កំពង់ធំ ៖ មានការភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត្រ ដោយសារតែមានអគ្គិភ័យ បានលេបត្របាក់ ផ្ទះល្វែង ក្នុងចំនួន៣ខ្នង ក្នុងផ្សារកំពង់ថ្ម កាលពីវេលាម៉ោង ៣និង៥នាទី ថ្ងៃទី ២ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុបណ្ដាល ឲ្យមានអគ្គិភ័យឆាបឆេះផ្ទះល្វែងលក់ទំនិញរបស់ក្រុមអាជីវករផ្សារកំពង់ថ្ម ដែលបានសង់នៅក្នុងបរិវេណបេឡានផ្សារកំពង់ថ្ម ធ្វើអំពីឈើ ដំបូលស័ង្កសី ទំហំ៤ម បណ្តោយ ១៥ម ជាដំបូងគេឃើញ មានអណ្ដាតភ្លើងឆេះតិចតួចចេញពីក្នុងផ្ទះ អ្នកដែលបានឃើញហេតុការណ៍ បាននាំគ្នារត់ទៅគោះទ្វារម្ចាស់ដែលបានដេកចាំក្នុងនោះ តែពុំមានអ្នកណាងើបឡើយ លុះក្រោយមកទើបដឹងថា នៅក្នុងផ្ទះល្វែងចំនួន២ខ្នងបានចាក់សោជាប់គ្មានមនុស្សនៅ ដោយសារអ្នកចាំស្តង់ទៅដេកផ្ទះមិត្តភក្ដិបាត់ បណ្ដាលឲ្យ ភ្លើងឆេះរាលដាលរហូតដល់ទៅ៣ល្វែងជាប់គ្នា ឆេះអស់រលីងគ្មានសល់ សំណាងល្អផ្ទះល្វែងទាំង ៣នេះនៅចន្លោះ ផ្ទះថ្មនៅជុំវិញ ទើបមិនបណ្ដាលឲ្យឆេះរាលដាលទៅឆេះផ្ទះអ្នកដ៏ទៃ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ការបង្កឲ្យមានការឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយសារតែនៅក្នុងស្តង់គ្មានមនុស្សនៅ ចំណែកម្ចាស់ផ្ទះល្វែងត្រូវបានស្គាល់ឈ្មោះ ទី១ឈ្មោះ. ខៀវ វឿន ភេទ ប្រុសអាយុ៦៧ឆ្នាំ ទី២ ឈ្មោះ ហួនរឿន អាយុ ៣៤ឆ្នាំ ទី៣ ឈ្មោះ ឃ្លាំងឃឿន សុទ្ធតែអាជិវករលក់ អីវ៉ាន់ចាហួយ ២ល្វែង និងផ្ទះលក់គ្រឿងសំណង់មួយគ្រឿង ក្នុងផ្សារកំពង់ថ្ម។
ក្រោយពីហេតុគេសង្កេតឃើញ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក ហាក់ ហួតអភិបាលស្រុកបារាយណ៍ ចុះត្រួតពិនិត្យស្ថានភាពភ្លើងឆេះ ផ្ទះល្វែងក្នុងផ្សារកំពង់ថ្ម និងបានអគុណ ចំពោះកងកម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំជួយអន្តរាគមន៍ ពន្លត់ និងទប់ស្កាត់អគ្គីភ័យមិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋបន្ថែមទៀត។ សូមបញ្ជាក់ផងដែរថា ផ្សារកំពង់ថ្ម ត្រូវបានភ្លើងឆេះចំនួន២ដងមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥កន្លងមកនេះ៕
អគ្គិភ័យបានលេបត្របាក់ផ្ទះល្វែង៣ខ្នង បន្សល់តែផេះខណៈពេលម្ចាស់មិននៅ
0 Comments