កន្លែងណាដែលមានសំបុកឪម៉ាល់ចាស់ទុំតែងបានប្រាប់កូនចៅថា កុំទៅប៉ះពាល់វា ព្រោះបើទៅរំខានវានោះប្រាកដជាយើងទាំងអស់គ្នាមិនអាចរស់នៅបានសុខសប្បាយនោះទេ។ ដ្បិតបើយើងមិនទៅរុកកួនបំផ្លាញវាទេនោះក៏វាមិនហើរតាមទិចយើងដែរ ហើយវាទិចទាំងអ្នកទៅរុកវាផង និងបានទិចដល់់អ្នកដែលនៅទីនោះជាមួយគ្នាផង។ នេះហើយដែលដូនតាបានញ្ជាក់អំពីកំហឹងរបស់សត្វឪម៉ាល់។
ជាការពិតណាស់ទាំងមនុស្សនិងទាំងសត្វតែងមានបំណងចង់រស់នៅក្នុងសភាពជាសុខសប្បាយដូចគ្នា ក្នុងករណីដែលមានការរំខានធ្វើអោយប៉ះពាល់ដល់សេចក្តីសុខនោះប្រាកដជាមានប្រតិកម្មតបតមកវិញជាក់ជាមិនខានតាមរយៈភ្លើងកំហឹង ដែលគេធ្វើការប្រៀបប្រដូចទៅនឹងការចាក់សាំងដាក់ភ្លើងយ៉ាងនោះដែរ។ នេះជាសភាវគតិដែលសត្វនិងមនុស្សតែងមានដូចគ្នាហើយដែលដូនតា និងបុរាណាចារ្យបានទុកជាបណ្តាំមកថា យើងអោយគេសុខគេក៏អោយយើងសុខដែរ។ ផ្ទុយទៅវិញបើយើងគេអោយទុក្ខគេនោះក៏ចៀសមិន ផុតពីការដែលគេអោយទុក្ខត្រឡប់មកយើងវិញដែរ។ ជួនកាលទង្វើប្រកបដោយកំហឹងនោះ វាមិនខុសពីគ្រោះអគ្គិភ័យនោះទេគឺវាតែងមានការរាលដាលដល់អ្វីៗដែលនៅជិតខាងនោះពិតប្រាកដ។ ដូចករណីអំពីគ្រោះអគ្គិភ័យមានប្រភពចេញពីផ្ទះមួយទេ តែបើគេពន្លត់មិនទាន់ ឬគ្មានលទ្ធភាពក្នុងការពន្លត់ទេនោះវាតែងបណ្តាលអោយឆេះរាលដាលបន្តដល់ផ្ទះអ្នកជិតខាង បង្កើតនូវភយន្តរាយគួរអោយសោកសៅជាទីបំផុត។
បើនិយាយអំពីបញ្ហាភ្លើងកំហឹងវិញក៏មិនខុសពីគ្រោះអគ្គិភ័យនោះដែរ។ ជាក់ស្តែងពាក្យចាស់បានលើកឡើងអំពីបញ្ហាសង្គ្រាមស្រុកទេសកាលពីបុរាណដែលមានប្រភពតែ អ្នកធំដណ្តើមអំណាចគ្នានោះទេ ហើយបណ្តាលអោយរងគ្រោះដល់អ្នកតូចតាច។ យ៉ាងនេះហើយទើបដូនតាបានបន្សល់នូវទស្សនៈថា “ដំរីជល់គ្នាងាប់ស្រមោចសង្អារ “។ បានសេចក្តីថាស្រមោចសង្អារជាសត្វតូចតាចស្លូតត្រង់ ឥតដឹងរឿងអ្វីសោះបែរជាទទួលរងគ្រោះស្លាប់ ឬមានរបួសតាមរយៈការធ្វើសង្គ្រាមក្នុងសមរភូមិទៅវិញ។ នេះជារឿងកំហឹងរបស់មនុស្សដែលកាន់តែបន្តរីកធំឡើងៗដែលធ្វើអោយជនស្លូតត្រង់ ឥតមានការពាក់ព័ន្ធនឹងបក្ខពួកខាងណាសោះនោះក៏បានក្លាយខ្លួនទៅជាចំណីសង្គ្រាមយ៉ាងវេទនាខ្លោចផ្សាផងដែរ។
ការពិតហេតុបង្កើតផល ឬផលកើតឡើងដោយសារមានហេតុគឺមានន័យថា មានប្រភពច្បាស់លាស់ដែលបណ្តាលអោយមានការប្រែប្រួលនោះដែលវាមិនខុសពីការប្រៀបប្រដូចទៅនឹងការរុកសំបុកឪម៉ាល់នោះទេ។ ឧទាហរណ៍ សំបុកឪម៉ាល់ដែលនៅក្បែរផ្លូវដែលមានអ្នកដំណើរទៅមកច្រើន ហើយក្រោយពេលដែលមានជនខិលខូចម្នាក់ ឬពីរនាក់បានទៅរុកសំបុកឪម៉ាល់នោះគឺ សត្វឪម៉ាល់បានហើរព្រោងព្រាតសំដៅទិចមនុស្សដែលជាអ្នកដំណើរនោះឥតរើសមុខឡើយ ព្រោះវាជាកំហឹងយ៉ាងក្រពុលមុខរបស់ឪម៉ាល់ទៅហើយ។
ផ្តើមចេញពីការរៀបរាប់ខាងលើនេះចំពោះទិដ្ឋភាពជាក់ស្តែងនៃបញ្ហានយោបាយរបស់គណបក្សសង្គ្រោះជាតិក៏គេឃើញមេៗនៃគណបក្សនោះទេដែលតែងប្រកាន់នូវគោលជំហរកុហកបោកប្រាស់ថ្មីៗកន្លងមកនេះ។ ឯអ្នកដែលមានកំហឹងចុកចាប់ជាមួយមេៗនៃគណបក្សនេះក៏ គេគិតថា មិនខុសពីពាក្យចាស់ពោលថា “ដង្កូវកើតចេញពីសាច់” នោះដែរ។ ម្យ៉ាងទៀតចំពោះអ្នកដែលធ្លាប់បានគាំទ្រនៃគណបក្សនេះកន្លងមកក៏មានការបែកចិត្តខ្លះចុះចេញដោយលែងមានការស្តាយស្រណោះទៀតផង។ ឯអ្នកខ្លះគេមានគំនុំដោយស្អប់ខ្ពើម ព្រោះមេៗមានការភូតភរច្រើនពេកដូចករណីធ្វើបាតុកម្មទាមទារអោយគេដកលោកកឹម សុខាចុះចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាដោយសារគាត់មានចរិតខាងភរបោកប្រាស់ និងប្រើសម្តីដោយការយកមេឃទ្រាប់គូទអង្គុយ។
មកដល់ដំណាក់ការនេះក៏មិនខុសពីការប្រៀបប្រដូចទៅនឹងលោក កឹម សុខា ជាអ្នករុកសំបុកឪម៉ាល់នោះដែរគឺ លទ្ធផលត្រូវឪម៉ាល់ដេញទិចដែលទិចដល់អ្នកដែលនៅក្នុងចង្កោមជាមួយលោកកឹម សុខា ទៀតផង។ បានសេចក្តីថា ប្រភពនៃរឿងរ៉ាវនេះវាមិនខុសពីការបែកសំបុកឪម៉ាល់ព្រោះតែមេៗនៃគណបក្សសង្គ្រោះជាតិជាអ្នករុកកួនញុះញង់បង្កចលាចលនោះឡើយ៕
ទស្សនៈ ៖ អ្នករុកសំបុកឪម៉ាល់
0 Comments