Ad Code

មន្ត្រីរាជការ សមត្ថកិច្ច សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៣​ឆ្នាំ​

កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥​នេះ នៅ​វត្ត​ធម្ម​វ័​ន្ត ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មន្ត្រីរាជការ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញា​ណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៣​ឆ្នាំ។ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៣​ឆ្នាំ​នោះ​ផង​ដែរ​មានការ​អាន​រំលឹក​នូវ​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ​ថា ព្រះករុណា​ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ​ពេល​ដែល​ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​កាលណា​មក ព្រះអង្គ​មាន​ស្នាដៃ​ល្អៗ​យ៉ាង​ច្រើន​ក្នុង​ការ​បម្រើ​ជាតិ និង​រំដោះ​ជាតិ​មាតុភូមិ ពិសេស​គឺ​រំដោះ​ប្រជាជន​ឲ្យ​ចេញពី​នឹម​ត្រួតត្រា​របស់​បារាំង​សេះ និង​បន្ត​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ព្រះអង្គ​ទ្រង់​បាន​យាង​សោយ​ព្រះ​ទិវង្គត​នៅ​ក្នុង​ព្រះ​ជន្មាយុ​៩០​វស្សា​ដោយ​ព្រះ​ជរាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​


សូម​បញ្ជាក់​ថា ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ទី​ដែល​ព្រះអង្គ​យាង​ទៅ​ពិនិត្យ ព្រះរាជ​សុខភាព។ ព្រះអង្គ​យាង​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា។​


ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះ​ដែរ មន្ត្រីរាជការ​ទូទាំង​ខេត្ត សមត្ថកិច្ច ព្រះសង្ឃ និស្សិត សិស្ស និង​ប្រជាពលរដ្ឋ​ជា​កូន​ជា​ចៅ ជា​ចៅទួត នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់​សូម​កម្បង់​អញ្ជលី​បួងសួង​ដល់​គុណព្រះរតនត្រ័យ សូម​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម​សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​បាន​យាង​ទៅ​សោយ​ព្រះ​បរមសុខ​ក្នុង​សុគតិភព។ សូម​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​ដ៏​សក្ដិ​សិទ្ធិ​របស់​ព្រះអង្គ​តាម​ជួយ​ប្រោស​ប្រទាន​សាធុការ​ពរជ័យ​ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​ប្រកបដោយ​វឌ្ឍនភាព វិបុលភាព សន្តិភាព និង​សុខក្សេមក្សាន្ត រុងរឿង​ជា​អង្វែង​ត​រៀង​ទៅ៕ Pisey-2015-10-15-full-a90Pisey-2015-10-15-full-a91 Pisey-2015-10-15-full-a94




មន្ត្រីរាជការ សមត្ថកិច្ច សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៣​ឆ្នាំ​

Post a Comment

0 Comments

Close Menu