Ad Code

លោក Lavrov ៖ ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ ហាក់ដូច​ជា​មាន​​ការ​គ្រោងទុក​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា កា​របាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយ​គ្រឿង​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ប្រទេស​ទួរគី​ហាក់ដូចជា​ការ​បង្ក​ហេតុ​ដែល​បាន​គ្រោង​ទុកជាមុន​។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​បរាជ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រុស្ស៊ី​លើ​ឧប្បត្តិ​ហេតុនេះ។​



លោក Lavrov បាន​និយាយ​ថា “​យើង​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​ដែល​ថា ​ទង្វើ​នេះ​គឺ​ដោយ​អ​ចេតនា​។ វា​មើលទៅ​ហាក់ដូចជា​ការ​បង្ក​ហេតុ​ដែល​រៀបចំ​ទុកជាមុន​”​។​



លោក Lavrov បាន​បន្ថែម​ទៀត​ថា ដៃគូ​ជាច្រើន​របស់​រុស្ស៊ី​បាន​ហៅ​ឧបទ្ទវ​ហេតុនេះ​ថា​ជា “​ការ​វាយ​ឆ្មក់​ជាក់ស្តែង​”។​



លោក​បាន​និយាយ​ថា ការ​ធ្លាក់​យន្ត​ចម្បាំង​របស់​រុស្ស៊ី​បាន​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ បន្ទាប់ពី​កងទ័ព​អា​កាស​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទៅលើ​រោងចក្រ​ និង​ក្បួន​ឡាន​ដឹក​ប្រេង​របស់​ក្រុម​ភេរវកម្ម។



ជាមួយគ្នា​នោះ​ដែរ អ្នកការទូត​រុស្ស៊ី​បាន​រិះគន់​ដល់​អង្គការ​ណា​តូ​ចំពោះ​ការ​មិនបាន​សម្ដែង​នូវ​ការ​រំលែក​ទុក្ខ​ចំពោះ​ប្រទេស​រុស្ស៊ី​ លើ​កា​របាត់​បង់ជីវិត​នៃ​កងទ័ព​របស់​ខ្លួន។​



លោក Lavrov បាន​ថ្លែង​ថា​ “​សេចក្ដីថ្លែងការណ៍​ចម្លែក​បំផុត​ត្រូវ​បាន​គេ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​​អំពាវនាវ​ដោយ​ទួរគី ​ដែល​មិនបាន​សម្ដែង​នូវ​ការ​សោកស្ដាយ ​ឬ​មិនបាន​ចូលរួម​រំលែក​ទុក្ខ​ណាមួយ​ក្នុង​គោលបំណង​គ្របដណ្ដប់​នូវ​អ្វី​ដែល​កងទ័ព​អាកាស​របស់​ប្រទេស​ទួរគី​បាន​ធ្វើ​”​។​



ទោះបីជា​យ៉ាងណាក៏ដោយ លោក Lavrov បាន​រំលឹក​ឡើងវិញ​នូវ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​ដែល​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​ដែល​ថា យន្ត​ចម្បាំង​របស់​រុស្ស៊ី​បាន​រំលោភ​លើ​ដែនអាកាស​របស់​ប្រទេស​ទួរគី​។​



លោក Lavrov បាន​និយាយ​បន្ថែម​ទៀត​ថា​​ ទំនាក់ទំនង​របស់​ប្រទេស​រុស្ស៊ី​ជាមួយ​ទួរគី​នឹង​ផ្លាស់ប្ដូរ​បន្ទាប់ពី​មានការ​វាយប្រហារ​មួយ​នៅ​លើ​យន្តហោះ​របស់​រុស្ស៊ី។ ​ប្រទេស​ទួរគី​ដែល​បច្ចុប្បន្ន​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​នោះ គួរតែ​ធ្វើ​បន្ថែម​ទៀត ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រុស្ស៊ី​មុន​ពេល​និង​បន្ទាប់ពី​ការ​ឧប្បត្តិ​ហេតុនេះ​។​



លោក Lavrov បាន​បន្ត​ថា ក្រុង​មូ​ស្គូ​នឹង​វាស់វែង​ការ​ឆ្លើយតប​របស់​ខ្លួន ​ដើម្បី​កំណត់​ការខូចខាត​ចំពោះ​ពាណិជ្ជករ​ទួរគី​ និង​រុស្ស៊ី​ដែល​គ្មានអ្វី​ទាក់ទង​ទាំងអស់​ជាមួយ​ឧប្បត្តិ​ហេតុនេះ​ហើយនឹង​សម្រេ​ច​ចិត្ត​លើ​សកម្មភាព​ត្រឹមត្រូវ​។​



លោក Lavrov បាន​និយាយ​បន្ទាប់ពី​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា ក្រុង​មូ​ស្គូ​គ្មាន​បំណង​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ណាមួយ​ទៅកាន់​ប្រទេស​ទួរគី​ ឬ​ទទួល​ក្រុម​មន្ត្រី​ទួរគី​ជាន់ខ្ពស់​ណាមួយ​ឡើយ​។



រដ្ឋមន្ត្រី​រុស្ស៊ី​បាន​និយាយ​បញ្ជាក់​ថា មាន​សំណួរ​មួយ​នៃ​ការចូលរួម​របស់​អាមេរិក​នៅក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នេះ​។ បើ​យោង​តាម​ប្រភព​របស់​គាត់​បាន​ឲ្យ​ដឹង​ថា អាមេរិក​បាន​ទាមទារ​ឲ្យ​សមាជិក​នៃ​ក្រុមចម្រុះ​ប្រឆាំង IS ដែល​ដឹកនាំ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ទាំងអស់​ដែល​បាន​ប្រើ​យន្ត​ហោះ​យោធា​សហរដ្ឋអាមេរិក​ត្រូវធ្វើ​ការ​សម្របសម្រួល​កា​រដាក់​ពង្រាយ​ទាំងអស់​ជាមួយនឹង​យោធា​អាមេរិក​៕


RT




លោក Lavrov ៖ ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ ហាក់ដូច​ជា​មាន​​ការ​គ្រោងទុក​

Post a Comment

0 Comments

Close Menu