Ad Code

ក្រុម​គ្រួសារ​តារា​កំប្លែង​នាយ​វីតាមីន​សេ ​ដង្ហោយ​សុំ​ឲ្យ​សប្បុរសជន​ជួយ

ភ្នំពេញ ៖ ក្រោយពេល​លោក ​ម៉ៅ សាមឿន​ ហៅ​នាយ​វីតាមីន​សេ​ បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​ដែល​ចាំបាច់​ត្រូវការ​ថវិកា​មួយ​ចំនួន​ធំ​ដើម្បី​ធ្វើការ​វះកាត់​នោះ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​ជើងចាស់​រូប​នេះ​ក៏បាន​ដង្ហោយ​សុំ​ឲ្យ​សប្បុរសជន​នានា​ក៏ដូចជា​សមាគម​សិល្បករ​ខ្មែរ​ជួយ​ដល់​គាត់​ផង​ដែរ។


អ្នកនាង​ប៉េងប៉ោង​ កូនស្រី​បង្កើត​របស់​នាយ​វីតាមីន​សេ​បាន​និយាយ​ឲ្យ​ដឹង​ថា ឪពុក​របស់​នាង​មាន​អាយុ​៦៧​ឆ្នាំ​ទៅ​ហើយ​ ដែល​សព្វថ្ងៃ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​លើស​ជាតិ​ស្ករ ឫសដូងបាត​ និង​ជំងឺ​ម្យ៉ាងទៀត​គេ​ហៅថា​បូស​អន្ទង់​ ដោយ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​ជាបន្ទាន់​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​កញ្ញា​នេះ។


ប៉េងប៉ោង​និយាយ​បន្ត​ថា នេះ​មិន​មែន​ជា​លើកទីមួយ​ទេ​ដែល​ឪពុក​របស់​អ្នកនាង​ត្រូវ​បាន​បញ្ជូ​ន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ ហើយ​នៅ​ពេល​នេះ​ដែរ​ ស្ថានភាព​ជំងឺ​ហាក់បីដូចជា​ធ្ងន់ធ្ងរ​មាន​ខ្ទុះ ឈាម​ហូរ​គួរ​ឲ្យ​ព្រួយបារម្ភ។​


ដំណក់​ឈាម​របស់​នាយ​វីតាមីន​សេ​និយាយ​បន្ថែម​ថា មួយ​រយៈ​ចុងក្រោយ​នេះ​ឪពុក​របស់​នាង​មិនបាន​លេង​កំប្លែង​ដូច​ពេល​មុនៗ​នោះ​ទេ នេះ​ក៏​ព្រោះតែ​សុខភាព​របស់​គាត់​ចុះ​ខ្សោយ​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ ហើយ​នៅ​ពេល​នេះ​បើ​តាម​ការ​និយាយ​ប្រាប់​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ​អ្វី​ដែល​មានការ​ព្រួយបារម្ភ​នោះ​ គឺ​ឪពុក​របស់​នាង​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ដល់​ការវះកាត់​ប្រភេទ​ជំងឺ​បូស​អន្ទង់​នេះ។​


អ្នកនាង​ប៉េងប៉ោង​និយាយ​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃនេះ​ គឺ​មាន​អ្នក​សិល្បៈ ​ក៏ដូចជា​សប្បុរសជន​មួយ​ចំនួន​បាន​មក​សួរសុខទុក្ខ​ និង​ជួយ​ផ្តល់​ជា​ថវិកា​ដើម្បី​ព្យាបាល​ជំងឺ​ឪពុក​របស់​នាង​ផង​ដែរ។


រូប​នាង​ ព្រមទាំង​ក្រុម​គ្រួសារ​សូម​ថ្លែងអំណរគុណ​ និង​អំពាវនាវ​ដល់​សប្បុរសជន ​ក៏ដូចជា​សមាគម​សិល្បករ​ខ្មែរ​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង ពីព្រោះ​ពេលនេះ​កំពុងតែ​ខ្វះខាត​ប្រាក់​កាស​មួយ​ចំនួន​ធំ​ដើម្បី​ព្យាបាល​ជំងឺ​ឪពុក​របស់​នាង ជាពិសេស​សូម​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​មេត្តា​ជួយ​ដល់​ឪពុក​របស់​នាង​ផង​ដែរ​៕

Pisey-2015-09-08-full-B40


Pisey-2015-09-08-full-B41



ក្រុម​គ្រួសារ​តារា​កំប្លែង​នាយ​វីតាមីន​សេ ​ដង្ហោយ​សុំ​ឲ្យ​សប្បុរសជន​ជួយ

Post a Comment

0 Comments

Close Menu