ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានបើកកិច្ចប្រជុំមួយនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២រួមមានការសិក្សាពីតម្លៃសេវាកម្មនាំភ្ញៀវ និងដំឡើងថ្លៃលើសេវាកម្មវាយតម្លៃអចលនវត្ថុ។កិច្ចប្រជុំនេះដឹកនាំដោយលោកគីម ហ៊ាងប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេតដែលទើបជាប់ឆ្នោតធ្វើជាប្រធានថ្មីនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី៤ ហើយក៏មានការចូលរួមពីតំណាងក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជាដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជាង៣០នាក់ផងដែរ។
លោកគីម ហ៊ាងបានមានប្រសាសន៍ថា ក្នុងនាមប្រធានសមាគមថ្មីលោកត្រូវការអភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត ដើម្បីឆ្លើយតបទៅនឹងការត្រៀមចូលរួមក្នុងសមាហរណកម្មអាស៊ាននាចុងឆ្នាំ២០១៥ដែលនឹងមានការប្រកួតប្រជែងជាខ្លាំង។ សម្រាប់ការកំណត់តម្លៃសេវាកម្មនាំភ្ញៀវ និងដំឡើងថ្លៃលើសេវាកម្មវាយតម្លៃអចលនវត្ថុនេះវាគឺជាទិសដៅថ្មីមួយទៀត ដើម្បីផ្ដល់តម្លៃដល់ក្រុមហ៊ុនអចលនវត្ថុនានា និងផ្ដល់សេចក្ដីទុកចិត្តដល់អតិថិជនព្រោះអតិថិជនពិតប្រាកដ គេមិនទុកចិត្តលើសេវាឥតគិតថ្លៃឡើយ។
នៅក្នុងកិច្ចពិភាក្សាលើការកំណត់តម្លៃសេវាកម្មថ្មីនេះដែរគឺបានទទួលជាលទ្ធផលជាវិជ្ជមានដោយសមាជិកចូលរួមភាគច្រើនបានសម្រេចកំណត់យកតម្លៃនៃសេវាកម្មនាំភ្ញៀវចំនួន៥ដុល្លារសម្រាប់ជនជាតិខ្មែរ និង១០ដុល្លារសម្រាប់ជនបរទេស។ ចំណែកការដំឡើងតម្លៃលើសេវាកម្មវាយតម្លៃអចលនវត្ថុដែលដំឡើងពី១៥០ដុល្លារ ទៅ១៧០ដុល្លារត្រូវបានសមាជិកចំនួន២៧នាក់ក្នុងចំណោម ៣៣នាក់បានឯកភាព ដើម្បីអនុវត្តគោលការណ៍ថ្មីនេះ។
លោកសន សៀបអនុប្រធានប្រតិបត្តិរបស់សមាគមបានលើកឡើងថា ការកំណត់សេវាថ្មីនេះមិនមែនជាផលប្រយោជន៍សមាគមនោះទេគឺជាផលប្រយោជន៍រួម និងជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ លោកសង្ឃឹមថា សមាជិកទាំងអស់នឹងអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវិស័យអចលនវត្ថុកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់នៅពេលធ្វើសមាហរណកម្មអាស៊ាន។
លើសពីនេះលោកគីម ហ៊ាងក៏បានលើកឡើងពីគម្រោងនៃការអនុញ្ញាតឲ្យបើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកអចលនវត្ថុផងដែរ ដែលគ្រោងនឹងដំណើរការនៅឆ្នាំ២០១៦ខាងមុខ ដើម្បីពង្រឹងគុណភាពអ្នកប្រកបវិជ្ជាជីវៈលើវិស័យអចលនវត្ថុដែលជាការឆ្លើយតបទៅនឹងទីផ្សារប្រកួតប្រជែងនាថ្ងៃអនាគត៕វត្តី
CVEA បើកកិច្ចប្រជុំកំណត់តម្លៃសេវាកម្មថ្មី ដើម្បីបង្កើនសក្ដានុពលវិស័យអចលនទ្រព្យកម្ពុជា
0 Comments