យោងទៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសបានឲ្យដឹងថា ស្រទាប់ប្រេងដ៏ធំមួយត្រូវបានរកឃើញនៅក្នុងទឹកដី Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាមួយអាងបម្រុងគ្រប់គ្រាន់មួយសម្រាប់អ៊ីស្រាអែល ប្រើប្រាស់រយៈពេលរាប់ទសវត្សរ៍។
វត្ដមានរបស់អ៊ីស្រាអែល នៅលើទឹកដី Golan Heights ស្ថិតនៅក្នុងសភាពមានជម្លោះ។ តំបន់នេះត្រូវបានទទួលស្គាល់ដោយអន្ដរជាតិថា ជាទឹកដីរបស់ប្រទេសស៊ីរី ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៦៧មក នៅក្នុងសង្គ្រាម៦ថ្ងៃរវាងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ជាច្រើននោះ។ សេចក្ដីសម្រេចរបស់ UN លេខ២៤២ (ឆ្នាំ១៩៦៧) ទាមទារឲ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាប់នៅក្នុងការប្រយុទ្ធគ្នានេះ។ អ៊ីស្រាអែល មិនយល់ព្រមជាមួយការប្រើពាក្យនៅក្នុងសេចក្ដីសម្រេចនេះទេ ដោយបាននិយាយថា ទឹកដីនេះអាចសួរដេញដោលបាន។
គេរាយការណ៍ថា ការផលិតប្រេងអាចទទួលបានប្រេងរាប់ពាន់លានបារ៉ែលនៅពេលដែលអីុស្រាអែល បានប្រើប្រាស់ប្រេងចំនួន២៧០,០០០បារ៉ែល នៅក្នុងមួយថ្ងៃ។ ប្រទេសអីុស្រាអែល បច្ចុប្បន្នបាននាំប្រេងចូលរហូតដល់៣ភាគ៤នៃប្រេងរបស់ខ្លួនពីតំបន់ពាក់កណ្ដាលស្វយ័តឃើដនៅអ៊ីរ៉ាក់។ នេះបើតាមកាសែត Financial Times បានរាយការណ៍ឲ្យដឹងនៅក្នុងខែសីហា។
វែបសាយសេដ្ឋកិច្ចអ៊ីស្រាអែល Globes បានដកស្រង់សម្ដីរបស់លោក Yual Bartov ប្រធានភូគព្ភសាស្ដ្ររបស់ Afek Oil and Gas ដែលបាននិយាយថា យើងកំពុងតែពិភាក្សាអំពីស្រទាប់ដែលមានកម្រាស់៣៥០ម៉ែត្រ ហើយអ្វីដែលសំខាន់នោះគឺភាពខាប់ និងភាពអាចមានខ្យល់ ឬទឹកអាចចេញចូលបាន។
កម្រាស់ជាមធ្យមនៅលើពិភពលោកគឺ២០ទៅ៣០ម៉ែត្រ ដូច្នេះកន្លែងនេះគឺមានកម្រាស់១០ដងច្រើនជាង ដូច្នេះយើងកំពុងតែពិភាក្សាអំពីបរិមាណដ៏សំខាន់នេះ។ ប្រការដែលសំខាន់នោះគឺដើម្បីដឹងថា ប្រេងគឺស្ថិតនៅក្នុងថ្ម ហើយនេះគឺជាអ្វីដែលយើងដឹងនៅពេលឥឡូវនេះ។ Afek គឺជាសាខា Genie Energy របស់អាមេរិក។
របាយការណ៍ស្ដីអំពីការរកឃើញនេះបានកើតឡើងជួនគ្នាជាមួយសង្គ្រាមស៊ីរី ដែលបានរាតត្បាតនៅក្នុងប្រទេសស៊ីរី។ អ៊ីស្រាអែល បានទទួលរងការចោទប្រកាន់ថា បានឆ្លៀតយកផលប្រយោជន៍នៅក្នុងសង្គ្រាមនេះ។ តំបន់ Golan Heights ដែលកាន់កាប់ដោយអីុស្រាអែល ក៏ជាប់ព្រំដែនជាមួយទឹកដីប្រទេសស៊ីរី ដែលកាន់កាប់ត្រួតត្រាដោយពួកឧទ្ទាមដែលប្រឆាំងរដ្ឋាភិបាលផងដែរ។ អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានផ្ដល់ជំនួយថ្នាំពេទ្យទៅឲ្យពួកឧទ្ទាម និងបានឆ្លើយតបចំពោះរ៉ុក្កែត ដែលបានបាញ់ចេញពីទឹកដីដែលត្រួតត្រាដោយពួកឧទ្ទាម ដោយធ្វើការវាយប្រហារទីតាំងកងទ័ពរបស់ស៊ីរី៕
RT
រកឃើញប្រេង ដ៏ច្រើនសម្បើមនៅ Golan Heights
0 Comments