Ad Code

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​៖ ​ប្រតិបត្តិការ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​យេ​មែន​ជិត​បញ្ច​ប់​ហើយ​

រដ្ឋមន្ត្រីការបរទេស​របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិបត្តិការ​យោធា​ដឹកនាំ​ដោយ​អារ៉ា​ប៊ីសាអ៊ូឌីត​នៅក្នុង​ប្រ​ទេស​យេ​មែន​ជិត​ដល់ទី​បញ្ចប់​ហើយ​នៅពេល​ពួកគេ​ផ្ដោត​សំខាន់​ទៅលើ​កិច្ច​ចរចា​នយោបាយ​ជំនួស​វិញ ​ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅតែ​បន្ត​នៅក្នុង​ទីក្រុង Taez​។​



លោក Philip Hammond បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​ព្រះអង្គ Salman ថា​ “​យុទ្ធ​នា​ការ​នេះ​ជិត​ដល់ទី​បញ្ចប់​ហើយ​នៅពេល​កងកម្លាំង​ក្រុមចម្រុះ​បាន​បង្កើត​ទីតាំង​យោធា លេច​ធ្លោ​មួយ​”។​



លោក​បាន​និយាយ​ថា នៅ​ពេល​នេះ​ពួកគេ​បាន​ផ្ដោត​លើ​តម្រូវការ​ ដើម្បី​ពន្លឿន​កិច្ចពិភាក្សា​នយោ​បាយ ​និង​ធានា​ដល់​ពួក​ឧទ្ទាម Huthi និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដ៏​សមរម្យ​។​



បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​យេ​មែន​លោក Ismail Ould Cheikh Ahmed បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មុន​ថា ក្រុម Huthis និង​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Ali Abdullah Saleh បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​ក្នុង​ការ​អនុវត្តន៍​តាម​សេចក្ដីសម្រេច ២២១៦ របស់​ក្រុមប្រឹក្សាសន្តិសុខ។​



ដោយ​បាន​អនុម័ត​នៅក្នុង​ខែមេសា សេចក្ដីសម្រេច​នេះ​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម​ដកថយ​ចេញពី​ទីក្រុង​សំខាន់ៗ​និង​ប្រគល់​អាវុធ​អាវុធ​ធុន​ធ្ងន់​ទាំងអស់​ដល់​រដ្ឋាភិបាល​។​



ប្រេសិត​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Abedrabbo Mansour Hadi បាន​យល់ព្រម​បញ្ជូន​គណៈប្រតិភូ​ទៅកាន់​កិច្ចចរចា​នា​ពេល​ខាង​មុខ​នេះ​ដែល​គ្មាន​កាលបរិច្ឆេទ​ត្រូវ​បាន​កំណត់​។​



ការប៉ុនប៉ង​ដើម្បី​ធ្វើការ​ចរចា​កាលពី​លើ​ក​មុន​ត្រូវ​បាន​បរាជ័យ​ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ី​សា​អ៊ូ​ឌីដ Adel Al-Jubeir បាន​និយាយ​ថា​ “​យើង​មាន​សុទិដ្ឋិនិយម​ថា​កិច្ចពិភាក្សា​នេះ​នឹង​នៅតែ​កើត​មាន​ឡើង​”​។​



ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​ជាមួយនឹង​ក្រុម Huthis កាលពី​ថ្ងៃ​ពុធ​នៅ​កណ្ដាល​ក្រុង Taez នៅ​ពេល​ដែល​យន្តហោះ​រប​ស់​ក្រុមចម្រុះ​បាន​ទម្លាក់អាវុធ​ និង​គ្រាប់កាំភ្លើង​ដល់​ពួក​អ្នក​ស្មោះត្រង់​ដែល​កំពុង​ជាប់​ប្រយុទ្ធ​ជាមួយ​ពួកគេ​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​យន្តហោះ​ចម្បាំង​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងលិច ​និង​ភាគ​ខាងត្បូង​ទីក្រុង Taez។​



ក្រុម Huthis ដែល​គាំទ្រ​ដោយ​គូប្រជែង​នៅក្នុង​តំបន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​គឺ​អ៊ីរ៉ង់​បាន​រាតត្បាត ទីក្រុង Sanaa នៅក្នុង​ខែកញ្ញា ​ឆ្នាំ ២០១៤ និង​បាន​បន្ត​ឆក់​យក​ការគ្រប់គ្រង​នៃ​តំបន់​ជាច្រើន​ដោយមាន​ជំនួយ​ពី​កងកម្លាំង​ស្មោះត្រង់​នឹង​លោក Saleh។​



ដោយសារតែ​រឿងហេតុ​នេះ​ទីក្រុង Riyadh បាន​បង្កើត​ឡើង​នូវ​ក្រុមចម្រុះ​អារ៉ាប់​ហើយ​ចាប់ផ្តើម​ធ្វើការ​វាយប្រហារ​តាម​ផ្លូវអាកាស​ក្នុង​ប្រទេស​យេ​មែន​នៅ​ខែមីនា​ដោយ​ក្រោយមក​បាន​បញ្ជូន​កងទ័ព​ដើម្បី​គាំទ្រ​កងកម្លាំង​ក្នុង​តំបន់​។​



គួរ​បញ្ជាក់​ថា បើ​យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត ៥០០០ នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​សង្គ្រាម​នេះ​ដែល​ជាង​ពាក់កណ្ដាល​នៃ​ពួកគេ​គឺជា​ជន​ស៊ីវិល៕


AFP




រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​៖ ​ប្រតិបត្តិការ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​យេ​មែន​ជិត​បញ្ច​ប់​ហើយ​

Post a Comment

0 Comments

Close Menu