សេចក្ដីរាយការណ៍មួយបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងមានផែនការធ្វើប្រតិបត្តិការមួយ ដើម្បីប្រមូលផ្តុំ ហើយបណ្ដេញគ្រួសារចំណាកស្រុកដែលរត់ភៀសខ្លួនចេញពីគ្រោះរាំងស្ងួត និងអំពើហិង្សានៅអាមេរិកកណ្ដាល។
លំហូរនៃគ្រួសារ និងកុមារពុំមានសាច់ញាតិ ដែលបានឆ្លងកាត់ចូលចូលក្នុងសហរដ្ឋអាមេរិកមកពីប្រទេសម៉ិកស៊ីកូបានធ្លាក់ចុះក្នុងឆ្នាំ២០១៥ ប៉ុន្តែចំនួននេះបានកើនឡើងជាថ្មីម្តងទៀតនៅខែតុលា និងខែវិច្ឆិកា។
ប្រទេសអាមេរិកឡាទីនជាច្រើនកំពុងជាប់ក្នុងអំពើហិង្សាគ្មានរបៀបរៀបរយ និងរបបអាកាសធាតុ El Nino ដែលបណ្ដាលឲ្យបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់នេះធ្លាក់ចូលទៅក្នុងគ្រោះរាំងស្ងួត។
ក្រសួងសន្តិសុខមាតុភូមិមិនបានជំទាស់ចំពោះរបាយការណ៍នៅក្នុងសារព័ត៌មាន Washington Post និងកាសែត Wall Street Journal នេះទេដែលថា ការបង្ក្រាបមួយគឺជាក់ច្បាស់។
យោងតាមរបាយការណ៍បានឲ្យដឹងថា រាប់រយគ្រួសារកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ដែលការស្នើសុំសិទ្ធិជ្រកកោនត្រូវបានបដិសេធនោះនឹងត្រូវបានគេប្រមូលផ្តុំ ហើយបញ្ជូនទៅស្រុកវិញ។
អ្នកនាំពាក្យនាយកដ្ឋានគយនិងអន្តោប្រវេសន៍របស់ក្រសួងសន្តិសុខមាតុភូមិ Gillian Christensen បានប្រាប់ AFP ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Jeh Johnson បានបញ្ជាក់ថា ព្រំដែនរបស់យើងគឺមិនត្រូវបានបើកចំពោះជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ។
ប្រតិបត្តិការបែបនេះអាចនឹងក្លាយជារឿងចម្រូងចម្រាស។
ក្រុមសកម្មជនសិទ្ធិជនភៀសខ្លួនបានអះអាងថា ក្រុមគ្រួសារកំពុងភៀសខ្លួនចេញពីអំពើពុករលួយ អំពើហិង្សា និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសកំណើតរបស់ពួកគេគួរតែត្រូវបានចាត់ទុកថា ជាជនភៀសខ្លួន។
នៅប្រទេស អែល សាល់វ៉ាឌ័រ គឺមានរលកនៃអំពើហិង្សាក្នុងឆ្នាំនេះ។ ចន្លោះពីខែមករាដល់ខែវិច្ឆិកាមានករណីឃាតកម្មចំនួន ៦០៦៥ ករណី។ នេះបើយោងតាមវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ។
នៅប្រទេស ហុងឌុយរ៉ាស់ មានការបង្ក្រាបរបស់ប៉ូលិសប៉ុន្តែអត្រាមនុស្សឃាតនៅតែត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់បំផុតមួយនៅលើពិភពលោកនៅឆ្នាំនេះដោយមាន៦២នាក់ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់។
ហើយនៅក្នុងប្រទេស ហ្គាតេម៉ាឡា មានករណីមនុស្សឃាតចំនួន ៥.៩២៤ ករណីនៅក្នុងឆ្នាំ ២០១៤ខណៈដែល៧០ភាគរយក្នុងករណីទាំងនោះគឺបណ្ដាលមកពីការស្លាប់ដោយកាំភ្លើង។
ដោយឡែកកាលពីខែមុន ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិបានព្រមានថា បាតុភូត El Nino ដែលបង្កឡើងដោយការឡើងកម្ដៅផ្ទៃទឹកសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកគឺមានភាពអាក្រក់បំផុតក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ៕
AFP
សហរដ្ឋអាមេរិកត្រៀមបណ្ដេញជនអន្តោប្រវេសន៍ក្នុងឆ្នាំថ្មី
0 Comments