សៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ ត្រូវបានស្លាប់ និងរងរបួសធ្ងន់ស្រាល៥នាក់ដោយសារអ្នកបើកបររថយន្តបែនដឹកដីមួយគ្រឿង បើកក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុករបងមុខផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាលា ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ខណៈរថយន្តដឹកដីនោះបានដឹកបងប្អូនទៅបង់សំណាញ់។
អធិការនគរបាលស្រុកជីក្រែងលោកវរសេនីយ៍ទោ តូច សាកល បាននៅព្រឹកថ្ងៃទី៣០ ខែតុលានេះថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ ក៏ឃើញជនរងគ្រោះដេករដូករណែលតាមផ្លូវ ហើយក៏ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ។ លោកបានបន្តថា ជនរងគ្រោះបាននាំគ្នាជិះឡានដើរលេង និងមកបង់សំណាញ់មានគ្នាចំនួន១០នាក់ ដោយអ្នកបើកបរបើកលឿនដល់ផ្លូវកោងមិនប្រយ័ត្នបណ្តាលឱ្យជ្រុលចង្កូតទៅបុករបងផ្ទះអ្នកភូមិ រហូតដល់ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាល៥នាក់។ លោកបន្តទៀតថា ជនរងគ្រោះមានទី១/ឈ្មោះ ជាន ជួន ភេទប្រុសអាយុ១៩ឆ្នាំ(រួមដំណើរ ស្លាប់) រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ទី២/ឈ្មោះ ផង់ ភាន់ ភេទប្រុសអាយុ៣៦ឆ្នាំអ្នកបើកបរ (របួសធ្ងន់)រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បើកបរមកពីត្បូងទៅជើង ដែលបើករថយន្តម៉ាកTITANពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A .០៤៤៩ទី៣/ឈ្មោះ នួន រឿន ភេទប្រុសអាយុ២៩ឆ្នាំ(របួសធ្ងន់)ទី៤/ឈ្មោះ គន ភេទប្រុសអាយុ២៣ឆ្នាំ របួសធ្ងន់និងទី៥/ឈ្មោះ រឿន ស្រេង ភេទប្រុសអាយុ២៩ឆ្នាំរបួសស្រាលនិងទី៦/ឈ្មោះ ថង ខី ភេទប្រុសអាយុ២២ឆ្នាំ របួសស្រាល អ្នកទាំង៥នាក់រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមគ្រួសារនាំគ្នាដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។បច្ចុប្បន្នសមត្ថកិច្ច បានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មនុស្សម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់ ដោយសារបើកលឿននៅផ្លូវកោង
0 Comments