Ad Code

រដ្ឋសភា​ អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ដោយ​សំឡេង​គាំទ្រ​៦៦​សំឡេង​ លើ​៦៦

ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា ក្រោម​ការដឹកនាំ​កិច្ចប្រជុំ​ដោយ​សម្ដេច​ពញ្ញា​ចក្រី ហេង​ សំរិន ​ប្រធាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ បាន​ប្រជុំ​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ជា​ឯកច្ឆន្ទ​ដោយ​គាំទ្រ​៦៦​សំឡេង​លើ​៦៦ នៃ​សមាជិកសភា​ចូលរួម ដើម្បី​បើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល​​ប្រើប្រាស់​ថវិកាជាតិ​ឆ្នាំ ២០១៦ ទាំង​ចំណូល និង​ចំណាយ ជា​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីក​ចម្រើន។


សេចក្ដីព្រាងច្បាប់​នេះ គ្រោង​ចំណាយ​ប្រមាណ​១៧.៤៦២.៤៧៧​លាន​រៀល ឬ​ស្មើនឹង​ជាង ៤.២០០​លាន​ដុល្លារ។ គឺ​កំណើន​ចំណាយ​ជាង​១៦​ភាគរយ ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៥ ដែល​ស្មើនឹង​ជាង​២១​ភាគរយ​ នៃ​ផលិតផល​សរុប​ក្នុងស្រុក។


លោក អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ រៀបចំឡើង​នៅ​ក្នុង​បរិការណ៍​ដែល​កម្ពុជា​កំពុង​ទទួល​បាន​ពី​សន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ។​

លោក​បញ្ជាក់​ថា ច្បាប់​ថវិកា​២០១៦ ត្រូវ​បាន​រៀបចំ​គិតគូរ​ក្នុង​ទិសដៅ​កែទម្រង់​ជាក់លាក់ ដើម្បី​ធានា​ចលនា​កំណែទម្រង់ ​ព្រមទាំង​តម្រង់ និង​តម្រឹម​គោលដៅ នៃ​កំណែទម្រង់​ស្របតាម​គោលបំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​សម្រេច​ឲ្យ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា។​


ច្បាប់​ថវិកា​២០១៦​នេះ បាន​ផ្ដោត​យកចិត្តទុកដាក់​ខ្លាំង​លើ​វិស័យ​សង្គមកិច្ច ,ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ,ការ​បន្ត​វិនិយោគ​លើ​វិស័យ​រចនាសម្ព័ន្ធ​រូបវន្ត​, ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​, ពង្រឹង​វិស័យ​អភិបាលកិច្ច និង​ដំឡើង​ប្រាក់​បៀវត្ស​ចូល​មន្ត្រី​មន្ត្រីរាជការ​គ្រប់​កម្រិត ​ចាប់ពី​ខែ​មករា ​ឆ្នាំ​២០១៦​ផង​ដែរ។​

លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម រដ្ឋសភា​បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៦​នេះ នឹង​បើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល​អាច​ចំណាយ​ថវិកាជាតិ​ស្របតាម​ច្បាប់​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ទៅតាម​វិស័យ​ចាំបាច់​នីមួយៗ។


លោក​បន្ត​ថា គម្រោង​ចំណាយ​ថវិកា​ឆ្នាំ​២០១៦​នេះ អាច​ប្រសិទ្ធិនាម​បាន​ថា ថវិកា នៃ​ការ​ប្រមូលផ្ដុំ​នូវ​កម្លាំង​ធនធានមនុស្ស សំដៅ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​បន្ថែម​ទៀត​ដើម្បី​ធានា​បាន​នូវ​ដំណើរ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព​ដោយ​ផ្សារភ្ជាប់​ការ​គិតគូរ​តុល្យភាព​ នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​នៅ​លើ​ពិភពលោក។​


សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦​នេះ បាន​ទម្លាក់​ថវិកាជាតិ​ច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច ដែល​មាន​រហូត​ទៅដល់​១.០៥០​លាន​ដុល្លារ ខណៈ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ឈរ​លេខ​រៀង​ទី​២ ក្នុង​ទឹកប្រាក់​ចំនួន​៦៥០​លាន​ដុល្លារ រីឯ​វិស័យ​អប់រំ បាន​ឈរ​លេខ​៣ ដែល​បាន​ទទួល​ថវិកាជាតិ​ចំនួន​៤៩៧​លាន​ដុល្លារ។​


សេចក្ដីព្រាងច្បាប់​នេះ ក៏​គ្រោង​ចំណាយ​លើ​វិស័យ​សុខាភិបាល​ចំនួន​២៧២​លាន​ដុល្លារ លើ​វិស័យ​កសិកម្ម​ចំនួន​៤៦​លាន​ដុល្លារ និង​គ្រោង​ចំណាយ​លើ​វិស័យ​អភិវឌ្ឍន៍​ជនបទ​ប្រមាណ​ជា​៣៦​លាន​ដុល្លារ​ប៉ុណ្ណោះ៕
Pisey-2015-11-30-full-H7




រដ្ឋសភា​ អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ដោយ​សំឡេង​គាំទ្រ​៦៦​សំឡេង​ លើ​៦៦

Post a Comment

0 Comments

Close Menu