ឧត្តរមានជ័យ ៖ អាជ្ញាធរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីឲ្យពលរដ្ឋក្នុងមូលដ្ឋានលើកយកនូវបញ្ហាប្រឈមនឹងភាពជោគជ័យមួយចំនួនក្នុងភូមិ ឃុំ ស្រុក មកជជែកពិភាក្សា រិះគន់ចំណុចខ្វះខាតរបស់មន្ត្រីរដ្ឋបាលសាធារណៈ និងសំណូមពរដល់មន្ត្រីពាក់ព័ន្ធឲ្យជួយដោះស្រាយបញ្ហាផ្សេងៗពោលគឺ បទល្មើសចោរ លួច ឆក់ ប្លន់ ក្មេងទំនើង ការចេញលិខិតស្នាម ផ្សេងៗ និងបញ្ហាអសន្តិសុខមួយចំនួន។
ពិធីនេះត្រូវបានធ្វើឡើងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នៅក្នុងបរិវេណសាលាឃុំអំពិល នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក ហាំង ម៉េង អភិបាលស្រុក លោក ហម ភិរម្យ អធិការនគរបាលស្រុកដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងពលរដ្ឋ១៤២នាក់។
ថ្លែងក្នុងវេទិកាសាធារណៈពលរដ្ឋបានសំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច ត្រូវជួបទប់ស្កាត់ករណីជួញដូរគ្រឿងញៀន និងបនល្បែងស៊ីសងគ្រប់ប្រភេទព្រោះសព្វថ្ងៃមានក្មេងញៀនថ្នាំច្រើន កូនតូចរបស់ពួកគាត់អាចប្រឈមពីឥទ្ធិពលនេះ ប្រសិនបើសមត្ថកិច្ចមើលរំលង។
ទន្ទឹមគ្នានោះក៏មានពលរដ្ឋខ្លះបានកោតសរសើរដល់អាជ្ញាធរដែលបានបំពេញការងារបានល្អ នាពេលកន្លងមកដូចជា ការបង្ក្រាបការជួញដូរគ្រឿងញៀន ក្មេងទំនើង និងការចុះធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ ហើយសមត្ថកិច្ចថែមទាំងយកមកចែកដល់តាមផ្ទះវិញទៀត។
ក្នុងឱកាសនោះ លោកអភិបាលស្រុក និងលោកអធិការក៏បានចែកអត្តសញ្ញាណប័ណ្ណចំនួន ១៣៨សន្លឹកដល់ពលរដ្ឋប្រុសស្រីក្នុងភូមិឃុំខាងលើផងដែរ៕
ពលរដ្ឋ១៤២នាក់នៅឃុំអំពិលទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី
0 Comments