Ad Code

ហៃ​ឡែ​ន​ឌ័​រ បុក​អ្នក​ជិះ​ម៉ូតូ ស្លាប់​ម្នាក់ ​របួសស្រាល​ម្នាក់​

ប៉ៃលិន ៖ បុរស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង ឯ​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​គេច​ពី​សត្វ​ឆ្កែ ក៏​ត្រូវ​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​មកពី​មុខ​បុក​ពេញទំហឹង ក្នុងស្ថានភាព​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​តែម្ដង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ខឹម ស៊ី​នេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ អត់​ស្លាក​លេខ ខូច​ខាត​ធ្ងន់ ឯ​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ចាន់ សារឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ រស់​នៅ​ភូមិ​ឃុំ​ជាមួយគ្នា រង​របួស​ស្រាល។ ចំណែក​ម្ចាស់​រថយន្ត​មានឈ្មោះ លីន ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​រត់គេច​ខ្លួន។ រថយន្ត​បង្ក​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-8211។​


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ អត់​ស្លាក​លេខ បើកបរ​ពី​កើតមក​លិច លុះដល់​កន្លែងកើតហេតុ​ ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AA-8211 ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា បោះពួយ​យ៉ាង​លឿន​មកពី​មុខ ហើយ​បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នឹង​កន្លែង និង​ម្នាក់ទៀត​រង​របួស​ស្រាល រីឯ​ម៉ូតូ​ដាច់​ជា​ពីរ។


បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត​ខេត្ត​កំពង់ចាម រីឯ​ជនរងគ្រោះ​ដែល​រង​របួស​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ចំណែក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្ក​ យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​សមត្ថកិច្ច​កំពុង​សហការ​គ្នា​តាម​រក​ម្ចាស់​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវ​ច្បាប់៕
Pisey-2015-12-25-full-B94


Pisey-2015-12-25-full-B97


Pisey-2015-12-25-full-B98




ហៃ​ឡែ​ន​ឌ័​រ បុក​អ្នក​ជិះ​ម៉ូតូ ស្លាប់​ម្នាក់ ​របួសស្រាល​ម្នាក់​

Post a Comment

0 Comments

Close Menu