Ad Code

ទំនិញ​ខូច​គុណភាព​ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ចាំ​យាម​ ដោយ​សេរី​គ្មាន​ការ​ត្រួតពិនិត្យ

កោះកុង​ ៖ ​ទំនិញ​ខូចគុណភាព​ជា​ប្រភេទ​គ្រឿង​ឧបភោគបរិភោគ ដូចជា​ស្លាប​មាន់ កោះ​មាន់ សាច់​មាន់ ត្រូវ​គេ​បង្ហូរ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា តាម​ច្រក​ចាំ​យាម ដោយ​ពុំ​មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ពាក់ព័ន្ធ​នោះ​ឡើយ។


បើ​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សាច់​មាន់ កោះ​មាន់ ដែល​ខូចគុណភាព ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​អន្តរជាតិ​ចាំ​យាម យក​មក​ធ្វើការ​ចែកចាយ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត​កោះកុង ព្រមទាំង​មាន​ខ្លះ​យក​ទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា ដោយ​ពុំ​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ត្រួតពិនិត្យ​ទេ គឺ​ពួកគេ​ចាំតែ​លាដៃ​យកលុយ រួច​បណ្តោយ​ឲ្យ​ទំនិញ​ទាំងនោះ​ចូល​មក​ដោយ​សេរី។


ជាក់ស្ដែង​កាលពី​​​ទៀបភ្លឺ​ថ្ងៃទី​២៨ ​ខែ​តុលា ​ឆ្នាំ​២០១៥​ សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ កោះមាន់ ខូចគុណភាព​ជាច្រើន​បាវ ត្រូវ​ក្រុម​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ចាំ​យាម យ៉ាង​រំភើយ​ដោយ​ពុំមាន​មន្ត្រី​ណា​ម្នាក់​ត្រួតពិនិត្យ​នោះឡើយ​។​


ចំពោះ​បញ្ហា​ទាំងនេះ លោក ថេ​ង ម៉ុង​ហួន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ចាំ​យាម​បាន​មានប្រសាសន៍ថា លោក​ពុំ​បានដឹង​អំពី​បញ្ហា​នាំ​សាច់មាន់ និង​ស្លាបមាន់​ខូចគុណភាព​ចូល​នោះទេ​ ហើយ​កន្លងមក​លោក​ធ្លាប់តែ​ឮ​កូនចៅ​ប្រាប់ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​នាំចូល តែ​ជា​លក្ខណៈ​តូចតាច ដូចជា​ត្រឹម​មួយថង់​ពីរថង់​ប៉ុណ្ណោះ។


បើតាម​លោក ថេ​ង ម៉ុង​ហួន ករណី​ជង្គង់​មាន់ និង​ស្លាបមាន់​នេះ គឺជា​ភារកិច្ច​របស់​កាំកុងត្រូល ព្រោះ​គេ​មាន​ឡា​បូ​សម្រាប់​ត្រួតពិនិត្យ។ ចំណែក​ខាង​លោក​គឺ​គ្រាន់តែ​ជា​អ្នកត្រួតពិនិត្យ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​នោះទេ។


លោក​ឡាយ សុខ​សៅ​គ​ន្ធា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ​នៅថ្ងៃនេះ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល៕


M29-10-15-f2


M29-10-15-f1



ទំនិញ​ខូច​គុណភាព​ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ចាំ​យាម​ ដោយ​សេរី​គ្មាន​ការ​ត្រួតពិនិត្យ

Post a Comment

0 Comments

Close Menu