Ad Code

យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​សម្លាប់​ពួក​តា​លី​បង់​ក្នុង​អាហ្វហ្គានីស្ថាន​

ក្រុម​មន្ត្រី​ស៊ើបការណ៍​បាន​និយាយ​ថា ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​បាន​សម្លាប់​សកម្មប្រយុទ្ធ​ប៉ា​គី​ស្ថាន​យ៉ាងហោចណាស់ ១៥នាក់​នៅក្នុង​សង្កាត់ Gomal ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​កាលពី​ថ្ងៃ​ពុធ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ប៉ា​គី​ស្ថាន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​



មន្ត្រី​ស៊ើបការណ៍​ម្នាក់​បាន​និយាយ​ថា “​សាកសព​របស់​ពួក​សកម្មប្រយុទ្ធ​ចំនួន​១៥​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នឹង​ត្រូវ​បញ្ជូន​ទៅ​កន្លែង​កំណើត​របស់​ពួកគេ​នៅក្នុង​ក្រុង Dera Ismail Khan ដែល​ជា​ក្រុង​មួយ​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន”។



មន្ត្រី​ចំនួន​បី​នាក់​បាន​បញ្ជាក់​ថា ពួក​សកម្មប្រយុទ្ធ​ទាំង ១៥​នាក់​នេះ​គឺជា​បក្សពួក Gandapur នៃ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ដែល​ដឹកនាំ​ដោយ​លោក Mullah Fazlullah ដែល​បុរស​ម្នាក់​នេះ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​សិស្ស​ជាង ១៣០​នាក់​នៅក្នុង​សាលា​មួយ​ក្នុង ទីក្រុង Peshawar កាលពី​ខែធ្នូ​។​



ការវាយប្រហារ​នេះ​បាន​កើត​ឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ប្រទេស​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​យល់ព្រម​បញ្ចប់​ការ​ស្តី​បន្ទោស​ដាក់គ្នា​នៅ​លើ​ការវាយប្រហារ​របស់​ក​ង​ទ័ព​និង​ធ្វើការ​ដើម្បី​ស្ដារ​ការ​ជឿ​ទុកចិត្ត​គ្នា​ឡើងវិញ​។​



ប្រទេសជិតខាង​ទាំងពីរ​នេះ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា ​បាន​ធ្វើ​កិច្ចការ​តិចតួច​ពេក​ដើម្បី​ទប់ស្កាត់​ពួក​យុទ្ធ​ជនតា​លី​បង់​និង​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ដទៃទៀត​មិន​ឲ្យ​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​របស់​ខ្លួន​។​



ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani ចង់​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិត​ស្និត​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ពេល​ដែល​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន​ដោយ​សង្ឃឹមថា​ ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​តា​លី​បង់​ចូល​មក​កាន់​តុ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​រយៈ​ពេល​វែង​របស់​អាហ្វហ្គានីស្ថាន។​



ទំនាក់ទំនង​បាន​ចេញ​ជា​ផ្លែផ្កា​នៅក្នុង​ខែកក្កដា​ជាមួយនឹង​ការយល់ព្រម​រៀបចំ​កិច្ច​ចរចា​សន្តិ​ភាពជា​មួយ​ពួក​សកម្មប្រយុទ្ធ​។​ ប៉ុន្តែ​បន្ទាប់ពី​ការ​អះអាង​នៃ​ការ​ស្លាប់​របស់​ស្ថាបនិក​នៃ​ក្រុម​នេះ​គឺ​លោក Mullah Mohammad Omar ដំណើរការ​នៃ​កិច្ច​ចរចា​ត្រូវ​បាន​ផ្អាក​ហើយ​ពួក​តា​លី​បង់​បាន​ចាប់​ផ្តើម​រលក​នៃ​ការវាយប្រហារ​នៅក្នុង​ក្រុង​កា​ប៊ុល​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៥០​នាក់​ ហើយ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ប៉ា​គី​ស្ថាន​និង​អាហ្វហ្គានីស្ថាន​ធ្លាក់​ចូលក្នុង​ភាព​តានតឹង​៕


Reuters




យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​សម្លាប់​ពួក​តា​លី​បង់​ក្នុង​អាហ្វហ្គានីស្ថាន​

Post a Comment

0 Comments

Close Menu