ពោធិ៍សាត់ ៖ យុវជនពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាក្នុងវត្តនៅថ្ងៃកាន់បិណ្ឌវេនទី១២បណ្ដាលឲ្យពួកគេទាំងសង្ខាងរបួសធ្ងន់ស្រាលប្រាំនាក់ និងយុវជនម្នាក់ត្រូវក្រុមយុវជនគូទំនាស់ ធ្វើសកម្មភាព ចាក់នឹងវត្ថុរឹងមុតស្រួចរយះលើត្រង់ដើមទ្រូងស្លាប់ភ្លាមៗពេលដឹកដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៨យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ក្នុងទីធ្លាវត្តសំរោង ស្ថិតក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យុវជន រងគ្រោះ មាន ឈ្មោះ យ៉ែម រស្មី អាយុ ២០ឆ្នាំ រស់នៅ ភូមិ អូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ បានស្លាប់ពេលដែលបញ្ជូនមកកាន់មណ្ឌលសុខភាពបង្អែកស្រុកភ្នំក្រវាញ។
លោកវង្ស សាវ៉េត អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែតុលានោះអ្នកភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន រួមទាំងជនរងគ្រោះ និងក្រុមគ្រួសារ បានទៅដាក់វេនកាន់បិណ្ឌទី១២ នៅវត្តសំរោង ស្ថិតក្នុងភូមិកើតហេតុខាងលើ។ លោកបន្តថា ស្របពេល ដែលនៅយប់ថ្ងៃកាន់វេននៅវត្តសំរោង របស់អ្នកភូមិអូរឫស្សីនោះ ក៏មានជួលធុងបាសរាំកម្សាន្តកំដរវត្តថ្ងៃបុណ្យភ្ជុំបិណ្ឌនោះផងដែរ។
លោកបន្តថា គ្រាន់តែចាប់ផ្ដើមចាក់ធុងបាសរាំភ្លាម ក្រុមយុវជនស្ទាវទាំងពីរក្រុមនេះ បានចាប់ផ្ដើម កាប់ចាក់គ្នាដូចហ្វូងគោ គឺរវាងក្រុមយុវជនឃុំបាក់ចិញ្ចៀន និងយុវជនឃុំសំរោង។ ការកាប់ចាក់គ្នានេះផ្ដើមចេញពីការប៉ះទង្គិចសម្ដីគ្នា ឈានដល់ការបើកឆាកប្រយុទ្ធគ្នារហូតដល់ស្លាប់ និង របួសស្រាលធ្ងន់ទាំងសងខាង៥នាក់។
ជនរងគ្រោះ ដែលស្លាប់នេះ ត្រូវបានជនសង្ស័យក្រុមខាងឃុំសំរោងគ្នាច្រើនព័ទ្ធធ្វើ សកម្មភាពប្រើប្រាស់អាវុធរឹងមុតស្រួចកាប់ចាក់ត្រូវជាច្រើនកន្លែងលើងខ្លួន ជាពិសេសនៅដើមទ្រូងឡើងលើ បណ្ដាលដាច់រយះសាច់ និងមុតរាងកាយជាទម្ងន់ដេកដួលក្នុងថ្លុកឈាម ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ហើយក៏ដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៩យប់តែម្ដង។ ចំណែកយុវជនចំនួន៥នាក់ទៀតបានរងរបួសធ្ងន់និងស្រាលទាំងសងខាង ក៏ត្រូវយកទៅសង្គ្រោះផងដែរ។
លោកវង្ស សាវ៉េត បន្តទៀតថា កម្លាំងនគរបាលបានស្រាវជ្រាវមុខសញ្ញាជនសង្ស័យលើករណីហិង្សាមានស្ថានទម្ងន់នេះ ដោយស្គាល់អត្តសញ្ញាណរួចអស់ហើយ ហើយកំពុងស្វែងរកចាប់ខ្លួនព្រោះពួកគេរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាព។
លោកបន្តថា ជាមួយគ្នានោះដែរ សមត្ថកិច្ចយើងបានឲ្យក្រុមគ្រួសារ និងបងប្អូន អ្នកភូមិយកសពជនរងគ្រោះទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
យុវជនពីរក្រុមប្រយុទ្ធគ្នាក្នុងវត្តសំរោងស្លាប់មួយ របួសធ្ងន់ស្រាល៥នាក់(Update)
0 Comments