បាត់ដំបង ៖ ក្មេងប្រុសម្នាក់ ដែលទើបតែមានអាយុ១៤ឆ្នាំ បានបើកបរម៉ូតូទាំងកម្រោល ដោយបានបំពានទៅលើចំណែកខាងស្តាំរបស់គេ គឺបានបើកម៉ូតូយ៉ាងលឿន ហើយបានបុកទៅលើក្បាលរថយន្តដែលកំពុងបើកបរច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
ករណីគ្រោះថ្នាក់ចរាចរនេះដែរ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបំបែកជា៤ ផ្លូវចូលទៅកាន់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។
តាមសាក្សីដែលនៅក្បែរចំណុចកើតហេតុបាននិយាយថា ដំបូងគេឃើញមានម៉ូតូមួយគ្រឿងម៉ាកឌ្រីម ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1T-0025 គឺបានបើកបរដោយឈ្មោះចំរើន សាក់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនេះបានរេចង្កូតទៅឆ្វេង ខណៈដែលកំពុងតែមានល្បឿនលឿនផងនោះ ហើយបានបុកទៅលើក្បាលរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ដែលរថយន្តនោះម៉ាកលុចស៊ីស ៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង2B-0166 ដែលបើកបរដោយឈ្មោះ ពៅ សត់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង។
ភ្លាមៗក្រោយពីសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងធ្វើការវាស់វែងរួចមក ក៏បានដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យ ដោយឡែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងក៏ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយជាក្រោយ៕
បើកបរបំពានមិនប្រកាន់ស្តាំ ទៅបុកក្បាលរថយន្តរងរបួសធ្ងន់
0 Comments