ស្វាយរៀង ៖ លោកយាយចាស់ជរាកម្សត់ ព្រមទាំងចៅប្រុសពិការម្នាក់ បានស្រែកហៅអ្នកភូមិឲ្យជួយពន្លត់ផ្ទះរបស់គាត់ ដែលត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅគួរឲ្យរន្ធត់ បន្ទាប់ពីរូបគាត់និងចៅត្រឡប់មកពីត្រងត្រីក្រឹមនៅឯស្រះកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយទាបបានឲ្យដឹងថា ផ្ទះ ដែលត្រូវភ្លើងឆាបឆេះមានទំហំប្រមាណ៣ម៉ែត្រកន្លះគុណនឹង៦ម៉ែត្រសង់អំពីឈើ ប្រក់ស្លឹក ដោយមានម្ចាស់ឈ្មោះវង សាគុតភេទស្រី អាយុ៧៧ឆ្នាំ មានចៅប្រុសម្នាក់ កំព្រាពិការជើងស្ដាំ តាំងពីកំណើតនៅក្នុងបន្ទុកជាមួយ។
ប្រភពបន្តថា ករណីនេះកើតឡើង ដោយសារតែលោកយាយបានបង្កាត់ភ្លើងស្ងោរដំឡូងទុកហូបពេលថ្ងៃត្រង់ ប៉ុន្តែលោកយាយ និងចៅប្រុសពិការជាប់រវល់នាំគ្នាទៅត្រងត្រីក្រឹមនៅស្រះក្បែរផ្ទះ ហើយភ្លេចខ្លួនទើបជួបហេតុការណ៍បែបនេះតែម្ដង។ ចំពោះសម្ភារៈ ដែលខូចខាតមានដូចជាកង់, ថវិកា៥សែនរៀល ដែលលោកយាយខំសន្សំ និងរបស់របរមួយចំនួនទៀត។
ដោយមើលឃើញពីទុក្ខលំបាករបស់លោកយាយវង់ សាគុត ដែលផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះ ព្រមទាំងសម្ភារៈមួយចំនួនបាត់បង់ មិនតែប៉ុណ្ណោះគឺលោកយាយបានចិញ្ចឹមចៅប្រុសពិការម្នាក់ ដែលមានអាយុ១៨ឆ្នាំផងនោះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដឹកនាំកម្លាំងក្រោមឱវាទចុះសាកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគចែកជូនលោកយាយ មានដូចជាៈអង្ករ១០០គីឡូក្រាមមី យើង៥កេស ត្រីខ២យួរ ធុងទឹក១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឆ្នាំងខ្ទះ១ វែកបាយ១ស្លាបព្រា១ឡូ ចាន១ឡូ ព្រមទាំងថវិកាចំនួន១០០ដុល្លារផងដែរ៕
ស្ងោរដំឡូងនៅផ្ទះ ជាប់រវល់ទៅត្រងត្រីក្រឹមជាមួយចៅ ភ្លេចខ្លួន ភ្លើងឆាបឆេះផ្ទះគ្មានសល់
0 Comments