Ad Code

ជិះ​រថយន្ត​មិន​គោរព​ភ្លើងស្តុប​ សមត្ថកិច្ច​តាម​ឃាត់​ បើក​បំបុក​សមត្ថកិច្ច​ទាំង​កម្រោល

ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បាន​បើក​រថយន្ត​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​(​ស្ដុ​ប​) ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់ ប៉ុន្តែ​រូបគេ​មិនបាន​ឈប់​ការ​បញ្ជា​របស់​សមត្ថកិច្ច ​ថែមទាំង​បុក​សមត្ថកិច្ច​ទាំង​កម្រោល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទៀត​ផង។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​ក្រពើ​ហា នៅ​លើ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ក្រពើ​ហា ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ។


លោក​វរសេនីយ៍ទោ​ស៊ឹម ប៊ុតបណ្ឌិត​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​ បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​VISTO ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-7833 បើកបរ​ដោយ​ឈ្មោះ​មិន ម៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល។


លោក​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​។ លុះ​មកដល់​ចំណុច​កើតហេតុ អ្នកបើកបរ​មិនបាន​គោរព​ភ្លើង​សញ្ញា​(​ស្តុ​ប) ក៏​ត្រូវ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​នោះ​ឈ្មោះ​ចាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ដេញ​តាម​ឃាត់ ប៉ុន្តែ​រថយន្ត​មិនបាន​ឈប់​តាម​ការ​បញ្ជា​របស់​សមត្ថកិច្ច​ទេ រួច​ក៏បាន​បន្ថែម​ល្បឿន​បុក​សមត្ថកិច្ច បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​(​ប្រេះ​ឆ្អឹង​ភ្នែកគោ​ខាងឆ្វេង​)​ត្រូវ​បាន​មិត្តភ័ក្ត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សម្ភព​ផល្លី។ ក្រោយពេល​កើតហេតុ​រថយន្ត​មិន​បាន​ឈប់​ទេ ​ហើយ​បាន​បើក​រត់​រហូត​ដល់​ផ្ទះ​អ្នក​ស្គាល់​គ្នា​នៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាំង​រថយន្ត​និង​អ្នកបើកបរ នាំ​យក​មក​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​មធ្យោបាយ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្ដោះអាសន្ន៕
M11-09-15-1



ជិះ​រថយន្ត​មិន​គោរព​ភ្លើងស្តុប​ សមត្ថកិច្ច​តាម​ឃាត់​ បើក​បំបុក​សមត្ថកិច្ច​ទាំង​កម្រោល

Post a Comment

0 Comments

Close Menu