Ad Code

គណបក្ស​អំណាច​ខ្មែរ​គ្រោង​ចំណាយ​ថវិកា​ជិត​២០​ម៉ឺន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​នៅ​តាម​ព្រំដែន

ភ្នំពេញ ៖ គណ​បក្ស​អំណាច​ខ្មែរ នឹង​ចំណាយ​ប្រាក់​ប្រមាណ​១៨ ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០ គ្រួសារ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ពង្រឹង​ការរស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន ហើយ​ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​នៅពេល​ឆាប់​ខាងមុខ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គណបក្ស​អំណាច​ខ្មែរ​នឹង​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ដែល​មាន​គំរូ និង​ទំហំ​ដូចគ្នា​ទាំងអស់ គឺ​មាន ទំហំ​៥​ម៉ែត្រ គុណ ៧​ម៉ែត្រ ដែល​ដំបូល​ប្រក់​ហ្វី​ប្រូ ហើយ​ជញ្ជាំង បិទ​ស័ង្កសី ចំណែកឯ​រនាប​ធ្វើ​ពី​ឈើ ហើយ​ដែល​ផ្ទះ​មួយ​ខ្នងៗ​មានតម្លៃ​១៨០០ ដុល្លារ​។ បើ​តាម​គម្រោង នឹង​ចាប់ផ្តើម​សាងសង់​ធ្នូ ឆ្នាំ​២០១៥ ហើយ​ជំហាន​ដំបូង គឺ​គ្រោង​សង់ផ្ទះ​ជូន​ពលរដ្ឋ​តាម​ព្រំដែន​ត្រឹម​១០០ គ្រួសារ​សិន ហើយនឹង​អាច​បន្ត​សាងសង់​បន្ថែម​ទៀត បើ​ប្រជាពលរដ្ឋ​នៅតែ​ខ្វះខាត។


ទាក់ទង​ប្រភព​ខាងលើ​នេះ លោក សួន​សេរី​រដ្ឋា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា ព័ត៌មាន​នោះ​ជា​ការ​ពិត ហើយ​យើង​ជឿ​ថា អាជ្ញាធរ នឹង​មិន​រារាំង​ទេ បើ​អាជ្ញាធរ​មិន​រារាំង​នោះ មានន័យថា ជា​អាជ្ញាធរ​ខ្មែរ​ចង់​ការពារ​ទឹកដី​ខ្មែរ និង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​តំបន់​ជាយដែន​មានផ្ទះ​សម្រាប់​រស់នៅ ដើម្បី​សហការ​ជាមួយនឹង​ខ្លួន ការពារ​ព្រំដែន និង​ការពារ​ទឹកដី​។ លោក​បញ្ជាក់​ថា នេះ​ជា​សេវា​មួយ​ផ្នែក ដែល​គណបក្ស​អំណាច​ខ្មែរ យើង​គិតថា យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពង្រឹងស្មារតី​ពលរដ្ឋ​ខ្មែរ​នៅ​ជាយដែន​ឲ្យ​មាន​ភាព​កក់ក្តៅ កុំ​ឲ្យ​ពួក​គាត់​រងា​ឯកោ។


ពិសេស​គណបក្ស​អំណាច​ខ្មែរ យើង​ធ្វើ​នយោបាយ មិនមែន​អង្គុយចាំតែ​ចាប់កំហុស ហើយ​មិន​ធ្វើ​អ្វី​សោះ ក្នុងពេលដែល​យើង​អាច​រួម​ចំណែក​ធ្វើ​បាន​នោះ​ទេ។


តាម​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់​ថា “​ចំនួន​តាម​គំរោង​ដំបូង​គឺ​នឹង​សង់​ចំនួន​១០០ ផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ណា ដែល​គ្មាន​ផ្ទះ​មានតែ​ដី និង​មានតែ​កូនខ្ទម​ប្រក់​ស្លឹក​តូចៗ​។ តែ​យើង​នឹង​ពិនិត្យ​ល្អិតល្អន់​ពី​ប្រវត្តិ​គ្រួសារ ជីវភាព​គ្រួសារ និង​ពិសេស​ជំហរ​ជា​គ្រួសារ​ពលរដ្ឋ​ខ្មែរ ដែល​សុខចិត្ត​តស៊ូ​រស់នៅ​តំបន់​ជាយដែន​ដើម្បី​ជួយ​ឃ្លាំមើល​ការរំលោភ​ព្រំដែន និង​ដើម្បី​ជួយ​ការពារ​ព្រំដែន​ខ្មែរ។


ផ្ទះ​មួយ​ខ្នង​ដែល​សង់​ពី គ្រោងឆ្អឹង​ដែក ដំបូល​ហ្វី​ប្រូ​ស៊ីម៉ង់ ទ្វា​បង្អួច​ធ្វើ​ពី​ឈើ និង​បាត​ចាក់​ក្រាល​បេតុង គ្រោង​ចំណាយ​ថ្លៃ​ទិញ​សម្ភារៈ​អស់​១៨០០ ដុល្លា ហើយ​កម្លាំង​សាងសង់ និង​ក្រុម​ជាង គឺជា​ក្រុម​ស្ម័គ្រចិត្ត ក្រុម​យុវជន​បៃតង នៃ​គណបក្ស​អំណាច​ខ្មែរ​។ ថវិកា​សាងសង់ ជា​ជំនួយ​ពី​សមាជិក​អ្នកគាំទ្រ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ដូចជា​អាមេរិក កាណាដា អឺរ៉ុប អូស្ត្រាលី ញូ​ហ្សឺ​ឡែ​ន និង​ពី​ពលករ​ខ្មែរ​នៅ​ប្រទេស​សៀម​”។


លោក សួន សេរី​រដ្ឋា បាន​អះអាង​ថា មូល​ហេតុ​ដែល​គណបក្ស​អំណាច​ខ្មែរ សម្រេចចិត្ត​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​ខ្មែរ គ្រួសារ​ក្រីក្រ​នៅ​ព្រំដែន គឺ​ដើម្បី​ពង្រឹង​ការរស់នៅ​របស់​ពលរដ្ឋ​ខ្មែរ នៅ​តំបន់​ព្រំដែន កុំ​ឲ្យ​រត់​ចូល​ដី​កេរ​ដូនតា ឬ​លក់ ជួល​ដីស្រែ​ចម្ការ​ឲ្យ​វៀតណាម ព្រោះតែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ពី​សំណាក់​អាជ្ញាធរ និង​រដ្ឋាភិបាល​។ មួយវិញទៀត គឺ​ដើម្បី​ឲ្យ​តំបន់​ព្រំដែន​ខ្មែរ គឺ​រក្សា​បាន​នូវ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ឲ្យ​បាន​កាន់​តែ​ច្រើន កុំ​ឲ្យ​មាន​ភាព​ភ័យខ្លាច​រត់ចោល​ដីស្រែ ដីចម្ការ​ខ្លួនឯង។


ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានទេ កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល ប៉ុន្តែ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ក្លាយជា​ចំណុច​ក្តៅ​មួយ​សម្រាប់​អ្នក​នយោបាយ​នៅ​កម្ពុជា ជាពិសេស​គណបក្សប្រឆាំង តែងតែ​លើកយក​បញ្ហា​នេះ ធ្វើជា​គោលដៅ​សំខាន់​ក្នុង​ការ​វាយប្រហារ​លើ​គណបក្ស​កាន់អំណាច​៕



គណបក្ស​អំណាច​ខ្មែរ​គ្រោង​ចំណាយ​ថវិកា​ជិត​២០​ម៉ឺន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​នៅ​តាម​ព្រំដែន

Post a Comment

0 Comments

Close Menu