ឧត្តរមានជ័យ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ លោក ផេ កុសល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញដីកាឃុំខ្លួនបណ្ដោះអាសន្នទៅលើជនសង្ស័យ ចំនួន២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ដែលអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបង្ក្រាបកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោកវរសេនីយ៍ត្រី អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងនាថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៥នេះថា ជនសង្ស័យទាំង២នាក់ដែលត្រូវតុលាការសម្រេចឃុំខ្លួនរួមមាន១/ឈ្មោះ ម៉ក សុខុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំហៃសាន ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង២/ឈ្មោះ សេង លឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពួកគេមានមុខរបរធ្វើស្រែចម្ការ។ ពួកគេត្រូវចាប់ខ្លួនកាលពីម៉ោង១០យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នេះ នៅលើកំណាត់ផ្លូវជាតិទៅកាន់ខេត្តព្រះវិហារ ដែលកម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងកំពុងបានសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធីច្បាប់៕
តុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅស្រុកត្រពាំងប្រាសាទ
0 Comments