ក្រចេះ ៖ ថ្លែងនៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក.) លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានជំរុញឲ្យមន្ទីរកសិកម្មខេត្តត្រូវចេះស្វែងរកនូវគ្រាប់ដែលមិនរើសតំបន់ដី និងមានទិន្នផលខ្ពស់ ដើម្បីត្រៀមបង្ការទប់ស្កាត់ សម្រាប់ផ្គត់ផ្គង់ដល់ភាពកង្វះខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលរងគ្រោះ និងឲ្យប្រជាពលរដ្ឋត្រូវចេះត្រៀមបម្រុងនូវគ្រាប់នូវពូជដោយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍន៍ដល់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។
សិក្ខាសាលាផ្សព្វផ្សាយធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលមហោ ស្រពខេត្តក្រចេះ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង២០០នាក់ ជាមន្ត្រីជំនាញដែលមកពីគ្រប់ការិយាល័យក្រុងស្រុកនៃខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនៈគិរី។
លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោងឧបត្ថម្ភស្បៀងបន្ទាន់មានប្រសាសន៍បន្តថា គោលបំណងនៃវគ្គសិក្ខាសាលានេះ គឺដើម្បីឲ្យឲ្យសិក្ខាកាមដែលមកពីតាមមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក និងបណ្ដាញគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិគឺយល់ច្បាស់លាស់អំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងការចូលរួមអនុវត្ត និងអាចប្រើប្រាស់នីតិវិធីរួមសម្រាប់ក្នុងការបំពេញកាតព្វកិច្ចជួយពលរដ្ឋ និងកសិករក្រីក្រនិងងាយរងគ្រោះដែលមានតម្រូវការចាំបាច់នូវស្បៀង និងឬគ្រាប់ពូជបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ននានានៅកម្ពុជា ស្របតាមសមត្ថកិច្ចរៀងៗខ្លួន។
ហើយសំខាន់ក្នុងការបង្កើត ប.ស.ប.ក. សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាស្បៀងជាអង្ករពេលមានគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា និងផ្តល់នូវគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីអាចមានលទ្ធភាពស្តារការដាំដុះឡើងវិញនូវដំណាំដែលខូចខាតដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា។
លោកបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយមកដល់ពេលនេះ បានដំណើរការជួយប្រជាជន កសិករក្រីក្រ និងងាយរងគ្រោះដោយសារគ្រោះទឹកជំនន់ និងរាំងស្ងួត បាន២ឆ្នាំ ហើយគឺកាលពីឆ្នាំ២០១៣ និង២០១៤កន្លងទៅ។ ហើយសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏មានការបម្រុងស្បៀងជាអង្ករសរុបចំនួន១៦.០០០តោន និងបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវដំបូងសមមូលនឹង៣.០០០តោន និងបម្រុងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំដំបូងសមមូលនឹង៥០តោន។
ដើម្បីធានាការគ្រប់គ្រងស្បៀងបម្រុង និងគ្រាប់ពូជបម្រុងមានប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិខ្ពស់នោះ ប.ស.ប.ក. បានបម្រុងស្បៀង និងគ្រាប់ពូជជារូបវន្តផង និងជាសាច់ប្រាក់ផង គឺ៖ (១)ស្បៀងបម្រុងជារូបវន្តសមមូលនឹងអង្ករចំនួន១០.០០០តោន បម្រុងគ្រាប់ពូជស្រូវជារូបវន្តសរុបចំនួន ២.០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំជារូបវន្តសរុបចំនួន២៥តោន និង(២) ការបម្រុងស្បៀងជាសាច់ប្រាក់សមមូលនឹងអង្ករចំនួន៦.០០០តោន ការបម្រុងគ្រាប់ពូជស្រូវជាសាច់ប្រាក់អាចទិញស្រូវពូជបានចំនួន១.០០០តោន និងការបម្រុងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំជាសាច់ប្រាក់អាចទិញគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗបាន២៥តោន។
ប.ស.ប.ក. ជាប្រព័ន្ធមួយដែលមានស្ថាប័នចូលរួមអនុវត្តជាច្រើនទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកសិកម្ម) ក្រសួងពាណិជ្ជកម្ម (ក្រុមហ៊ុនហ្គ្រីនត្រេដ) និងកាកបាទក្រហមកម្ពុជា។
ដោយឡែកនៅថ្នាក់ក្រោមជាតិរួមមាន ៖(១)មន្ទីរកសិកម្មរាជធានីខេត្ត និងការិយាល័យកសិកម្មស្រុក និង(២)បណ្ដាញគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ គឺ ព្រមទាំងអាជ្ញាធរភូមិ និងសហគមន៍មូលដ្ឋានផងដែរ៕
មន្ទីរកសិកម្មគួរស្វែងរកគ្រាប់ពូជស្រូវ និងដំណាំរួមផ្សំ ដែលមិនរើសតំបន់ដី
0 Comments