Ad Code

សន្និសីទ​លើក​ទី​២ នៃ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជម្ងឺ​សើ​ស្បែក​ឥណ្ឌូចិន

សៀមរាប ៖ ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជម្ងឺ​សើ​ស្បែក ប្រមាណ​ជា​២០០​នាក់ នៃ​ប្រទេស​ក្នុង​ឥណ្ឌូចិន ( កម្ពុជា ឡាវ និង​ប្រទេស​វៀតណាម ) ក្នុង​នេះ​ក្រុម​វេជ្ជបណ្ឌិត​នៃ​ប្រទេស​វៀតណាម មាន​ចំនួន​ច្រើន​ជាង​គេ ប្រហែលជា​១០០​នាក់ និង​ក្រុម​វេជ្ជបណ្ឌិត​នៃ​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជា ៧០​នាក់ បាន​រួម​ប្រជុំ​គ្នា​នៅក្នុង​អង្គ​សន្និសីទ លើក​ទី​២​របស់​ខ្លួន នៅ​ក្រុង​សៀមរាប រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៦ និង​ថ្ងៃទី​២៧ វិច្ឆិកា​នេះ បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា លើក​ទី​១ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៤ កន្លងទៅ។


គួរ​កត់សម្គាល់​ថា អង្គ​សន្និសីទ​នេះ ត្រូវ​បាន​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​នោះ​ក៏​មាន​សំណើ​អញ្ជើញ ប្រតិភូ​វេជ្ជបណ្ឌិត​ឯកទេស​ជម្ងឺ​សើ​ស្បែក​ល្បីៗ  មកពី​សហរដ្ឋអាមេរិក  ប្រទេស​ស្វី​ស ថៃ  ជប៉ុន  ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌា​ជាដើម ដើម្បី​ធ្វើ​បទ​បង្ហាញ ស្តីអំពី​ការស្រាវជ្រាវ របកគំហើញ​ថ្មីៗ  បច្ចេកទេស វិធីសាស្ត្រ​ការពារ ព្យាបាល​នៃ​ជម្ងឺ​សើ​ស្បែក​ទាំងនោះ  និង​ចែករំលែក​បទពិសោធន៍ ពី​គ្នា​ទៅវិញទៅមក ផង​ដែរ។


ជាការ​កត់សម្គាល់ បទ​បង្ហាញ​របស់​បណ្តា​ប្រទេស​នៅ​ឥណ្ឌូចិន ( កម្ពុជា ឡាវ វៀតណាម ) បានបង្ហាញ​នៅក្នុង​អង្គ​សន្និសីទ​នោះ អំពី​ស្ថានភាព និង​បញ្ហា​ប្រឈម​នានា ដើម្បី​ស្វែង​រក​គន្លឹះ​ដោះស្រាយ  ក្នុង​នោះ​ដូចជា​លទ្ធភាព​នៃ​ការ​ផ្តល់សេវា​ការពារ​ព្យាបាល​ជម្ងឺ​សើ​ស្បែក និង​លើកឡើង អំពី​ការយល់ដឹង​នៅមាន​ក​ម្រឹត​របស់​ប្រជាពលរដ្ឋ​ជនបទ ក្នុងការ​ទទួលយក​នូវ​សេវា​ទាំងនេះ។


ចំណែកឯ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជម្ងឺ​សើ​ស្បែក​ល្បីៗ នៃ​បណ្តា​ប្រទេស​ជឿនលឿន ដែល​បាន​ចូលរួម​ក្នុង​អង្គ​ស​ន្និសីទ​នេះ បាន​លើក​យក​មក​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​វិធី​ព្យាបាល​នានា ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពុំ​ធ្លាប់​បាន​ជួបប្រទះ  ក៏ប៉ុន្តែ​អង្គ​សន្និសីទ បាន​វាយតម្លៃថា នេះ​គឺជា​កម្រាល​ផ្លូវ​មួយ ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​ឥណ្ឌូចិន បង្កើត​គម្រោង​គោលដៅ​ថ្មី​របស់​ខ្លួន អភិវឌ្ឍន៍​សិក្សា​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត  ដើម្បី​ជោគជ័យ នាពេល​អនាគត លើ​បច្ចេកទេស​វេជ្ជសាស្ត្រ ការពារ​ព្យាបាល​ជម្ងឺ​សើ​ស្បែក។


លោក​វេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ ប្រធាន​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា បាន​បង្ហាញ​នៅក្នុង​បទសម្ភាសន៍ ក្រៅ​កិច្ចប្រជុំ​នោះ​ថា ជាទូទៅ ជម្ងឺ​អ្វី​ក៏​អាច​ព្យាបាល​បាន​ដែរ ក៏​ប៉ុន្តែ​យើង​ដើរ​ក្រោយ​គេ ដោយសារតែ​មិនទាន់​មាន​លទ្ធភាព។ លោក​បាន​បញ្ជាក់​ថា ពាក្យ​ថា មិន​ទាន់​មាន​លទ្ធភាព​នៅពេលនេះ គឺ​និយាយ​ទាក់ទង​ទៅ​នឹង​ថវិកា ឱសថ​រក​ឃើញ​ថ្មីៗ មានតម្លៃ​ថ្លៃ​ខ្ពស់  ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា សន្និសីទ​នេះ បាន​ផ្តល់​នូវ​ការដកស្រង់​ពី​សោធន៍ រៀនសូត្រ ​អភិវឌ្ឍន៍​ចំណេះដឹង។


ដោយសារតែ​ជម្ងឺ​ឃ្លង់ ជា​ប្រភេទ​ជម្ងឺ​សើ​ស្បែក​មួយ ក្នុងចំណោម​ជម្ងឺ​សើ​ស្បែក​ជាច្រើន​ទៀត  និង​ជា​ប្រភេទ​ជម្ងឺ​រាំ​រ៉ៃ តំណរ​ពូជ ធ្លាប់​កើតមាន​នៅ​កម្ពុជា  លោក​វេជ្ជបណ្ឌិត បាន​បកស្រាយ​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ជម្ងឺ​ឃ្លង់​មិនទាន់​បាត់​កង្វល់ ១០០% នោះ​ទេ  តែ​វា​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល មាន​គោលដៅ​ព្យាបាល លុបបំបាត់​ជម្ងឺ​ឃ្លង់ ឲ្យ​អស់ទាំង​ស្រុង​ពី​កម្ពុជា៕


T-11-26-15-l-fullT-11-26-15-lll-fullT-11-26-15-llll-fullT-11-26-15-ll-full



សន្និសីទ​លើក​ទី​២ នៃ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជម្ងឺ​សើ​ស្បែក​ឥណ្ឌូចិន

Post a Comment

0 Comments

Close Menu