កំពង់ចាម ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ដែលបានចូលលួចយកម៉ូតូScopyរបស់ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះនិងសមត្ថកិច្ចចាប់ខ្លួនរួមជាមួយវត្ថុតាងឧបករណ៍កាច់សោម៉ូតូមួយចំនួនកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នៅភូមិព្រីងបីដើមឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាម។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឯម បោយ ភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅនៅភូមិកើតហេតុខាងលើបានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ លោកបានទុកម៉ូតូScopyពណ៌សស៊េរី២០១១នៅក្រោមផ្ទះដោយទុកសោនៅជាប់ម៉ូតូព្រោះលោកអាងថាមានរបងផ្ទះព័ទ្ធជុំវិញអស់ហើយនិងបានចាក់សោរបងជាប់ជាស្រេច។
លោក ឯម បោយ បានបន្តថា នៅពេលព្រលឹមស្រាងៗលោកបានក្រោកពីដេកចុះមកក្រោមផ្ទះស្រាប់តែបាត់ម៉ូតូScoopyមិនដឹងទៅណាហើយក៏ឃើញទ្វារបងខាងក្រោយផ្ទះរបើកទើបដឹងថា មានចោរចូលលួចយកម៉ូតូចេញតាមទ្វារក្រោយ។
ម្ចាស់ផ្ទះជនរងគ្រោះបានបន្តថា ពេលនោះលោកដើរមើលជុំវិញផ្ទះក៏ប្រទះឃើញបុរសម្នាក់ដេកលក់នៅក្រោមដើមឈើមុខផ្ទះក៏ទូរស័ព្ទហៅសមត្ថកិច្ចចុះមកមើលនិងឃាត់ខ្លួនជនសង្ស័យ។
លោកវរសេនីយ៍ទោ ចាន់ហោ នាយរងការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ សុក វី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិផ្អាវ ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះនិងមានសម្ភារៈជាប់ខ្លួនដូចជា សោអូតូម៉ាទិចចំនួនមួយ កន្ត្រៃកាត់ដែកចំនួនមួយ ភ្លើងគោមមួយដែកកេះ២។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសុកវីបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ(០៧ ខែសីហា ឆ្នាំ២០១៥)ខ្លួននិងបក្សពួកម្នាក់ទៀតបានមកធ្វើសកម្មភាពបម្រុងលួចម៉ូតូនៅផ្ទះកើតហេតុ ដោយសារម្ចាស់ផ្ទះមិនទាន់បិទភ្លើងដេកពួកខ្លួនទាំងនាក់ក៏នាំគ្នាដេកនៅក្រោមដើមឈើនៅមុខផ្ទះ
កើតហេតុរង់ចាំយប់ស្ងាត់ទើបចូលលួចដោយផ្លោះរបងផ្ទះខាងមុខ។
បន្ទាប់មកពួកខ្លួនក៏ដេកលក់មិនដឹងតាំងពីពេលណារហូតដល់ពេលភ្លឺក៏ឃើញម្ចាស់ផ្ទះនិងសមត្ថកិច្ចមកចាប់ខ្លួន។
លោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យម្នាក់ទៀតដែលយកម៉ូតូScoopyរបស់ជនរងគ្រោះជិះគេចខ្លួន។
ចំណែកឈ្មោះសុកវីត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ទៅលួចម៉ូតូScopy២នាក់បក្ខពួកបែរជាដេកលក់ឲ្យប៉ូលិសចាប់បានយ៉ាងស្រួល

0 Comments