Ad Code

ស្លាប់​ម្នាក់​ របួស​១០​នាក់ ​ដោយសារ​ជិះ​រថយន្ត​មិន​ប្រកាន់​ស្តាំ​ដូចគ្នា

បាត់ដំបង ​៖​ យ៉ាងហោចណាស់​ក៏​មាន​ក្មេងប្រុស​ម្នាក់​ត្រូវ​បាន​ស្លាប់ ក្នុងចំណោម​អ្នករបួស​ចំនួន​១០​នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ​ខែតុលា ឆ្នាំ​២០១៥ ​វេលា​ម៉ោង​១១​និង​០២​នាទី​យប់ ​ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុង​ភូមិ​បឹងរាំង ឃុំ​បឹងរាំង​ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ខណៈ​ដែល​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ច្រាស​គ្នា ហើយ​មិន​ព្រម​ប្រកាន់​ស្តាំ​ដូចគ្នា។


លោក​អនុសេនីយ៍ឯក​មាន ចាន់ នាយផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-5777 បើកបរ​ដោយ​ឈ្មោះ​ដួង វណ្ណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ដោយ​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។


លោកនាយ​ផ្នែក​បាន​បន្ត​ថា លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវបំបែក​ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-4809 ដែល​បើកបរ​ដោយ​ឈ្មោះ កិ ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង​ដូចគ្នា ដែល​កំពុង​បើកបរ​យ៉ា​ង​លឿន​ក្នុងទិសដៅ ច្រាស​​គ្នា ក៏បាន​ប៉ះ​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង ​បណ្ដាល​ឲ្យ​ក្បាល​រថយន្ត​ទាំងសងខាង​រួញ​យ៉ាងដំណំ។ ចំណែក​អ្នករួមដំណើរ​ក៏បាន​ស្លាប់ និង​រង​របួស​រដូក​រណែល​ពេញ​ផ្លូវ។


តាម​ការ​ស្រង់​របាយ​ការណ៍​ទៅលើ​អ្នកស្លាប់ និង​អ្នករងរបួស​គឺ ភាគី​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​

១. អ្នកបើកបរ​ឈ្មោះ ដួង វណ្ណា របួសស្រាល ២. ដួង ឌឿ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ដូង​របួសធ្ងន់ ៣. ដួង សិលា ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​កូន ស្លាប់ ៤. ហេន អូន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ដូង របួសស្រាល ៥. លឿង តិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​រស់នៅ​ឃុំ​ស្តៅ របួសធ្ងន់ និង​៦.​ឈ្មោះ ហួន សិលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួសស្រាល។


ដោយឡែក​ភាគី​រថយន្ត​លុច​ស៊ីស​គឺ ១. អ្នកបើកបរ​ឈ្មោះ កិ ចំរើន របួសធ្ងន់ ២. ចំរើន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​កូន​របួសធ្ងន់ ៣.ណុប នឿ​ត ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​ដា​លើ​ របួសធ្ងន់ ៤. ឈ្មោះ​ឡក់ រស់នៅ​ភូមិ​ដូង របួសធ្ងន់ និង​៥​. ឈ្មោះ ណុប រស់នៅ​ភូមិ​ដូង របួសស្រាល។ ដោយ​សរុប​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​ម្នាក់​ស្លាប់​ និង​របួសធ្ងន់ ស្រាល​ចំនួន​១០​នាក់។


ភ្លាមៗ​នោះដែរ​ជនរងគ្រោះ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។ ចំណែក​សព​ក្មេងប្រុស ក៏ត្រូវ​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ហើយ​ដែរ រីឯ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ជា​អ្នកដោះស្រាយ​តាមផ្លូវ​ច្បាប់​​។ ​ករណីនេះ សមត្ថកិច្ច​បាន​សង្កត់​ធ្ងន់​ថា គឺជា​ការបើកបរ​ខ្វះ​ការយោគយល់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដោយ​ម្នាក់ៗ​បាន​បំពាន​ទៅលើ​គំនូស​ទ្រូងផ្លូវ​ទាំងអស់គ្នា​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​ឡើង៕


M30-10-15-i


M30-10-15-i1



ស្លាប់​ម្នាក់​ របួស​១០​នាក់ ​ដោយសារ​ជិះ​រថយន្ត​មិន​ប្រកាន់​ស្តាំ​ដូចគ្នា

Post a Comment

0 Comments

Close Menu