បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមពិធីអកអំបុក និងសំពះព្រះខែនៅវេទិកាខេត្តបន្ទាយមានជ័យស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យយ៉ាងសប្បាយរីករាយ។
ពាក់ព័ន្ធនឹងពិធីសំពះព្រះខែ និងអកអំបុកនេះដែរ លោក គោស៊ុំ សារឿត បាននិយាយថា ពិធីអកអំបុក និងសំពះព្រះខែនេះគឺជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិនៃជាតិកំណើតរបស់ព្រះសម្មាសម្ពុទ្ធក្នុងពេលព្រះអង្គយកកំណើតជាសសបណ្ឌិតទន្សាយនៅយប់ថ្ងៃពេញបូណ៌មីមួយ សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈបូជាសាច់ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារៈឲ្យបានត្រាស់ជាព្រះពុទ្ធ។
លោក គោស៊ុំ សារឿត បាននិយាយបន្តទៀតថា ក្នុងពិធីអកអំបុក និងសំពះព្រះខែនេះ លោកបានឲ្យមន្ត្រីសាលាខេត្តរៀបចំពិធីយ៉ាងយកចិត្តទុកដាក់មានដូចជា ដង្វាយថ្វាយដល់ព្រះខែក្នុងថ្ងៃពេញបូណ៌មី ហើយក្នុងនោះមាន អំបុក ចេក ដូង និងមានរបស់ផ្សេងៗជាច្រើនទៀតសម្រាប់យកមកទុកដាល់អំបុក និងសំពះព្រះខែជាដើម ហើយក្រុមអ្នកដាល់អំបុកមានសំលៀកបំពាក់ជាប្រពៃណីខ្មែរមានក្រុមប្រុស-ស្រី ជាច្រើននាក់សម្រាប់ដាល់អំបុកនៅយប់នោះផងដែរ។
លោក គោស៊ុំ សារឿត បាននិយាយបន្តទៀតថា ពិធីអកអំបុក និងសំពះព្រះខែនេះក្នុងមួយឆ្នាំប្រជាពលរដ្ឋខ្មែរធ្វើម្តងក្នុងថ្ងៃពេញបូណ៌មីជាប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយ ក្នុងពិធីអកអំបុកនោះដែរ គេឃើញមានក្រុមអ្នកសម្ដែងដាល់អំបុកសម្ដែងយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឲ្យកម្មវិធីនោះមានភាពអធិកអធម ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាដល់ទៅរាប់រយនាក់ឯណោះ៕
លោក គោស៊ុំ សារឿត បានចូលរួមពិធីអកអំបុកសំពះព្រះខែនៅវេទិកាខេត្តបន្ទាយមានជ័យ
0 Comments