Ad Code

បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បញ្ជូន​ទៅ​តុលាការ​

កំពង់ចាម ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខត្ត​កំពង់ចាម​ក្នុង​រយៈពេល​២​ថ្ងៃ​បាន​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ចំនួន​២​លើក ​និង​ដក​ហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌ស​ចំនួន​៨​កញ្ចប់​ព្រមទាំង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៣​នាក់​រៀបចំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។​


លោក​វរសេនីយ៍ទោ សោម រស់ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី០៦ ខែ​កញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មានការ​ធ្វើ​ចរាចរ​ថ្នាំញៀន​លាក់​ក្នុង​នំប៉័ង​ផ្ញើ​ពី​ភ្នំពេញ​តាមរយៈ​អ្នក​រត់​តាក់ស៊ី​មក​ឲ្យ​មុខសញ្ញា​នៅ​ស្រុក​ចំការ​លើ ​ខេត្ត​កំពង់ចាម​។​ នៅ​វេលា​ម៉ោង​១៧​និង​១៧នាទី​ថ្ងៃ​ដដែល​ កម្លាំង​សមត្ថកិច្ច​ដែល​ឃ្លាំមើល​រថយន្ត​សង្ស័យ​មកពី​ភ្នំពេញ​ហើយ​យក​នំប៉័ង​(​ជា​បញ្ញើ​)មក​ប្រគល់​ឲ្យ​ជនសង្ស័យ​ម្នាក់​ដែល​បាន​រង់​ចាំ​នៅ​ចំណុច​ភូមិ​ជយោ​ឃុំ​ជយោ​ស្រុក​ចំការលើ​ ភ្លាមៗនោះ​ភ្នាក់ងារ​របស់​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែកឆេរ​នំប៉័ង​នោះ​ក៏​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌ស​១​កញ្ចប់​ធំ ​មាន​ទម្ងន់១,៦៧​ក្រាម។​ ផ្អែក​តាម​ភស្តុតាង​ជាក់ស្ដែង ​សមត្ថកិច្ច​ក៏បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉េង ឃី​ន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជយោ ​ឃុំ​ជយោ ​ខេត្ត​កំពង់ចាម។


លោក សោម រស់ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០១៥ ​វេលា​ម៉ោង​១៧​និង​៣០​នាទី​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ការ​ជំនាញ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ថ្នល់កែង ​ស្ថិត​ក្នុង​ភូមិ​តា​បែក ​ឃុំ​សំបូរ ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​គឺ ១-​ហាក់ ធា​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​មុខរបរ​ជាង​បិទ​ស្គុត​ម៉ូតូ ​រស់នៅ​ភូមិ​តា​បែក ​ឃុំ​សំបូរ​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម។​ ២-​កែម វា​សនា ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​ជា​សិស្ស​រស់នៅ​ភូមិ​ភ្នំ​ដិ​ល​ ឃុំ​តាំង​ក្រាំង ​ស្រុក​បា​ធាយ ​ខេត្ត​កំពង់ចាម។

លោក ​សោម ​រស់​ បញ្ជាក់​ថា ​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌ស​ចំនួន​៧​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ​ដាវ​១​ដើម ​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន​ ប្រាក់​រៀល​ចំនួន​១,០០០,០០០​រៀល​(​មួយ​លាន​រៀល​)។​


លោក​វរសេនីយ៍ឯក ឯម កុសល ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ចំនួន៨​កញ្ចប់​(២​ករណី​)​ខាង​លើ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
Pisey-2015-09-08-full-E


Pisey-2015-09-08-full-E1



បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បញ្ជូន​ទៅ​តុលាការ​

Post a Comment

0 Comments

Close Menu