Ad Code

បុរស​ម្នាក់​កាប់​គេ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ពីរ​នាក់ ប្រឈម​ជាប់គុក​១០​ឆ្នាំទៅ​២០​ឆ្នាំ​

ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការចោទប្រកាន់ ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការ​កាប់​គេ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ពីរ​នាក់ ព្រោះ​ទំនាស់​ក្នុង​វង់​ផឹកស៊ី។


ជនល្មើស ត្រូវ​ចោទប្រកាន់ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន ។


បុរស​រូប​នេះ​ឈ្មោះ មាស រិទ្ធី ហៅ​មាស សុធី អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះ​ជួល​លេខ​១៨ ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ត្រូវបាន​នគរ​បាល​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥។


ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១​ឈ្មោះ ទូច សំអាង ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ កម្មករ​រោង​ចក្រ របួស​ឆ្អឹងជំនី​ឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ទី​២ ឈ្មោះ ទូច សំអុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ របួស​លើ​ដោះ​ខាងឆ្វេង និង ទី​៣ ឈ្មោះ ហ៊ីង មករា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ របួស​លើ​ដោះ​ខាងស្តាំ។


សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៩ យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល លេខ ១៧១៣ ក្នុង​ក្រុម​ទី​១៧ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់​អង្រែ​ក្រោម មាន​ករណី​ហិង្សា​បង្កឡើង ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ មាស រិទ្ធី ហៅ មាស សុធី ទាស់​ពាក្យសំដី​គ្នា​ក្នុង​វង់​ស៊ីផឹក ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​សំដៅលើ​ជនរងគ្រោះ ផឹកស៊ី ជាមួយគ្នា​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ ចាក់​មួយ​កាំបិត​ចំ​ដើមទ្រូង​ស្លាប់ ពេល​បញ្ជូនទៅ មន្ទីរពេទ្យ និង​២​នាក់​ផ្សេងទៀត ត្រូវ​ចាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ។


ប្រភព​ព័ត៌មាន​បន្តថា ដំណើររឿង​មុន​ឈាន​ដល់​ការ​ចាក់សម្លាប់​គ្នា​នេះ គឺ​ដំបូង​ឡើយ ជនរងគ្រោះ​ទាំង ៣​នាក់ ដែល​ទី​១ ឈ្មោះ ទូច សំអាង ទី​២ ទូច សំអុល ទី​៣ ហ៊ឹម មករា កំពុង​អង្គុយ​ផឹកស៊ី ក្នុង​ផ្ទះ​ជួល​របស់​ខ្លួន ដែល​ជា​ចំណុច​កើតហេតុ ។ ខណៈ​កំពុង​អង្គុយ​ហូបចុក​សុខៗ ស្រាប់តែ​ឈ្មោះ មាស រិទ្ធី ហៅ​មាស សុធី ជា​ជន សង្ស័យ​ ដែល​ជា​មនុស្ស​ស្គាល់​គ្នា ជាមួយ​ម្ចាស់​ផ្ទះ​ជួល បាន​ដើរ​ចូល​ទៅ​ក្នុង​ហ្វូង​ហូបចុក ហើយ សុំ​ចូល​រួម ផឹកស៊ី​ជាមួយ​ផង ទាំង​រូបគេ និជ​ន​រងគ្រោះ​ទាំង​៣​នាក់ ជា​មនុស្ស​មិន​ស្គាល់​គ្នា​ពី​មុនមក​នោះទេ។ លុះ​ហូប មកដល់​វេលា​ម៉ោង​១៩​និង​៤៥​នាទី យប់ ពួកគេ​ទាំង​៤​នាក់ បាន​ទាស់​ពាក្យសម្ដី​គ្នា អំពី​រឿង « តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ » រហូត​ធ្វើ ឲ្យ​ឈ្មោះ មាស សុធី ជា​ជនសង្ស័យ ខឹងសម្បា​ងើបឈរ​ឡើង​រួច​ទាញ​កាំបិត​ចុង​ស្រួច​ចេញពី​ចង្កេះ ចាក់ទៅលើ ឈ្មោះ ទូច សំអាង ចំ​ឆ្អឹងជំនី​ពីមុខ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ ភ្លាមនោះ​ឈ្មោះ​ទូច សំអុល និង​ឈ្មោះ​ហ៊ឹម មករា ក៏បាន​លោត​ចូល​ទៅ​ជួយ​ឈ្មោះ ទូច សំអាង ក៏ត្រូវ​ជនសង្ស័យ​ចាក់​ម្នាក់​មួយ​កាំបិត​បន្ថែម បណ្តាល​ឲ្យ រង​របួស ទាំង ២​នាក់​ទៀត។


ក្រោយ​ហេតុការណ៍​នេះ ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ 1w -0168 ជិះ​រត់គេចខ្លួន​បាត់ស្រមោល ។ ប៉ុន្តែ​រយៈពេល​មួយ​យប់​ក្រោយមក នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​មកវិញ៕


 



បុរស​ម្នាក់​កាប់​គេ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ពីរ​នាក់ ប្រឈម​ជាប់គុក​១០​ឆ្នាំទៅ​២០​ឆ្នាំ​

Post a Comment

0 Comments

Close Menu