Ad Code

ពិធី​អកអំបុក សំពះ​ព្រះ​ខែ ព្រមទាំង​បួងសួង​ផ្សង​ទឹកភ្លៀង​នៅ​ខេត្ត​សៀមរាប​

សៀមរាប ៖ រាត្រី​ថ្ងៃ​១៥​កើត ខែកត្តិក ឆ្នាំមមែ បស្ត​ស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ក្រុង​ទេសចរណ៍​សៀមរាប​អង្គរ​ នា​ឆ្នាំនេះ​អាជ្ញាធរ​ខេត្ត ក្រុង និង មន្ទីរ​វប្បធម៌ និង វិចិត្រ​សិល្បៈ​ខេត្ត និង ការចូលរួម​របស់​ប​ណ្តា​អង្គភាព ស្ថាប័ន និង បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​រៀបចំ​ប្រារព្ធ​ពិធី អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ការ​បង្ហាញ​នៅ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ អំពី​ភាព​សម្បូរ​បែប​ខាង វិស័យ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ក៏​ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សន្តិភាព​សុខដុមរមនា ពេញលេញ​ទូទាំង​ប្រទេស ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សួនច្បារ​មហា​សណ្ឋាគារ​អង្គរ​ខេត្ត​សៀមរាប ក្រោម​វត្តមាន​របស់​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឈឹម ​ម៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ព្រមទាំង​ឯកឧត្ដម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង និង ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។


ពិធីបុណ្យ​នេះ​បាន​ចាប់ផ្តើម​ដំណើរ ការ​ទៅតាម​កម្មវិធី​កំណត់​ពី​ម៉ោង​២០ រហូតដល់​រំលង អា​ធ្រា​ត ដោយមាន​ការ​គោរព​ទៅតាម​កាល​វេលា​នៃ​ដំណើរ​យាង​ចរ​របស់​ព្រះ​ច័ន្ទ និង គោរព​ទៅ តាម​កាល​កំណត់ ក្បួនខ្នាត​គម្ពីរ​ដីកា ដែល​ប្រជាពលរដ្ឋ​ខ្មែរ យើង​គោរព​ប្រតិបត្តិ​ទៅតាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី ប្រសិទ្ធិ​ពិធីការ​ជា​លម្តាប់លម្តោយ​តរៀងមក។ ពិធីបុណ្យ​បាន​ប្រ​ព្រឹទ្ធ​ទៅ មិន​ត្រឹមតែ​បាន​បង្ហាញ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ​ឲ្យ​ឃើញ អំពី​ភាព​សម្បូរ​បែប​ខាង វិស័យ​វប្បធម៌ អ​រី​យ​ធម៌ របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​កំពុង​ស្ថិត ក្នុង​សន្តិភាព សុខដុមរមនា យ៉ាង​ពេញលេញ ទូទាំង​ប្រទេស ។ ពិធី​អកអំបុក សំពះ​ព្រះ​ខែ គឺ ជា​ពិធីបុណ្យ​ដែល​មាន​ចារឹក​នៅ​ក្នុង​គម្ពីរ​បរម័ត​ទិ​ព្ធ​នី អត្ថ​កថា ចរិយា​បិតក និយាយ​អំពី ការ​ឧទ្ទិស្នាន ឧបោសថសីល របស់​ព្រះ​បរម​ពោធិ​សាត ក្នុង​ជាតិ​កំណើត​ជា សត្វ​ទន្សាយ មាន​ព្រះនាម​សស​បណ្ឌិត ដើម្បី​បំពេញ​ពោធិ​ស​ម្ពា ជា​ទាន​បរិ​ម័ត​បារមី ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ។


តាំងពី​បុរាណកាល​មក ពិធី​អកអំបុក សំពះ​ព្រះ​ខែ ខ្មែរ​យើង​មាន​ទម្លាប់​ប្រារព្ធ​ធ្វើ​នៅ​តាម​ទីវ​ត្ត អារាម ឬ នៅ​តាម​ភូមិ គេហដ្ឋាន​រៀងៗ​ខ្លួន មិន​ដូច្នោះ​សោត គេ​អាច​ជួបជុំគ្នា​ធ្វើឡើង នៅតាម​ទី សាធារ​ណៈ​ណា មួយ​ក៏បាន​ផង​ដែរ។ តាំងពី​បុរាណកាល​មក ការ​ប្រារព្ធ​ពិធី​នេះ ត្រូវ​បាន​រៀបចំ គ្រឿង​សក្ការបូជា មាន​ទៀនធូប ផ្កា​ភ្ញី នំចំណី ផ្លែឈើ សំខាន់ ផ្លែ​ដូង​ខ្ចី និង ចេកទុំ ហើយ​ចំពោះ​អំបុក​វិញ ខ្មែរ​យើង​ពី​បូរាណ​មក ពេល​ជួបជុំគ្នា​ប្រារព្ធ គឺ​ត្រូវ​បាន​នាំមក​ជាមួយ​ត្បាល់បុក អង្រែ និង ស្រូវ​ទុំ​ថ្មីៗ មក​លី​ញ​ដាល់អំបុក នៅ​នឹង​កន្លែង​ប្រារព្ធ​ពិធី ដើម្បី​ធ្វើ​ឲ្យ​ឱកាស​នោះ​មាន​ភាព​សប្បាយ​រីករាយ​ក្រៃលែង។ ក្រោយពេល​ដាល់អំបុក បាន​ហើយ​គេ​យក​អំបុក​នោះ​ទៅ​ចាក់​​ជា​ពំនូក នៅមុខ​រាន​សក្ការបូជា និង នាំគ្នា​បូជា​ទៀន​ធូ​ក ឧទ្ទិស​សុំ​សេច​ច​ក្តី​សុខ​សប្បាយ សុំ​ការ​រីកចម្រើន នូវ​ភោគផល​នៅ​បណ្តា​ឆ្នាំ​ខាងមុខ ព្រមទាំង​បួងសួង​ផ្សង​នូវ ទឹកភ្លៀង ដែល​បុរាណកាល​ឲ្យ​ឈ្មោះថា (​ពិធី​សំពះ​ព្រះ​ខែ ) ។ ក្នុង​រាត្រី​នោះ​ដែរ ​ក៏​មាន​ការ​សម្ដែង​នូវ សិល្បៈ របាំ​បុរាណ ការ​ប្រឡង​ចម្រៀង ការ​បង្ហាញ​ម៉ូត​សំលៀកបំពាក់​របៀប​ខ្មែរ​ផង​ដែរ។


ក្រោយពី​ពិធី​សម្រក​ទៀ​ន​បង្វិល​ផ្សង​ទឹកភ្លៀង​រួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និង បងប្អូន​ប្រជា ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី បាន​នាំគ្នា​ធ្វើការ​ដង្ហែ​ប្រទីប​សំពៅ​ជ័យ និង កន្ទោង ទៅ​បណ្ដែត​ក្នុង​ទឹកស្ទឹង សៀមរាប ដើម្បី​ឧទ្ទិស និង សុំ​សម្មា​លា​ទោស ដល់​ព្រះ​គង្គា ដែល​ផ្ដល់​ដល់​មនុស្សលោក សត្វ បាន​យក ទៅ​ប្រើ​ប្រាស់ ផឹក មួ​ជ និង ស្រោចស្រព​ដំណាំ​កសិកម្ម ដល់​ប្រជាកសិករ​ក្នុង​ការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ៕
Nita-26-A-1-Full


Nita-26-A-2-Full


Nita-26-A-3-Full


Nita-26-A-4-Full



ពិធី​អកអំបុក សំពះ​ព្រះ​ខែ ព្រមទាំង​បួងសួង​ផ្សង​ទឹកភ្លៀង​នៅ​ខេត្ត​សៀមរាប​

Post a Comment

0 Comments

Close Menu