់។
មួយឆ្នាំកន្លងផុតទៅ មេដឹកនាំស្បែកខ្មៅបាននិយាយថា ពួកគេបានឃើញថាមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងអាកប្បកិរិយាជនជាតិអាមេរិក ចំពោះអំបូរពូជសាសន៍ ប៉ុន្តែពួកគេបានឃើញទង្វើតិចតួចរបស់សមាជិកសភាក្នុងការអនុម័តកំណែទម្រង់ប៉ូលិស។
ជាមួយគ្នានោះ Erica Snipes ដែលជាកូនស្រីរបស់លោក Eric Garner ដែលបានស្លាប់បន្ទាប់ពីត្រូវបានច្របាច់កដោយប៉ូលិសក្នុងទីក្រុង ញូវយ៉ក ក៏បានអំពាវនាវឲ្យមានកំណែទម្រង់ផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានាធិបតីអូបាម៉ា បានច្រានចោលចំពោះការរិះគន់ដែលថាលោកបានស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហានៃការប្រកាន់ពូជសាសន៍នៅក្នុងការកាន់តំណែងរបស់លោកជាប្រធានាធិបតីអាមេរិកស្បែកខ្មៅ លើកដំបូងរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កំហឹងយ៉ាងខ្លាំងទៅលើការសម្លាប់ចំពោះលោក Brown និងជនជាតិអាមេរិកស្បែកខ្មៅផ្សេងទៀតនៅក្នុងឆ្នាំកន្លងមកនេះបានធ្វើឲ្យមានការតវ៉ាទូទាំងប្រទេស និងការរិះគន់ក្នុងបណ្តាញសង្គមផងដែរ៕
AFP
ភាពតានតឹងកើនឡើងក្នុងទីក្រុង Ferguson នៅថ្ងៃខួបការបាញ់សម្លាប់លោក Michael Brown
0 Comments