Ad Code

មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​អបអរសាទរ​ការ​ទទួល​បាន​ពានរង្វាន់ The Gusi Peace Prize ដែល​នាំមក​ដោយ​លោក ហ៊ុន ម៉ា​នី

ភ្នំពេញ ៖ ពានរង្វាន់​សន្តិភាព ដែល​មាន​ឈ្មោះថា “The Gusi Peace Prize” ត្រូវ​បាន​នាំមក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាមរយៈ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ទៅ​ទទួល​ដោយ​ផ្ទាល់​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជាមួយ​ជ័យលាភី​ចំនួន​១៨ នាក់​ផ្សេងទៀត មកពី​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក។


លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ពានរង្វាន់ The Gusi Peace Prize នេះ​គឺ​បាន​បង្ហាញ​ពី​អ្វី​មួយ ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា​ក្នុង​ការ​ធ្វើ​ការងារ​មនុស្ស​ធម៌ និង​ការងារ​ស្ម័គ្រចិត្ត តែ​អ្វី​ដែល​ជា​កត្តា​សំខាន់​មួយទៀត គឺ​ថ្ងៃនេះ​ដែល​យើង​បានឃើញ​ច្បាស់​នូវ​ពានរ​ង្វាន់ The Gusi Peace Prize ដែល​បាន​នាំមក​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​រួបរួម​គ្នា​មួយ ពីព្រោះ​ពានរង្វាន់ The Gusi Peace Prize នេះ​មិនមែន​សម្រាប់​តែ​លោក​ម្នាក់​ទេ គឺ​វា​បាន​ចេញ​មកពី​ការ​ខិតខំ​ដើម្បី​ប្រទេសជាតិ។


លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់​ថា “​នេះ​គឺជា​មោទនភាព​មួយ ប៉ុន្តែ​អ្វី​ដែល​ជា​មោទនភាព​ជាតិ​មិនអាច​ទៅរួច ប្រសិនបើ​គ្មាន​ការចូលរួម​អបអរសាទរ​ពី​ទាំងអស់គ្នា​នោះ​ទេ​។ ការ​មក​ទទួល​ខ្ញុំ​ណា​ពេលនេះ ក៏​ដូចជា​ក្រុមការងារ ដែល​ទៅ​ទទួល​ពានរង្វាន់  Gusi Peace Prize គឺជា​កា​ចូល​រួម​មួយ និង​រួប​រួម​មួយ ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​នៃ Gusi Peace Prize នេះ​មិន​ត្រឹមតែ​ជា​ពានរង្វាន់​មួយ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វីមួយ ​ដែល​ធ្វើ​ឲ្យ​មាន​ការរួម​រួម​ជាតិ មាន​មោទនភាព​ជាតិ ហើយ​ជា​តម្លៃ​មួយ​សម្រាប់​ប្រទេសជាតិ​ផង​ដែរ​”​។


លោក​បញ្ជាក់ដែរ​ថា “​ខ្ញុំ​គិតថា​នេះ​ជា​កត្តា​សំខាន់ ដែល​មាន​ការផ្សាយ ក៏​ដូចជា​ព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា ជា​ការ​ពិត​ហើយ​ប្រទេស​យើង​នៅ​មាន​សេសសល់​បញ្ហា ដែល​យើង​ត្រូវ​រក​ដោះស្រាយ ក៏​ប៉ុន្តែ​យើង​ត្រូវ​ទទួលស្គាល់​ប្រទេសជាតិ​យើង​ថា មាន​សក្តានុពល​ច្រើន មាន​សេចក្តី​រីករាយ​ច្រើន មាន​ស្នាមញញឹម​ច្រើន មាន​ភាព​កក់ក្តៅ​ច្រើន ពី​ប្រជាពលរដ្ឋ​ខ្មែរ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​បង្ហាញ និង​ដល់​ពេល​ដែល​ខ្មែរ​ត្រូវ​រួមគ្នា​បង្ហាញ​ពី​ស្នាដៃ ពី​សក្តានុពល​នៅលើ​ឆាក​អន្តរជាតិ​”។


លោក នួន វាសនា តំណាង​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​ខេត្តកំពង់ស្ពឺ​ដែល​បាន​នាំ​យុវជន​ចំនួន​៥០ នាក់​ទៅ​ចូលរួម​ទទួល​លោក ហ៊ុន ម៉ា​នី ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ថ្លែង​ថា យើង​ទាំងអស់គ្នា​សប្បាយរីករាយ​ក្នុង​យុវជន​ខ្មែរ​ទាំងអស់ ហើយ​យើង​គិតថា ពានរង្វាន់​នេះ គឺជា​មោទនភាព​របស់​យុវជន​កម្ពុជា ជា​មោទនភាព​ប្រជាជន​កម្ពុជា ជា​មោទនភាព​របស់​ប្រទេសជាតិ​យើង ដែល​មាន​ឥស្សរជន​ដ៍​ឆ្នើម គឺ​លោក ហ៊ុន ម៉ា​នី ដែល​បាន​ទទួល​ពានរង្វាន់​នៅ​ថ្ងៃ​នេះ ហើយ​ពានរង្វាន់​នេះ គឺជា​គំរូ​មួយ​សំរាប់​លើកទឹកចិត្ត​របស់​យុវជន​ទាំងអស់គ្នា​ឲ្យ​ធ្វើ​ការងារ​ដើម្បី​ប្រទេសជាតិ​យើង សាមគ្គីភាព ដើម្បី​ផលប្រយោជន៍​ជាតិ​យើង​ទៅ​ថ្ងៃមុខ ហើយ​លោក​សង្ឃឹមថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី នឹង​ផុលផុស​បន្ថែម​ទៀត ហើយ​សកម្មភាព​ទាំងអស់​នេះ នឹង​ក្លាយទៅជា​ប្រយោជន៍​រួម​របស់​ប្រទេសជាតិ​យើង​ទាំងមូល ជាពិសេស​សំរាប់​យុវជន​កម្ពុជា។


ដោយឡែក​កញ្ញា សា​យ៉ា លីន​ដា តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​អប់រំ​យុវជន​និង​កីឡា មាន​ថ្លែង​ថា “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​សប្បាយចិត្ត និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន ដែល​លោក ហ៊ុន ម៉ា​នី ដែល​គាត់​បាន​ទទួល​នូវ​ពានរង្វាន់​ទាំងពីរ គឺ​ពានរង្វាន់ The Gusi Peace Prize និង​ពានរង្វាន់ The ASEAN People’s Award បាន​បញ្ជាក់​ថា បើ​ទោះ​ជា​យើង​ជា​ប្រទេស​តូច តែ​យើង​មាន​យុវជន និង​វរជន​ជា​ច្រើន​រូប ដែល​បាន​ទទួល​ពានរង្វាន់​ថ្នាក់​ពិភពលោក​ជា​បន្តបន្ទាប់ ហើយ​នាង​ខ្ញុំ​មានការ​កោត​សរសើរ​ចំពោះ​ស្នាដៃ​ការងារ​ទាំងអស់ ដែល​បង​ប្រធាន ហ៊ុន ម៉ា​នី ទទួល​បាន​កន្លងមក ហើយ​វត្តមាន​របស់បង ហ៊ុន ម៉ា​នី មិនមែន​ជា​ការ​បង្ហាញ​ស្នាដៃ​តែ​គាត់​មួយ​មុខ​នោះ​ទេ គឺ​គាត់​ពាំនាំ​មក​នូវ​កិត្តិ​ត​យស​របស់​ប្រទេសជាតិ​ទាំងមូល​ទៅលើ​ឆាក​អន្តរជាតិ​”។


ដោយឡែក​នៅក្នុង​ពិធី​អបអរសាទរ​នា​ស្តា​ត​អូឡាំពិក លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​មានប្រសាសន៍ថា នេះ​គឺជា​មោទនភាព​សម្រាប់​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​យើង ក៏​ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ខិតខំ​កន្លងមក ហើយ​អ្វី​ដែល​យើង​ទទួល​បាន​នេះ គឺជា​ការ​ហាត់ពត់លត់ដំ និង​ជា​ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​នូវ​គ្រប់​ឧបសគ្គ​ទាំងឡាយ ដើម្បី​តស៊ូ រួម​ជា​មួយ​រាជរដ្ឋាភិបាល ជាមួយ​មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​ខិតខំ​គាំទ្រ​នូវ​សុខសន្តិភាព ស្ថេរ​ភាព​នយោបាយ ហើយ​សុខសន្តិភាព​នេះ​ហើយ ដែល​ពិភពលោក​ទទួលស្គាល់ និង​បានផ្តល់​នូវ​ពានរង្វាន់​សន្តិភាព​នេះ​។ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​បញ្ជាក់ថា “​ពានរង្វាន់​សន្តិភាព The Gusi Peace Prize ដែល​អន្តរជាតិ​បាន​ផ្តល់​ឲ្យ​ប្រទេសជាតិ​យើង ប្រជាពលរដ្ឋ​យើង តាមរយៈ​ថ្នាក់ដឹកនាំ​ឯកឧត្តម ហ៊ុន ម៉ា​នី នេះ គឺជា​មោទនភាព​សម្រាប់​ប្រទេសជាតិ ដូច្នេះ​យើង​ត្រូវតែ​ខិតខំ​ប្តេជ្ញា ដើម្បី​ថែរក្សា​ពង្រឹង​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​យើង​នឹង​បន្ត​បេសកកម្ម​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​យុវជន ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ ពង្រឹង​សុខ​សន្តិភាព លើកតម្កើង​វប្បធម៌​ប្រពៃណី​របស់​យើង​”​។


ចំណែក​នៅ​លើ​លិខិត​របស់​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្ញើ​ជូន​លោក ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា​ “​ក្នុងនាម​ជា​ប្រធាន​គណៈ​នាម​ជន​នៃ​គណៈកម្មាធិការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​សមាជិក​សមាជិកា​គណៈ​ចលនា​មហាជន​ទូទាំង​ប្រទេស ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​​ឥតឧបមា និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ឯកឧត្តម ក្នុង​ឱកាស​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ឯក​ឧ​ត្ត​ម​បាន​ទទួល​នូវ​៣​រង្វាន់​ប្រជាជន​អាស៊ាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី និង​សូម​អបអរសាទរ​ចំពោះ ឯកឧត្តម ផ្ទាល់​ដែល​ទទួល​បាន​៣​រង្វាន់​សន្តិភាព​អន្តរជាតិ GUSI សម្រាប់ ការដឹកនាំ​យុវជន ការងារ​មនុស្សធម៌ និង​ការ​តស៊ូ​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​ពី​មូលនិធិ GUSI នៅ​ទីក្រុង​ម៉ានីល​ប្រ​ទេ​ហ្វីលីពីន​នេះ​”​។


លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​បញ្ជាក់ដែរ​ថា “​តាមរយៈ​រង្វាន់​ទាំងពីរ​ខាងលើ ដែល​ស្តែង​ចេញ​ពី​ការដឹកនាំ ការ​ខិតខំ​ប្រឹងប្រែង ពុះពារ​និង​គំនិត​ច្នៃប្រឌិត​ដ៏​មោះមុត​របស់​ឯកឧត្តម ក្នុង​ការងារ​ដើម្បី​បុព្វហេតុ​សង្គម ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ឯកឧត្តម​ផ្ទាល់ ក៏ដូចជា​ចំពោះ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​បាន​ចូល​រួម​ចំណែក​ដើម្បី​បុព្វហេតុ​សង្គម​កម្ពុជា​ទាំងមូល។


ពាន់​រង្វាន់​ពីរ​នេះ​គឺជា​ការ​តបស្នង​ដ៏​ស័ក្តិសម​ចំពោះ​វិភាគទាន​ដ៏​មានតម្លៃ​របស់​ឯកឧត្តម និង​សហការី​ទាំងអស់​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។ គណៈ​ចលនា​មហាជន​ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្តម​នឹង​បន្ត​នាំមក​នូវ​ភាព​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ជូន​ដល់​សង្គម​កម្ពុជា​ទាំង​នៅ​ឆាក​ជាតិ និង​លើ​ឆាក​អន្តរជាតិ ហើយ​សូម​ជូនពរ​ឲ្យ​ឯកឧត្តម​សម្រេច​បាន​នូវ​រាល់​ភារកិច្ច​ដ៏​ឧ​ត្ត​ម​នានា​”។


សូម​បញ្ជាក់​ថា ខណៈ​ពេល​ចុះ​ពី​យន្តហោះ លោក ហ៊ុន ម៉ា​នី ត្រូវ​បាន​ទទួល​អបអរសាទរ​យ៉ាង​ខ្លាំង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពី​សំណាក់​យុវជន​ពី​តាម​បណ្តា​រាជធានី ខេត្ត​នានា​ទូទាំង​ប្រទេស ហើយ​ត្រូវ​បាន​ដង្ហែ​តាម​រថយន្ត​ពី​ព្រលានយន្តហោះ​ឆ្ពោះ​មកកាន់​ស្តា​ត​អូឡាំពិក ដោយមាន​ម៉ូតូ​កង់​បី​អម​ប្រមាណ​៥០០ គ្រឿង​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ផង​ដែរ​។ ចាប់ពី​ព្រលានយន្តហោះ​រហូតមកដល់​ស្តា​ត​អូឡាំពិក គេ​ឃើញ​មាន​យុវជន ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និស្សិត តាម​ដងផ្លូវ​រាប់​ម៉ឺន​នាក់ បាន​ចេញ​មក​ឈរ​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់ The Gusi Peace Prize នេះ។


លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​ឥស្សរជន​វ័យក្មេង​ទី​១ របស់​កម្ពុជា បាន​ឡើង​ទទួល​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងចំណោម​ឥស្សរជន​លើ​ពិភពលោក​ចំនួន​១៨ រូប​។ ពានរង្វាន់ Gusi Peace Prize ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ​លោក Gemeniano Javier Gusi អតីត​យុទ្ធជន​នា​សម័យ​សង្គ្រាម​លោកលើកទី​ពីរ ដែល​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បាន​ក្លាយ​ជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​។ ចាប់ពី​ឆ្នាំ​២០០២ មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវ​បាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាព​ផ្សេងៗ។ ពិធី​ចែក​រង្វាន់​ត្រូវ​បាន​កំណត់​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ទី​៤ នៃ​ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។


រយៈពេល​១៣ ឆ្នាំ​កន្លង​មក​នេះ លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ទីមួយ​របស់​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ សម្រាប់​ឆ្នាំ​២០១៥ នេះ លោក ហ៊ុន ម៉ា​នី ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ចំនួន​១៨​នាក់​លើ​ពិភពលោក​ដែល​ឈ្នះ​ពាន Gusi Peace Prize​។ លោក ហ៊ុន ម៉ា​នី ឈ្នះ​លើ​ផ្នែក Youth leadership and Humanitarianism and Advocate of Cultural Heritage ហើយ​លោក​ក៏​ជា​ជ័យលាភី​ដែល​ក្មេង​ជាងគេ​ផង​ដែរ​។ ជ័យលាភី​១៨ នាក់​ផ្សេងទៀត មកពី​អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន ច​ច​ជា ឆេ​ក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក​។ ជ័យលាភី​ភាគច្រើន​សុទ្ធ​តែ​ជា​បណ្ឌិត ហើយ​ក្នុង​នោះ​ផង​ដែរ ហើយ​មាន​លោក Stanislav Shushkevich អតីត​ប្រធានាធិបតី​បេឡា​រុស លោក Akskar Akayev អតីត​ប្រធានាធិបតី​គៀក​ហ្ស៊ី​ស​ស្ថាន និង​លោក Antonio Eanes អតីត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​។​


ចំណុច​សំខាន់ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​២១ ប្រទេស សម្រេចចិត្ត​ជ្រើសរើស លោក ហ៊ុន ម៉ា​នី ជា​ម្ចាស់​ពានរង្វាន់​ពិភពលោក​មួយ​នេះ​រួមមាន ទី​១. រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព យុត្តិធម៌ និង​សេរីភាព​របស់​យុវជន ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ វណ្ណៈ​សង្គម និង និន្នាការ​នយោបាយ ទី​២. លើកកម្ពស់​ចលនា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​យុវជន​នៅក្នុង​ការអភិវឌ្ឍ ថែរក្សា​បូរណភាព​ទឹកដី សេចក្ដី​ថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព ទី​៣. លើកកម្ពស់​ការថែទាំ​សុខភាព កំសាន្ត កីឡា និង សិល្បៈ ទី​៤. លើកទឹកចិត្ត​យុវជន​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ទី​៥. បង្កើត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ល្អជា​មួយ អង្គការ​សហគមន៍ជាតិ និង​អន្តរជាតិ ទី​៦. ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បំ​និ​ន​ជីវិត ការអប់រំ​យុវជន ជាពិសេស​សម្រាប់​ជនពិការ​។​


កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ហ៊ុន ម៉ា​នី ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) បានទទួល​រង្វាន់​ម្តង​ហើយ ដែល​មាន​ឈ្មោះថា “The ASEAN People’s Award” (​រង្វាន់​ប្រជាជន​អាស៊ាន​) ហើយ​រង្វាន់​នេះ ត្រូវ​បាន​ទទួល​នៅក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​៕


T-11-26-15-f-fullT-11-26-15-fffff-fullT-11-26-15-ff-fullT-11-26-15-fff-fullT-11-26-15-ffff-fullT-11-26-15-fffffff-fullT-11-26-15-ffffffff-fullT-11-26-15-ffffff-full



មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​អបអរសាទរ​ការ​ទទួល​បាន​ពានរង្វាន់ The Gusi Peace Prize ដែល​នាំមក​ដោយ​លោក ហ៊ុន ម៉ា​នី

Post a Comment

0 Comments

Close Menu