ក្រុមពន្លត់អគ្គិភ័យដល់ទៅរាប់រយនាក់ កំពុងប្រយុទ្ធតស៊ូយ៉ាងស្លាប់រស់ នៅក្នុងការឆាបឆេះមួយដែលបំផ្លាញឲ្យមានក្ដីអន្ដរាយយ៉ាងធំធេងអាចចូលដល់ថ្ងៃទីពីរហើយ នៅក្នុងប្រទេសអូស្ដ្រាលី បើគិតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ហើយដែលបានបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួស១៣នាក់ទៀត បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យជាមួយក្ដីបារម្ភដែលថាចំនួនមនុស្សស្លាប់នឹងកើនឡើងជាបន្ថែមទៀត។
ដោយសារតែស្ថានភាពត្រជាក់គួរសម ព្រមទាំងខ្យល់បក់តិចៗផងនោះ វាជាអំណោយផលដល់អគ្គិភ័យដែលឆាបឆេះព្រៃស្បាត ដោយអភិបាលរដ្ឋ South Australia លោក Jay Weatherill បាននិយាយថា ត្រូវការពេលវេលាជាច្រើនថ្ងៃទៀតមុនពេលស្ថានភាពបែបយ៉ាងនេះស្ថិតនៅក្រោមការគ្រប់គ្រងបាននោះ។
លោកនិយាយថា មនុស្ស១៣នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមាន៥នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ ដោយរលាករលួយទូទាំងខ្លួនប្រាណ។ លោកនិយាយថា យើងខ្ញុំដឹងថា មានម្នាក់ក្នុងចំណោមមនុស្សទាំងនោះរងការរលាកនៅលើខ្លួនប្រាណលើសពី៨០ភាគរយ។ ស្ថានភាពរបស់អ្នករងរបួសកំពុងតែត្រូវបានសង្គ្រោះព្យាបាលនិងគ្រប់គ្រងតាមដានជាទីបំផុត។
អណ្ដាតភ្លើងបានឆាបឆេះគេហដ្ឋានអស់១៦កន្លែង ក៏ដូចជារោងសំណង់អគារផ្សេងៗទៀតនៅខាងក្រៅ រួមទាំងរោងម៉ាសីុននៅឯកសិដ្ឋាន និងរថយន្ដ ដោយវាបានរាលដាលចម្ងាយដល់ទៅ៤០គីឡូម៉ែត្រ។ សូម្បីតែកន្លែងចិញ្ចឹមសត្វក៏រងក្ដីអន្ដរាយជាមួយរបាយការណ៍ថា ជ្រូកចិញ្ចឹម២,០០០ក្បាលងាប់ទាំងអស់ រួមទាំងសត្វស្លាបដល់ទៅ១៥០,០០០ក្បាលថែមទៀត។
នាយកផ្នែកពន្លត់អគ្គិភ័យប្រចាំប្រទេសលោក Greg Mettleton បាននិយាយថា នេះជាករណីឆាបឆេះមុនកាលកំណត់នៅក្នុងរដូវកាលនៃភ្លើងឆេះព្រៃ ប៉ុន្ដែព្រោះតែដីនៅភាគខាងត្បូងប្រទេសអូស្ដ្រាលី ស្ងួត ហើយព្រៃទៀតសោតក៏ច្រើន ជួនពេលដែលភ្លៀងខ្សត់ខ្សោយ។ ល្គឹកណាតែមានភ្លៀងធ្លាក់ទើបស្ថានភាពឆេះព្រៃដ៏គ្រោះថ្នាក់នៅរដូវក្ដៅនេះត្រូវបាន ស្រាកស្រាន្ដ។
ភ្លើងឆេះព្រៃតែងតែកើតមានជារួមទៅហើយនៅក្នុងរយៈពេលប៉ុន្មានខែដែលក្ដៅជាងគេនៅអូស្ដ្រាលី នោះ កន្លងមកនេះចំនួនអ្នកស្លាប់ជាលើកចុងក្រោយបង្អស់មាន៦នាក់ចាប់តាំងពីរដូវក្ដៅប្រចាំឆ្នាំបានចាប់
ផ្ដើមមុនកាលកំណត់ ហើយកាន់តែខ្លាំងមែនទែនកាលពីសប្ដាហ៍មុនកន្លងមក ពេលដែលមានមនុស្សស្លាប់៤នាក់ នៅភាគខាងលិចប្រទេស ក្នុងនោះមានអ្នកទេសចរមកពីអង់គ្លេស ន័រវេស និងអាល្លឺម៉ង់ផងដែរ៕
AFP
នៅអូស្ដ្រាលី ក្រុមពន្លត់អគ្គិភ័យ ប្រយុទ្ធតស៊ូស្លាប់រស់នឹងអណ្ដាតភ្លើងឆេះយ៉ាងរន្ធត់
0 Comments