ភ្នំពេញ ៖ អង្គការ AFH គ្រោងនឹងជួយសាងសង់ទីជម្រាលសម្រាប់ជនពិការនៅតាមមណ្ឌលសុខភាពចំនួន១០នៅខេត្តស្វាយរៀងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ពេលទៅរកសេវាព្យាបាល។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំមួយដល់ប្រធានមន្ទីរសុខាភិបាលទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ទៅលើបងប្អូនជនពិកា និងជនចាស់ជរាគ្មានទីពឹងបន្ថែមទៀតហើយការព្យាបាលគឺមិនគិតថ្លៃឡើយ។
បើតាមលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការចេញសេចក្ដីណែនាំនេះ គឺដើម្បីពង្រឹង និងពង្រីកការងារទាំងនេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលលើពួកគាត់ដែលមានជីវភាពខ្សត់ខ្សោយនៅក្នុងសង្គម។ ដោយសារតែជនពិការរស់នៅប្រទេសកម្ពុជាភាគច្រើនមិនមានជីវភាពល្អប្រសើរទេ រីឯជនចាស់ជរាដែលគ្មានទីពឹងរស់នៅជួបការលំបាកជាទីបំផុត។ ដូចនេះ បើពួកគាត់មករកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពយើងត្រូវតែផ្តល់អាទិភាពដល់គាត់ គឺត្រូវព្យាបាលគាត់ដោយឥតគិតថ្លៃ ហើយរាល់ការចំណាយរាជរដ្ឋាភិបាលជាអ្នកចេញជំនួសតាមរយៈមូលនិធិសមធម៌។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តទៀតថា «ការជួយព្យាបាលជំងឺដល់ជនពិការ និងចាស់ជរាគ្មានទីពឹងនេះដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យបានល្អប្រសើរបានមួយកម្រិត»។
លោករដ្ឋមន្ត្រីថា នេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលទៅលើបងប្អូនជនពិការ និងជនចាស់ជរា ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ»។
ក្នុងឱកាសដែលកម្ពុជាប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ កាលពីថ្ងៃទី៣ ខែធ្នូកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនមិនពិការទាំងអស់ឲ្យបញ្ឈប់ការរើសអើងលើជនពិការ ព្រមទាំងលើកទឹកចិត្តដល់ជនពិការទាំងអស់ឲ្យប្រឹងប្រែងតស៊ូ ដើម្បីជម្នះភាពពិការរបស់ខ្លួន។
សម្ដេចបានថ្លែងនៅលើទំព័រ Facebook របស់សម្ដេចយ៉ាងដូច្នេះថា «ខ្ញុំចង់និយាយទៅកាន់បងប្អូនក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ យើងសូមបងប្អូនដែលមិនពិការ មេត្តាកុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់ អាកំបុត អាគរ អាថ្លង់។ល។ បទពិសោធន៍ដែលខ្ញុំជាជនពិការម្នាក់ អាចដឹកនាំចលនាតស៊ូរំដោះជាតិបានរកសន្តិភាព និងការអភិវឌ្ឍបានរហូតកាន់តំណែងកំពូលជាង៣០ឆ្នាំបាននោះ គឺផ្តើមចេញពីការខិតខំតស៊ូដោយខ្លួនឯង និងមានការគាំទ្រពីប្រជាជន។ មិនមានជោគជ័យណាមួយរត់មករកយើងដោយខ្លួនឯងទេ គឺមានតែយើងទេ ដែលត្រូវរត់ទៅរកជោគជ័យនោះ»។
ក្នុងការផ្តល់សេវាដល់ជនពិការ និងចាស់ជរាគ្មានទីពឹង លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំពីក្រសួងសុខាភិបាលយើងបានធ្វើការណែនាំបន្តដល់ប្រធានមន្ទីរពេទ្យមណ្ឌលសុខភាពឲ្យយកចិត្តទុកដាក់បន្ថែមទៀតដល់បងប្អូនជនពិការ និងជនចាស់ជរាពោលគឺ ត្រូវផ្តល់អាទិភាព ព្យាបាលជំងឺជួនគាត់មុនគេដោយមិនទុកឲ្យពួកគាត់រង់ចាំឡើយ ហើយការព្យាបាល គឺមិនយកប្រាក់ទេ ខាងរាជរដ្ឋាភិបាលជាអ្នកចេញជំនួសដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌។
លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងទៀតថា ដើម្បីជួយសម្រួលដល់ជនពិការយើងបានសាងសង់ទីជម្រាលជួនពួកគាត់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួន។
លោកបន្តថា ក្នុងចំណោមមណ្ឌលសុខភាពចំនួន៤៤កន្លែង មានប្រមាណ៨កន្លែង ដែលសង់ថ្មីមានទីជម្រាលសម្រាប់ជនពិការ។ ចំណែកមណ្ឌលសុខភាពដែលនៅមិនទាន់មានទីជម្រាលអង្គការAFHបានសន្យាថា នឹងជួយសាងសង់ទីជម្រាលនេះ ប្រមាណ១០មណ្ឌលសុខភាពបន្ថែមទៀត។
លោកបានបន្ថែមថា មណ្ឌលសុខភាពដែលអង្គការ នឹងជួយសាងសង់ផ្លូវចូលសម្រាប់ជនពិការភាពនោះរួមមាននៅស្រុកប្រតិបត្តិស្វាយរៀងមាន៣ គឺនៅនៅមណ្ឌលសុខភាពក្រោលគោមណ្ឌលសុខភាពសង្ឃ័រ និងមណ្ឌលសុខភាពចំលង។ នៅស្រុកប្រតិបត្តិស្វាយទាបមាន៣គឺមណ្ឌលសុខភាពស្វាយរំពា មណ្ឌលសុខភាពថ្នាធ្នង់ និងមណ្ឌលសុខភាពពពែត។ នៅស្រុកប្រតិបត្តិរមាសហែកមា៣ គឺ.មណ្ឌលសុខដូង មណ្ឌលសុខភាពក្រសាំង និងមណ្ឌលសុខភាពចន្ត្រី។ នៅស្រុកប្រតិបត្តិជីភូមាន១ គឺមណ្ឌលសុខភាពព្រៃគគីរ៕
អង្គការ AFH ជួយសង់ទីជម្រាលសម្រាប់ជនពិការនៅតាមមណ្ឌលសុខភាពនៅខេត្តស្វាយរៀង
0 Comments